តាមការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ក្រសួងការពារជាតិ​រុស្ស៊ី​​ បាន​អះអាង​ថា​ កងកម្លាំង​របស់ខ្លួន​បាន​ទប់ស្គាត់​​អ៊ុយ​ក្រែ​ន​ពី​ការ​វាយ​ប្រហារ​​កំពង់ផែ​ នៃ​ទីក្រុង​ Sevastopol ​នៅ​​​សមុទ្រ​ខ្មៅ​ កាលពី​ថ្ងៃអាទិត្យ ដោយ​​កងកម្លាំង​របស់ខ្លួន​បាន​បំផ្លាញ​​​យន្តហោះ​គ្មានមនុស្ស​បើក​​​ចំនួន​ ៧ និង​​​ដ្រូន​​ក្នុង​ទឹក​ចំនួន ​២។

ក្រសួង​​បាន​និយាយ​នៅលើ Telegram ថា៖​«នៅ​ព្រឹក​​នេះ ការប៉ុនប៉ង​របស់រ​បប​​​ក្រុងកៀវ ដើម្បី​​​ប្រតិបត្តិការវាយប្រហារ​ភេរវកម្ម​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន៧​និង​យាន​ក្រោម​ទឹក​គ្មាន​មនុស្ស​បើក​ចំនួន២​ ដែលប៉ង​វាយប្រហារ​លើ​ទឹកដី​នៃ​ឧបទ្វីបគ្រីមា​ក្បែរ​ទីក្រុង Sevastopol ត្រូវបាន​រារាំង»​។

ក្រសួង​កា​រពារជាតិ​​រុស្ស៊ី​​​​បាន​​បន្ថែមថា មិនមាន​អ្នករងរបួស ឬ​ខូចខាត​ទេ។


វា​បាន​និយាយថា​ ដ្រូន​​​ពីរ​គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​នៅ​សមុទ្រ​ខ្មៅ​នៅ​ចម្ងាយ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​ ខណៈពេលដែល៥​ត្រូវ​បាន​​ស្ទាក់ចាប់​ដោយ​កងកម្លាំង​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ច​របស់​រុស្ស៊ី។

ក្រសួង​បាន​និយាយថា យាន​នៅក្រោម​ទឹក​គ្មាន​មនុស្ស​បើក​ចំនួន​ពីរ (UUV) ដែល​គេ​ស្គាល់​ថា​ជា​យន្តហោះ​គ្មាន​មនុស្ស​បើកក្រោម​ទឹក​​ ត្រូវបាន​រកឃើញ​នៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​ខ្មៅ ហើយ​ត្រូវបាន​បំផ្លាញ​ដោយ​​កាំភ្លើង​​។


មុននេះ លោក Mikhail Razvozhayev អភិបាលក្រុង Sevastopol ដែល​​​តែងតាំង​​​ដោយ​ទីក្រុង​ម៉ូ​ស្គូ បាន​​និយាយ​​នៅ​លើ​​កម្មវិធី​ផ្ញើ​សារ Telegram ថា ការវាយប្រហារ​បានកើត​ឡើង​លើ​​កំពង់ផែ Sevastopol និង​ស្រុក Balaklava និង Khersones របស់​ទីក្រុង។

ចាប់តាំងពីសង្គ្រាម​ផ្ទុះ​ឡើង​​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែនកាល​ពី​ខែ​កុម្ភៈឆ្នាំ​២០២២ មានការ​ចរចា​តែ​ពីរ​លើក​ប៉ុណ្ណោះ​កាល​ពី​សង្គ្រាម​ចាប់ផ្តើម ហើយ ក្រោយ​មក​លទ្ធភាព​នៃការ​ចរចា​បញ្ចប់សង្គ្រាម​បាន​​រលាយ​បាត់ ដោយសារ​ការ​ដាក់​លក្ខខ័ណ្ឌមុនរបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែន​បង្កើន​មហិច្ឆតារំំដោះ​តំបន់​ឧបទ្វីបគ្រីមា​ដែលរុស្ស៊ី​កាន់កាប់​តាំងពីឆ្នាំ​២០១៤មកវិញ៕