ទីបំផុត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ស៊ុយអែត​ក្នុងការ​នាំយក​ប្រទេស​ដែល​ប្រកាន់​ជំហរ​អព្យាក្រឹត​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ចូលទៅក្នុង​អង្គការ​ប្រដាប់អាវុធ​ណា​តូ ក្រោយ​ការបើក​ភ្លើង​បៃតង​របស់​ប្រមុខ​ដឹកនាំ​តួ​ក​គី​ដែល​ជំទាស់​បេក្ខភាព​ស៊ុយអែត​ចាប់តាំងពី​ការដាក់​ពាក្យ​ដំបូង​ក្នុង​ឆ្នាំ​​​ ២០២២​។​

​នៅ​ជំនួប​កាលពី​ថ្ងៃ​ចន្ទ​ មុន​កិច្ចប្រជុំ​កំពូល​ណា​តូ​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី តួ​ក​គី​លោក Recep Tayyip Erdogan បាន​បញ្ជូន​សញ្ញា​ទៅ​រដ្ឋសភា​ដើម្បី​ផ្តល់​សច្ចាប័ន​ទៅលើ​ការស្នើសុំ​របស់​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ អ្នកសារព័ត៌មាន​លោកខាងលិច​មើលឃើញថា វា​ហាក់ដូចជា​បានបញ្ចប់​រឿង​ដែល​កើតឡើង​ជាច្រើន​ខែ​ជុំវិញ​បញ្ហា​ដែល​បានធ្វើឱ្យ​ប្លុក​នេះ​កាន់តែ​តានតឹង ខណៈដែល​សង្គ្រាម​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ក្រោយ​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson និង​លោក Recep Tayyip Erdogan ប្រធានាធិបតី​តួ​ក​គី នៅមុន​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​ណា​តូ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​ប្រាប់​សារព័ត៌មាន​មួយ​ថាជំនួប​របស់​មេដឹកនាំ​ទាំង​ ២ ​គឺជា​ជំហាន «​ប្រវត្តិសាស្ត្រ​»​។​


​លោក Jens និយាយថា​៖ «​ខ្ញុំ​រីករាយ​ក្នុងការ​ប្រកាស​...​ថា​ប្រធានាធិបតី Erdogan បាន​យល់ព្រម​បញ្ជូន​ពិធីសារ​ចូល​ជា​សមាជិក​ស៊ុយអែត​ទៅកាន់​សភាជាតិ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សភា​ដើម្បី​ធានាបាន​នូវ​ការ​ផ្តល់​សច្ចាប័ន​»​។​

​អគ្គលេខាធិការ​ណា​តូ​រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​កោះប្រជុំ​ទ្វេភាគី​រវាង​មេដឹកនាំ​ស៊ុយអែត និង​តួ​ក​គី​ ដោយ​ការ​ពិភាក្សា​ប្រើពេល​ច្រើន​ម៉ោង​ហើយ​នៅ​ទីបំផុត ភាព​ជាប់​គាំង​របស់​ប្រទេស​ទាំង​ ២ ​ត្រូវបាន​បំបែក​។


​ប្រទេស​ហ្វាំ​ង​ឡង់​ ដែលជា​ប្រទេសជិតខាង​ស៊ុយអែត​ដែរ​មាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី​ដ៏​វែង និង​បាន​ដាក់សំណើ​ចូល​អង្គការ​ណា​តូ​ដំណាលគ្នា​នឹង​ប្រទេស​ស៊ុយអែត បានទទួល​ការយល់ព្រម​ចូល​ជា​សមាជិក​ទី៣១​ របស់​អង្គការ​នេះ​កាលពី​ថ្ងៃទី​ ៤ ខែមេសា ឆ្នាំ​ ២០២៣ ដោយ​តួ​ក​គី និង​ហុង​គ្រី​ទុកឱ្យ​ស៊ុយ​អែ​ត​នៅ​តែលតោល​តែឯង​។

​តួ​ក​គី​បាន​ចោទប្រកាន់​ប្រទេស​ស៊ុយអែត​ថា មិនបាន​ធ្វើ​គ្រប់​គ្រាន់​ប្រឆាំងនឹង​ប្រជាជន​ដែល​តួ​ក​គី​មើលឃើញថា ជា​ភេរ​វករ ដែល​ភាគច្រើន​ជា​សមាជិក​នៃ​គណបក្ស​ពលករ​ឃើ​ដ (PKK) ដែល​ត្រូវបាន​ចាត់ទុកថា​ជា​អង្គការ​ភេរវកម្ម​ដោយ​តួ​ក​គី សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​។​

​រ៉​យ​ទ័​រ​រាយការណ៍​ថា លោក Erdogan និង​លោក Kristersson ហាក់​មាន​ភាព​ធូរស្រាល​មុន​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ថ្ងៃទី​ ១១-១២ ខែកក្កដា​នេះ​៕