ប្រទេសស្រីលង្កា ដែលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកាលពីឆ្នាំមុន កំពុងពិចារណាពីលទ្ធភាពប្រើប្រាស់រូបិយប័ណ្ណ «រូពី» របស់ឥណ្ឌា សម្រាប់ប្រតិបត្តិការនៅក្នុងស្រុក ដើម្បីទាក់ទាញទេសចរឥណ្ឌា និងបង្កើនទុនបម្រុងរបស់ខ្លួនឡើងវិញ។
លោក Ali Sabry រដ្ឋមន្ត្រីការបរទេសស្រីលង្កា កាលពីថ្ងៃទី២២ ខែកក្កដាបាននិយាយថាការផ្លាស់ប្តូរ ដែលអនុញ្ញាតឱ្យរូបិយប័ណ្ណរបស់ប្រទេសជិតខាងដ៏ធំរបស់ខ្លួនចរាចរក្នុងប្រទេសបាន និងបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរនិងក្រុមមនុស្សមកពីប្រទេសឥណ្ឌាអាចប្រើប្រាស់ប្រាក់រូពីឥណ្ឌាដោយផ្ទាល់នៅទីនេះដោយមិនចាំបាច់ឆ្លងកាត់នូវភាពស្មុគស្មាញ ដែលកើតមានដោយការប្តូរប្រាក់នោះទេ។
ប្រទេសឥណ្ឌាជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា ដោយស្រីលង្កាបាននាំចូលនូវទំនិញសព្វសារពើពីប្រទេសឥណ្ឌារួមមាន៖ អាហារ ឱសថសម្ភារសំណង់ រថយន្ត ជី និងសារធាតុគីមីជាដើម។យោងតាមតួលេខផ្លូវការបានឱ្យដឹងថាពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទំហំ ៥,៤៥ ពាន់លាន ដុល្លារក្នុងឆ្នាំ២០២២។
លោក Sabry បាននិយាយថាការទទួលយកប្រាក់រូពីឥណ្ឌា នឹងហុចផលប្រយោជន៍ល្អ សម្រាប់ស្រីលង្កា ខណៈដែលពាណិជ្ជកម្មរវាងប្រទេសទាំង២ គ្មានតុល្យភាពនៅពេលនេះ។
មួយថ្ងៃបន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាជាមួយប្រធានាធិបតីស្រីលង្កា RanilWickremesinghe លោក Sabry បានប្រាប់អ្នកសារព័ត៌មានថា៖«យើងត្រូវការរូបិយប័ណ្ណឥណ្ឌាបន្ថែម ដូច្នេះប្រជាជនឥណ្ឌា កាន់តែច្រើននឹងមកទីនេះហើយការចំណាយជារូបិយប័ណ្ណឥណ្ឌា គឺល្អសម្រាប់សេដ្ឋកិច្ចរបស់យើង»។
ស្រីលង្កាជាប់បំណុលសាធារណៈលើសពី ៨៣ ពាន់លានដុល្លារ ក្នុងនោះបំណុលបរទេសមាន ៤១,៥ ពាន់លាននិងបំណុលក្នុងស្រុកចំនួន ៤២,១ ពាន់លានដុល្លារអាមេរិក៕