អាហ្រ្វិក​ខាងត្បូង​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្លុក BRICS នៅក្នុង​ខែ​សីហា​ខាងមុខនេះ បាន​អះអាង​ពី​ការអញ្ជើញ​ប្រធានាធិបតី​​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ​ទៅ​ចូលរួម​ប្រជុំ​ផ្ទាល់ ខណៈ​លោក ពូ​ទីន​ ប្រឈម​ការចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (International Creminal Court-ICC) ដែល​អ្រា​ហ្វិ​ក​ខាងត្បូង​ជា​សមាជិក​ហត្ថលេខី​នៃ​ស្ថាប័ន​យុត្តិធម៌​នេះ​នឹងមាន​កាតព្វកិច្ច​ត្រូវ​ចូលរួម​អនុវត្ត​។

​ប្រធានាធិបតី​អ្រា​ហ្វិ​ក​ខាងត្បូង លោក Cyril Ramaphosa បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពីថ្ងៃ​អាទិត្យ​ថា កិច្ចប្រជុំ​កំពូល BRICS នៅ​ខែសីហា ដែល​ប្រធានាធិបតី​រុស្ស៊ី​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​នោះ នឹងត្រូវ​ធ្វើឡើង​ដោយផ្ទាល់ បើទោះបី​ជាមាន​ដីកាចាប់ខ្លួន​មេដឹកនាំ​រុស្ស៊ី​ក៏ដោយ​។​

​រុស្ស៊ី​ទាត់ចោល​មិន​ទទួល​ស្គាល់​ដីកាចាប់ខ្លួន​លោកពូ​ទីន​ដែល​ត្រូវ​បានចេញ​កាលពី​ពាក់​​កណ្តាល​ខែមីនា ឆ្នាំ​​ ២០២៣ ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ដោយ​ចោទប្រកាន់​លោកពូ​ទីន​ពី​ការចាប់​ជំរិត​កុមារ​ដោយ​បង្ខំ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ជាទី​ដែល​លោក​បញ្ជា​ឱ្យមាន​ប្រតិបត្តិការ​សង្គ្រាម យកទៅ​ចិញ្ចឹម​នៅក្នុង​ប្រទេស​រុស្ស៊ី​។


​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Guardian មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស ប្រទេស​រុស្ស៊ី​ក៏​ជា​ប្រទេស​ហត្ថលេខី​លើ​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះដែរ ប៉ុន្តែ​បានប្រកាស​ដកខ្លួន​ចេញពី​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ​នេះ​កាលពី​ឆ្នាំ​ ២០១៦​។

​អ្រា​ហ្វិ​ក​ខាងត្បូង​គឺជា​ប្រធាន​បច្ចុប្បន្ន​នៃ​ BRICS ដែលជា​ក្រុម​នៃ​ប្រទេស​មាន​សម្ទុះ​អភិវឌ្ឍន៍​ខ្លាំង រួមមាន​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា និង​ចិន ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាច្រើន​ពី​តំបន់​មជ្ឈិម​​បូព៌ា​ស្នើ​ចូល​ជា​សមាជិក ដើម្បី​ប្រកួតប្រជែង​ជាមួយ​រចនាសម្ព័ន្ធ​អភិបាលកិច្ច​សកល​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។​


​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង លោក Ramaphosa បាន​ប្រាប់​អ្នកកាសែត​អ្រា​ហ្វិ​ក​ខាងត្បូង​នៅ​ខាងក្រៅ​សន្និសីទ​មួយ​ដោយ​សភាជាតិអាហ្រ្វិក​ដែល​កំពុង​កាន់អំណាច ដោយ​លោក​បញ្ជាក់ថា​៖ «​កិច្ច​ប្រជុំ​កំពូល BRICS កំពុង​បោះ​ជំហាន​ទៅមុខ ហើយ​យើង​កំពុង​បញ្ចប់​ការពិភាក្សា​របស់​យើង​លើ​ទម្រង់​»​។​

​លោក Ramaphosa មិនបាន​និយាយថា​តើ​លោកពូ​ទីន​ដែល​ត្រូវបាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC)​ ចាប់ខ្លួន​ជុំវិញ​ការចោទប្រកាន់ថា ​រុស្ស៊ី​បាន​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​នឹងចូលរួម​ ឬក៏​អត់​។​

​ប្រធានាធិបតី​រុស្ស៊ី​ដែល​ប្រឈម​នឹង​ដីកាចាប់ខ្លួន​ដែល​អ្នកវិភាគ​ភាគច្រើន​មើលឃើញថា​គ្មាន​ឥទ្ធិពល​លើ​ការដឹកនាំ​របស់​លោក ពូ​ទីន​ នោះ ហាក់​មិនបាន​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​ឡើយ ហើយ​កិច្ចប្រជុំ​កំពូល​ភាគច្រើន​ធ្វើឡើង​តែ​តាម​អន​ឡាញ​ប៉ុណ្ណោះ ជាក់​ស្តែង​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ​ដែល​ឥណ្ឌា​ធ្វើជា​ម្ចាស់ផ្ទះ​ដែល​ទើប​បញ្ចប់ទៅ​កាលពី​សប្តាហ៍​មុននេះ​។

​លោក Ramaphosa បាន​និយាយថា កិច្ចប្រជុំ​កំពូល​ BRICS ត្រូវធ្វើឡើង​ដោយផ្ទាល់​ក្នុងឆ្នាំនេះ ព្រោះ​វា​បាន​ខកខាន​ប្រជុំ​ផ្ទាល់​អស់​រយៈពេល ​៣ ឆ្នាំកន្លងមក​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​យើង​មិន​បានធ្វើ​កិច្ចប្រជុំ​កំពូល​មួយ​អស់​រយៈពេល​ជិត​ ៣ ​ឆ្នាំ​មកហើយ​។ វា​នឹង​មិនមែនជា​ការប្រជុំ​ពី​ចម្ងាយ​ទេ​»​។

​មានការ​រំពឹងទុក​ថា កិច្ចប្រជុំ​នេះ​អាច​នឹង​ផ្លាស់ប្តូរ​កិច្ចចរចា​ទៅកាន់​ប្រទេស​ចិន ដែល​មិន​​មែន​ជា​ប្រទេស​ហត្ថលេខី​នៃ​ការបង្កើត​តុលាការ ICC ដើម្បី​ចៀសវាង​ការ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ជំហរ​នៃ​ការចាប់ខ្លួន​លោក ពូ​ទីន​៕