ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBM) កងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូង​បាន​និយាយថា សហរដ្ឋ​អាមេរិក កូរ៉េ​ខាងត្បូង និង​ជប៉ុន​បានធ្វើ​សមយុទ្ធ​ការពារ​កាំជ្រួច​នាវាចរ​រួមគ្នា​កាលពី​ថ្ងៃអាទិត្យ ​ដើម្បី​ទប់ទល់​នឹង​​​ការ​គំរាម​កំហែង​​​​​​​នៃ​​នុយក្លេអ៊ែរ ​និង​កាំជ្រួច​​ដែល​​​​វិវត្តិ​​​កាន់តែខ្លាំង​​ឡើង​​របស់​កូរ៉េខាង​ជើង។ ​នេះ​បើ​​យោង​តាមរ៉យទ័រ​​។

ដើម្បីកំញើញ​​កូរ៉េខាងត្បូងនិង​ជប៉ុន​ដែល​ទៅចូលរួម​ប្រជុំ​កំពូល​​​អង្គការណាតូ​​ក្នុងប្រទេស​លីទុយអានី កាលថ្ងៃទី​១១-១២​កក្កដា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​លដែល​មានឈ្មោះថា Hwasong-18 ចុងក្រោយ​បំផុត​របស់ខ្លួន ដែល​ទីក្រុង​ព្យុងយ៉ាង​ពិពណ៌នា​ថា​ជា​ស្នូល​នៃ​កម្លាំង​វាយប្រហារ​នុយក្លេអ៊ែរ​របស់ខ្លួន នៅឯ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​កាលពី​ថ្ងៃ​ពុធ ក្នុង​អ្វីដែល​ខ្លួន​បាន​និយាយថា ជាការ​ព្រមាន​ជាក់ស្តែង​ខ្លាំង​ចំពោះ​សត្រូវ។

កងទ័ពជើងទឹក​បាន​និយាយថា សមយុទ្ធ​ត្រីភាគី​នៅ​ថ្ងៃអាទិត្យ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ដែនទឹក​អន្តរជាតិ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ដោយ​នាំយក​នាវា​ពិឃាត​បំពាក់​ដោយ​ប្រព័ន្ធ​រ៉ា​ដា Aegis មកពី​ប្រទេស​ទាំងបី។


ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​អាស៊ី​របស់ខ្លួន បាននិងកំពុង​ធ្វើការ​កែលម្អ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​របស់​ពួកគេ ស្តីពី​មី​ស៊ី​ល​របស់​កូរ៉េខាងជើង។ កូរ៉េខាងត្បូង និង​ជប៉ុន​មាន​ទំនាក់ទំនង​ដោយ​ឯករាជ្យ​ទៅនឹង​ប្រព័ន្ធ​រ៉ា​ដា​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​មិនមែនរវាង​ប្រទេស​គេ​ទាំងពីរ​នោះ​ទេ។

យោធា​បាន​និយាយថា សមយុទ្ធ​នេះ​មាន​គោលបំណង​​​គ្រប់​គ្រង​លើ​ការឆ្លើយតប​របស់​សម្ព័ន្ធ​មិត្ត​​ចំពោះ​ការបាញ់​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​ជាមួយនឹង​សេណា​រី​យ៉ូ​ដែល​បង្ហាញ​ពី​គោលដៅ​និម្មិត។


មន្ត្រី​កងទ័ពជើងទឹក​កូរ៉េខាងត្បូង​ម្នាក់​​បាន​និយាយថា៖​«យើង​​នឹង​​ឆ្លើយតប​​ប្រកបដោយ​ប្រសិទ្ធភាព​​ចំពោះ​ការគំរាមកំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ជាមួយនឹង​ប្រព័ន្ធ​ឆ្លើយតប​ដ៏​រឹងមាំ​របស់​យោធា​របស់​យើង និង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី»។

ការបាញ់​បង្ហោះមីស៊ីល ICBM របស់​កូរ៉េខាងជើង ត្រូវបាន​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ថ្កោលទោស បើទោះបីជា​ទីក្រុង​ព្យុងយ៉ាង​បាន​ច្រាន​ចោលការ​ថ្កោលទោស​នេះ ដោយ​និយាយថា វា​គឺជា​ការអនុវត្ត​សិទ្ធិ​ការពារ​ខ្លួន។

កូរ៉េខាងជើង​បាន​បង្ហាញ​ការ​តវ៉ា​​យ៉ាង​ក្តៅគគុក​​ក្នុង​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ ដោយ​ចោទប្រកាន់​យន្តហោះ​ចារកម្ម​អាមេរិក​ថា​បាន​ហោះហើរ​ពីលើ​ដែនទឹក​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន និង​ថ្កោលទោស​​​ការ​ចូល​ចត​​ទៅកាន់​កូរ៉េខាងត្បូង​នាពេលថ្មីៗនេះ ដោយ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក និង​បាន​ប្តេជ្ញា​ចាត់វិធានការ​ជា​ប្រតិកម្ម​​ឆ្លើយ​បត​​វិញ​​៕​