ក្រុមហេកឃឺ (Hacker) ដែលមានជាប់ពាក់ព័ន្ធជាមួយទីក្រុងប៉េកាំង បានលួចចូលទៅក្នុងគណនីអ៊ីមែលរបស់លោក នីកូឡាស បឺន (Nicholas Burns) ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន ដែលការលួចចូលនេះ ត្រូវបានគេជឿថា ក្រុមហេកឃឺបានប្រមូលយកសារអ៊ីមែលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់រយរាប់ពាន់សារ។ នេះបើយោងតាមការរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃទី២០ ខែកក្កដា ម្សិលមិញ។
គួររំឭកថា លោក ដានីញ៉ែល គ្រីស្ថិនប្រ៊ីង (Daniel Kritenbrink) ដែលជាជំនួយការរដ្ឋលេខាធិការប្រចាំតំបន់អាស៊ីបូព៌ា ក៏ត្រូវបានគេលួចចូលគណនីអ៊ីមែលរបស់លោក ដើម្បីធ្វើប្រតិបត្តិការចារកម្មរបស់ពួកគេ។ នេះបើយោងតាមក្រុមហ៊ុន Microsoft ដែលបានរកឃើញកាលពីដើមខែនេះ។
នៅពេលដែលមានការសាកសួរអំពីការបំពានលើគណនីរបស់អ្នកការទូតទាំងពីររូបខាងលើ ក្រសួងការបរទេសអាមេរិកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយបាននិយាយថា ខ្លួនកំពុងបន្តបើកការស៊ើបអង្កេតលើប្រតិបត្តិការចារកម្មនេះ។
រហូតមកទល់ពេលនេះ លោក បឺន និងលោក គ្រីស្ថិនប្រ៊ីង រួមជាមួយនឹងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ាយម៉ូនដូ (Gina Raimondo) បានក្លាយជាជនរងគ្រោះដែលត្រូវបានប្រកាសឱ្យដឹងជាសាធារណៈថា ពួកគេត្រូវបានក្រុមហេកឃឺលួចចូលធ្វើចារកម្មទៅលើទន្និន័យមួយចំនួន។ ហេតុកាណ៍នេះ បានជំរុញឱ្យមន្ត្រីការទូតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន ចេញសារព្រមានទៅកាន់សមភាគីចិន។
យ៉ាងណាក៏ដោយ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែកាលពីមុន ក្រសួងការបរទេសចិនធ្លាប់បានហៅការចោទប្រកាន់បែបនេះ ថាជាព័ត៌មានមិនពិត។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Microsoft បានរាយការណ៍ថាពួកហេកឃឺចិន បានប្រើប្រាស់សោឌីជីថលរបស់ខ្លួនក្នុងការទាញយកកំហុសឆ្គងកូដមួយចំនួន ដើម្បីលួចចូលអ៊ីមែលរបស់ភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក និងអតិថិជនរបស់ខ្លួនជាច្រើនផ្សេងទៀត។ យ៉ាងណាមិញ ក្រុមហ៊ុន Microsoft មិនបានឆ្លើយតបនឹងការសាកសួរទាក់ទងនឹងរបាយការណ៍របស់កាសែត Wall Street Journal នោះទេ។
ការបំពានដោយហេកឃឺនេះ បានធ្វើឱ្យក្រុមហ៊ុន Microsoft ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តស្ដីពីគោលការណ៍សុវត្ថិភាពរបស់ខ្លួន ស្ថិតនៅក្រោមការត្រួតពិនិត្យ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមមន្ត្រី និងសមាជិកសភាអាមេរិក កំពុងជំរុញឱ្យក្រុមហ៊ុនផ្តល់នូវសេវាសវនកម្មឌីជីថល ដល់អតិថិជនទាំងអស់ដោយឥតគិតថ្លៃផងដែរ។
ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងទទួលយកការរិះគន់ទាំងអស់ពីអតិថិជន។ កាលពីសប្តាហ៍មុន លោក អាដាម ហូច អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានលើកឡើងថា ការឈ្លានពានដោយចូលទៅក្នុងប្រព័ន្ធសុវត្ថិភាពពពក (Cloud Security) របស់ក្រុមហ៊ុន Microsoft បានប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗរបស់អាមេរិកដែលមិនបានចាត់ចែងច្បាស់លាស់ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
លោកបានបន្ថែមថា៖«ក្រុមមន្រ្តីជំនាញបានទាក់ទងក្រុមហ៊ុន Microsoft ភ្លាមៗ ដើម្បីស្វែងរកប្រភព និងភាពងាយរងគ្រោះនៃសេវាកម្មពពករបស់ពួកគេ»។ លោកបានរំលេចថា៖«ក្រសួងការបរទេសបានរកឃើញសកម្មភាពមិនប្រក្រតី និងបានចាត់វិធានការភ្លាមៗដើម្បីធានាសុវត្ថិភាពប្រព័ន្ធរបស់យើង»៕