ប្រទេស​រុស្ស៊ី​​ នៅថ្ងៃ​ចន្ទ​នេះ​ បាន​ផ្អាក​ចរាចរណ៍​​តាម​ផ្លូវគោក និង​ផ្លូវដែក​​​ឆ្លងកាត់​ស្ពាន​សំខាន់​មួយ​ទៅកាន់​តំបន់​​គ្រី​មា​​​ បន្ទាប់ពី​មានការ​ផ្ទុះ​ដែល​បានសម្លាប់​មនុស្ស​ពីរ​នាក់ ហើយ​មន្ត្រី​បាន​ស្តីបន្ទោស​លើ​​អ៊ុយ​ក្រែ​ន។

ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា ​ប្រជាជន​​​នៅ​ក្នុង​តំបន់​បានឮ​សំឡេង​ផ្ទុះខ្លាំងៗចំនួន​ពីរ​​លើក​​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ដែល​បានធ្វើឱ្យ​ខូចខាត​ផ្នែក​មួយ​នៃ​ផ្លូវថ្នល់​នៅលើ​ស្ពាន​​ដ៏​ធំ​​​ឆ្លងកាត់​ច្រក​​សមុទ្រ Kerch ដែល​ត​ភ្ជាប់​ពី​ប្រទេស​រុស្ស៊ី​ទៅ​គ្រី​មា​​។

​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosti ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​ថា​ប្រធានសភា​គ្រី​មា​ដែល​​​​តែងតាំង​​ដោយ​រុស្ស៊ី​លោក Vladimir Konstantinov បាន​និយាយថា​អ៊ុយ​ក្រែ​ន «វាយប្រហារ» មធ្យោបាយ​តភ្ជាប់​​នេះ។


ការ​បំផ្ទុះ​នៅលើ​ស្ពាន​​ដែល​ជា​សមិទ្ធផល​សំខាន់​បំផុត​​​របស់លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​​លោក​ហៅថា​ជា «បេសកកម្ម​ប្រវត្តិសាស្ត្រ» សម្រាប់​រុស្ស៊ី មុនពេល​វា​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៨ រយៈពេល៤ឆ្នាំ​បន្ទាប់​ពី​រុស្ស៊ី​កាន់​កាប់​គ្រីមា​ក្នុងឆ្នាំ​២០១៤ បានកើត​ឡើង ខណៈ​ដែល​ពេលវេលា​កាន់តែ​សល់តិចទៅៗ​​លើ​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតឱ្យ​នាំចេញ​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ពី​អ៊ុយ​ក្រែ​ន។

រុស្ស៊ី​បានបង្ហាញ​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​អាច​នឹង​ដកខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ពី​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​តួ​ក​គី។


​កាល​ពីសប្តាហ៍​មុន​នេះ ​​រុស្ស៊ី​ក៏បាន​អះអាងថា ​ខ្លួនបានបាញ់​ទម្លាក់​​​ដ្រូន​៩​គ្រឿង ដោយ​៧គ្រឿង​ជា​ដ្រូន​នៅលើ​អាកាស និង​២គ្រឿង​បញ្ជា​នៅក្នុងទឹក​ដែលប៉ង​វាយ​ប្រហារ​​​​កំពង់​ផែ​នៅតំបន់​គ្រីមា​នោះ៕