អាជ្ញាធរ​វៀត​ណាម​ បាន​ចាប់​ខ្លួន​បុរស​ ៣ ​នាក់បន្ថែម​ទៀត​​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​សាលាឃុំ​ចំនួន ​២ កន្លែង​​នៅ​ក្នុង​ខេត្ត​ Dak Lak កាល​ពី​ខែ​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnEpxress ដែល​ថា​ បុរស​ទាំង​ ៣ ​ត្រូវ​បាន​ចាប់​ខ្លួន​១០០​ គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​។ ​

បុរស​ទាំង​៣​អ្នក​ រួម​មាន​ឈ្មោះ​ Nay Yen អាយុ ៥៣​ ឆ្នាំឈ្មោះ Nay Tam អាយុ​ ៤៩​ ឆ្នាំ​ និង​ឈ្មោះ​​ Y Ju Nie ​អាយុ ​៥៥​ ឆ្នាំ​ និង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​​ខេត្ត​ Dak Lak កាល​ពី​ថ្ងៃ​សៅរ៍​ ចំពោះ​អំពើ​ភេរវកម្ម​ ដែល​ដាក់​គោលដៅ​លើ​អាជ្ញាធរ​។

គួរ​បញ្ជាក់​ថា​ ក្រុម​ប្រដាប់​អាវុធ​បាន​​​​វាយ​​ប្រហារ​លើ​​ការិយាល័យ​​គណៈកម្មាធិការ​​ប្រជាជន​​ចំនួន​​ ២​ ​ដែល​ជា​កន្លែង​ប៉ូលិស​ស្នាក់​នៅ​ ក្នុង​ឃុំ​ Ea Tieu និង​ឃុំ​ Ea Ktur ​​កាល​ពី​​ព្រឹ​ក​​​ថ្ងៃ​​ទី ​​១១ ​ខែ​មិថុនា ​ដែល​បណ្តាល​​ឱ្យ​​មនុស្ស​​៩​​នាក់​​ស្លាប់​ និង​​ជាច្រើន​​នាក់​ផ្សេង​​​ទៀត​​រង​​របួស​​។​​


​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​ជាង​ ៩០​ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​សម្រាប់​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ រួម​ទាំង​អំពើ​ភេរវកម្ម​ផង​ដែរ​។​

បើ​តាម​ការ​ចុះ​ផ្សាយរបស់​​ VnEpxress ដែល​ស្រង់​សម្ដី​ប្រភព​ផ្លូវ​ការ​មិន​បញ្ចេញ​ឈ្មោះ​ ​​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មាន​ទាំង​សមាជិក​នៃ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ទទួល​ការ​ណែនាំ​ឱ្យ​ចូល​​ទៅ​​​វៀតណាម​ហើយ​ធ្វើ​ការ​វាយ​ប្រហារ​។​


ក្រោយ​ការ​វាយ​ប្រហារ​នៅ​ខែ​មិថុនា​ អាជ្ញាធរ​វៀតណាម​បាន​រឹបអាវុធ​ដែល​ជា​​អូស​វត្ថុ​តាំង​ជាច្រើន​ រួម​មាន​​​កាំភ្លើង​២៣​ដើម​ គ្រាប់​បែក​ដៃ​២​គ្រាប់​ គ្រាប់​កាំភ្លើង​ ១២០០​គ្រាប់ ​អាវុធ​បំផ្ទុះ​១៥​ដើម​ កាំបិត​៣០​ដើម​ និង​សម្ភារ​ផ្ទុះ​ ១,២​ គីឡូក្រាម​។ ​នា​ពេល​នេះ​ ​អាជ្ញាធរ​វៀតណាម​​កំពុង​​ស្វែង​​រក​​ជន​​រត់​​គេច​​ខ្លួន​​៣​​នាក់​ផ្សេង​ទៀត​ ​ដែល​​បាន​​​​ពាក់​ព័ន្ធ​​នឹង​​ការ​​វាយ​​ប្រហារ​៕