ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីមានគ្រាប់បែកចង្កោមក្នុងស្តុកគ្រប់គ្រាន់ ហើយនឹងប្ដូរសិទ្ធិឱ្យយោធារបស់ខ្លួនអាចប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែនបាន ប្រសិនបើអ៊ុយក្រែនប្រើអាវុធប្រភេទនេះដើម្បីកម្ចាត់ទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការគំរាមរបស់ប្រមុខរដ្ឋរុស្ស៊ីក្នុងពេលនេះដែលសម្រេចលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២ បន្ទាប់ពីសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសព្វាវុធបន្ថែមទៀតដែលសរុបទឹកប្រាក់ជាង ៨០០ លានដុល្លារ ដល់ប្រទេសអ៊ុយក្រែនដោយរួមបញ្ចូលគ្រាប់បែកចង្កោម ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ខណៈពេលដែលកងកម្លាំងរបស់អ៊ុយក្រែនកំពុងបង្កើនការវាយបកយ៉ាងខ្លាំងនៅភាគខាងត្បូង និងខាងកើត។
រុស្ស៊ីត្រូវបានគេរាយការណ៍ថា កាលពីពេលកន្លងមកថា បានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងប្រតិបត្តិការឈ្លានពានអ៊ុយក្រែនរួចទៅហើយ ប៉ុន្តែប្រធានាធិបតីចេញមុខប្រកាសជាសាធារណៈ លើកនេះ គឺក្រោយសម្ព័ន្ធមិត្តលោកខាងលិចក្នុងពេលប្រជុំមេដឹកនាំប្រទេសសមាជិកអង្គការណាតូ បានបង្កើនជំនួយយោធាដល់អ៊ុយក្រែន។
លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «ខ្ញុំចង់ប្រាប់ថា សហព័ន្ធរុស្ស៊ីមានសន្និធិគ្រាប់បែកចង្កោមប្រភេទផ្សេងៗគ្នា គ្រប់គ្រាន់។ យើងមិនទាន់បានប្រើវានៅឡើយទេ ប៉ុន្តែជាការពិតណាស់ ប្រសិនបើគ្រាប់បែកប្រភេទនេះ ត្រូវបានប្រើដើម្បីប្រឆាំងនឹងយើង នោះយើងនឹងឆ្លើយតបសកម្មភាពដូចគ្នាទៅវិញ»។
មេដឹកនាំរុស្ស៊ីដដែលបានបន្តថា លោកចាត់ទុកការប្រើប្រាស់គ្រាប់បែកចង្កោមថា ជាឧក្រិដ្ឋកម្ម ហើយរហូតមកដល់ពេលនេះ រុស្ស៊ីមិនចាំបាច់ប្រើប្រាស់វាដោយខ្លួនឯងទេ ទោះបីជាធ្លាប់ទទួលរងនូវបញ្ហាខ្វះគ្រាប់ក៏ដោយ។
គ្រាប់បែកចង្កោមត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ដោយសារតែវាមានគ្រោះថ្នាក់ខ្ពស់លើជនស៊ីវិល នៅពេលវាបញ្ចេញគ្រាប់តូចៗពេលទម្លាក់ដល់ផ្ទៃផែនដី។ គ្រាប់ខ្លះមិនផ្ទុះ អាចបង្កគ្រោះថ្នាក់ជាច្រើនទសវត្សរ៍ ជាពិសេសចំពោះកុមារ។
កន្លងមក អ៊ុយក្រែនព្រមានប្រើគ្រាប់បែកចង្កោមដើម្បីរំសាយការប្រមូលផ្តុំទាហានសត្រូវពេលព្យាយាមដណ្តើមយកទឹកដីខ្លួនវិញ ប៉ុន្តែនឹងមិនប្រើវានៅលើទឹកដីរុស្ស៊ីឡើយ។
ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងថា ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះដែលអូសបន្លាយអស់រយៈពេលជាង ៥០០ ថ្ងៃទៅហើយនោះ៕