ដូច​អ្វី​ដែល​​មេដឹកនាំ​​​លីទុយអានី លោក Gitanas Nauseda​ ដែល​ជាម្ចាស់​ផ្ទះ​រៀបចំកិច្ច​ប្រជុំ​​​​​កំពូល​ណាតូ​ ដែលអំពាវនាវ​​ឱ្យ​សមាជិក​ណា​តូ​ទាំង​ ៣១ ​​ប្រទេស​បង្ហាញ​​ការគាំទ្រ​តាមរយៈ​វោហារស័ព្ទ​ ​​ដល់​ប្រទេស​អ៊ុយក្រែន​​ ដើម្បី​​​ក្លាយ​ជា​សមាជិក​​របស់​អង្គការ​ណា​តូ​​ក្នុង​ពេលណាមួយ​​​​ពេលដែលចប់សង្គ្រាម អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយថា អ៊ុយ​ក្រែ​ន​​នឹង​ទទួលបាន «សារ​វិជ្ជមាន​មួយ​នៅលើ​ផ្លូវ​ទៅកាន់​សមាជិកភាព» នៅ​ថ្ងៃ​អង្គារ​នេះ។

​មេដឹកនាំ​​​នៃ​ប្រទេស​ជាសមាជិក​​របស់​អង្គការ​ប្រដាប់​អាវុធ​ណាតូ ​កំពុង​​ជួប​ប្រជុំ​​​ពីថ្ងៃអង្គារ​និង​ថ្ងៃពុធ​ក្នុង​ប្រទេសលីទុយអានី​ដែល​ជាអតីត​​រដ្ឋ​ក្នុងសហភាពសូវៀត ដោយ​របៀបវារៈ​សំខាន់​ត្រូវ​បាន​គេ​រំពឹង​ថា ​ផ្តោត​លើ​បញ្ហា​​​សន្តិសុខ​​តំបន់ សង្គ្រាម​នៅអ៊ុយក្រែន ​និង​ការ​កៀគរ​​ជំនួយ​បន្ថែម​សម្រាប់​ប្រទេសអ៊ុយក្រែន​ដែល​កំពុង​​ប្រយុទ្ធ​​​​ជាមួយ​មហាអំណាច​រុស្ស៊ី។

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​រាយការថា ​ភាព​មិន​ចុះ​សម្រុង​គ្នា​​ក្នុងចំណោម​សមាជិក​​ទាំង​៣១​ប្រទេស​​របស់​ណា​តូ​មានន័យថា​នឹងមិន​មានការ​អញ្ជើញ​​ដោយត្រង់ៗសម្រាប់​​ប្រទេស​អ៊ុយ​ក្រែ​ន​ឱ្យ​ចូលរួម​កិច្ច​ប្រជុំ​​កំពូល​នេះ ដែលប្រធានាធិបតី​អ៊ុយក្រែន​ វ៉ុលឌីមៀរ​ ហ្សេលេស្គី​ ចង់​​ចូល​រួម​​​នោះទេ។


ប៉ុន្តែ​លោក Stoltenberg បាន​និយាយថា ក្រុង​កៀវ​នឹង​ទទួលបាន​ជំនួយ​ផ្នែក​យោធា​បន្ថែម​ទៀត​ និង​​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ផ្លូវការ ក៏ដូចជា​ទម្រង់​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធភាព ដែល​ហៅថា​«ក្រុមប្រឹក្សា​ណា​តូ-អ៊ុយ​ក្រែ​ន»។

លោក Stoltenberg បាន​និយាយ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​លី​ទុយ​អា​នីថា៖​«ខ្ញុំ​មាន​ទំនុកចិត្ត​ថា​វា​នឹង​ក្លាយជា​សារ​វិជ្ជមាន និង​រឹងមាំ​លើ​អ៊ុយ​ក្រែ​ន និង​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​​សម្រាប់​​សមាជិកភាព»។


ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក លោក Jake Sullivan ក៏បាន​និយាយ​ផងដែរ​ថា ការប្រមូលផ្តុំ​នេះ​នឹង​បញ្ជូន «សញ្ញា​វិជ្ជមាន» អំពី​ការស្នើ​ចូល​ជា​សមាជិកភាព​របស់​ទីក្រុង​កៀវ។

​នៅ​មុន​កិច្ច​ប្រជុំ​នេះ ប្រធានាធិបតី លីទុយអានី​ដែល​ជាម្ចាស់​ផ្ទះរៀបចុះ​កិច្ច​ប្រជុំ​ក៏​ស្នើ​ឱ្យ​មេដឹកនាំ​​នៃ​ប្រទេសជាសមាជិក​ណា​តូ​បង្ហាញ​កា​រគាំទ្រ​ដល់​អ៊ុយក្រែន​ តាមរយៈ​កា​រ​បញ្ចេញ ពាក្យ​សម្តី​​គាំទ្រ​ខ្លាំងៗ​ដែល​នឹងបើក​ផ្លូវ​ឱ្យ​អ៊ុយក្រែន​ចូល​ជាសមាជិក​ណាតូ ពេលណា​សង្គ្រាម​ចប់​៕