ខណៈ​ក្រុមបាតុករ​រាប់សែន​នាក់​បានចេញ​តវ៉ា​តាម​ដងផ្លូវ​ទ្រង់ទ្រាយ​ធំ នៅ​ទីក្រុង​តែ​ល​អា​វីវ (TEL AVIV)​​ របស់​ប្រទេស​អ៊ី​ស្រា​អែល ក្រោយ​មានការ​តវ៉ា​ជា​ហូរហែ​ប្រឆាំងនឹង​ផែនការ​បង្កើត​ច្បាប់​កាត់បន្ថយ​អំណាចតុលាកា​រ​របស់​នាយករដ្ឋមន្ត្រី កាន់អំណាច​យូរ​ឆ្នាំ លោក Benjamin Netanyahu ការ​ស្ទង់​មតិ​ថ្មី​មួយ​បង្ហាញ​ពី​និន្នាការ​ផ្លាស់ប្តូរ​ទីតាំង​របស់​ក្រុមហ៊ុន​បង្កើត​ថ្មី​ចេញពី​ប្រទេស​នេះ​។

​តាម​ការស្ទង់មតិ​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា​ ដែល​ធ្វើឡើង​ដោយ​អង្គ​ការមិន​រកប្រាក់​ចំណេញ​មួយ​នៅ​ប្រទេស​អ៊ី​ស្រា​អែល ​ជុំវិញ​ការ​ផ្លាស់ប្តូរ​ផ្នែក​តុលាការ​បាន​រកឃើញថា អាជីវកម្ម​ដែល​បង្កើត​ថ្មី​ឬ​ក្រុមហ៊ុន Start-Up នៅ​អ៊ី​ស្រា​អែល​ប្រមាណ​ ៧០ ភាគរយ គ្រោង​ផ្លាស់ប្តូរ​ទីតាំង​អាជីវកម្ម​របស់​ពួកគេ​ចេញពី​ប្រទេស​នេះ​។​

​ក្រុម​អាជីវកម្ម​បង្កើត​ថ្មី​ទាំង​នោះបាន​លើកឡើងថា​ មូលហេតុ​ចម្បង​នៃ​ការផ្លាស់ប្តូរ​ គឺ​កើតចេញពី​បញ្ហា​កៀរគរ​រក​ទុនវិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​ ២០២៣ ដោយ​វា​បាន​ធ្លាក់ចុះ​រហូតដល់ ​៧០​ ភាគរយ​។​


​បច្ចេកវិទ្យា​ជា​វិស័យ​ដ៏​សំខាន់បំផុត​មួយ​របស់​ប្រទេស​អ៊ី​ស្រា​អែល ​ដោយ​វិស័យនេះ​រួមចំណែក ​១៥​ ភាគរយ​នៃ​ទិន្នផល​សេដ្ឋកិច្ច​សរុប​បង្កើត​ការងារ​សរុប​ ១០​ ភាគរយ​និង​ច្រើនជាង​ ៥០ ​ភាគ​រយ​ទៅលើ​ការនាំចេញ​និង​ប្រាក់ចំណូល​ពន្ធ​បាន​ពី​វិស័យនេះ​មាន​ដល់​ទៅ ​២៥​ ភាគរយ​។​

​ការស្ទង់មតិ​ដដែល​ដែល​បានបញ្ចប់​ដោយមាន​ការចូល​​រួម​ពី​អ្នកជំនាញ​តំណាងឱ្យ​ក្រុម​ហ៊ុន​ចំនួន​ ៥២១​ បាន​បង្ហាញថា​ ៦៨​ ភាគរយ​នៃ​អាជីវកម្ម​បង្កើត​ថ្មី​បានចាប់ផ្តើម​ចាត់វិធានការ​ផ្លូវច្បាប់​និង​ហិរញ្ញវត្ថុ​យ៉ាង​សកម្ម​ដូចជា​ការដក​ទុនបម្រុង​ការផ្លាស់ប្តូរ​ទីស្នាក់ការ​កណ្តាល​ទៅ​ក្រៅប្រទេស ការរៀបចំ​ផ្លាស់​លំនៅ​របស់​និយោជក​និង​ការ​កាត់បន្ថយ​បុគ្គលិក​នៅ​ប្រទេស​អ៊ី​ស្រា​អែលនេះ​ផងដែរ​។​


​លើសពីនេះ​ទៀត​ក្រុមហ៊ុន​ប្រមាណ​ ២២ ​ភាគរយ​បាន​និយាយថា ពួកគេ​បាន​បង្វិលប្រាក់​ចេញពី​ប្រទេស​អ៊ី​ស្រា​អែល ​រួចរាល់​ហើយ ចំណែកឯ​វិនិយោគិន​ចំនួន​ ៣៧ ​ភាគរយ​ផ្សេងទៀត​បាន​លក់​ភាគហ៊ុន​របស់​ពួកគេ​និង​ដក​ជា​សាច់ប្រាក់​ផ្លាស់​ចេញទៅ​ក្រៅប្រទេស​រួចរាល់​ដូចគ្នា​ដែរ​។​

​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​ត្រូវបាន​ចេញផ្សាយ​ចំ​ពេលដែល​សមាជិកសភា​ចាប់ផ្តើម​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ដែល​នឹង​រារាំង​តុលាការ​កំពូល​ពី​ការលុបចោល​ច្បាប់​មួយចំនួន​ក្រោម​ហេតុផល​ «​មិន​សមរម្យ​»​។​

​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ ក្រុមបាតុករ​នៅតែ​បន្តធ្វើ​បាតុកម្ម​តវ៉ា​តាម​ដង​ផ្លូវធំៗ​ប្រឆាំងនឹង​ផែនការ​របស់​នាយករ​ដ្ឋ​មន្ត្រី Benjamin Netanyahu ជុំវិញ​ការកែទម្រង់​ប្រព័ន្ធតុលាការ​ឬ​កែប្រែ​ច្បាប់​ក្នុងការ​កាត់បន្ថយ​អំណាច​រប​ស់​តុលា​​ការដែល​ប្រជាជន​អ៊ី​ស្រា​អែល​ចាត់ទុកថា​ជា​ស្ថាប័ន​ឯករាជ្យ​ដែល​សំខាន់បំផុត​៕