នៅថ្ងៃទី ២៥ ខែកក្កដានេះ ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុននេះបានក្លាយជាគោលដៅនៃការ ប្តឹងទាមទារសំណងរហូតទៅដល់ ៧៨៥ លានផោន (១ ពាន់លានដុល្លារ) ពីសំណាក់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីប្រមាណ ១ ៥០០ នៅចក្រភពអង់គ្លេស ជុំវិញការគិតថ្លៃសេវា App Store របស់ខ្លួន។
សេវាកម្មរបស់ក្រុមហ៊ុន Apple ដែលរាប់បញ្ចូលទាំង App Store មានប្រាក់ចំណូលកើនឡើងក្នុងល្បឿនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយសម្រាប់ពេលនេះត្រឹម ១ ត្រីមាសក្រុមហ៊ុន Apple អាចរកចំណូលបាន ២០ ពាន់លានដុល្លារ ពីកម្មវិធីទាំងនោះ។
ក្រុមហ៊ុន Apple ខ្លួនឯងធ្លាប់បានលើកឡើងថា ៨៥% នៃអ្នកអភិវឌ្ឍន៍កម្មវិធីនៅលើ App Store មិនតម្រូវឱ្យបង់កម្រៃជើងសារណាមួយឡើយដោយគោលដៅនេះ គឺដើម្បីជួយអ្នកអភិវឌ្ឍន៍កម្មវិធីនៅអឺរ៉ុបក្នុងការចូលទៅកាន់ទីផ្សារ និងពង្រីកខ្លួនឱ្យដល់ដៃអតិថិជនដែលមាន ១៧៥ ប្រទេស ជុំវិញពិភពលោកតាមរយៈ App Store។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះកម្រៃជើងសារដែល Apple បានដាក់ក្នុងរង្វង់ ១៥% ទៅ ៣០% ទៅលើអ្នកអភិវឌ្ឍន៍កម្មវិធីមួយចំនួនសម្រាប់ការដាក់កម្មវិធីរបស់ពួកគេលើ Apple Store កំពុងរងការរិះគន់ដោយអ្នកអភិវឌ្ឍន៍កម្មវិធីផ្ទាល់ហើយការណ៍នោះក៏ត្រូវបានគេចាត់ទុកថាជាការរំលោភបំពានទំនុកចិត្តនៅក្នុងប្រទេសមួយចំនួនដែរ។
បណ្តឹងកើតមានឡើងពីសំណាក់ចក្រភពអង់គ្លេសនៅសាលាឧទ្ធរណ៍ដែលតំណាងឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីចំនួន ១ ៥៦៦ នាក់។ បណ្តឹងនេះ ត្រូវបានប្តឹងដោយលោក Sean Ennis ជាអតីតសេដ្ឋវិទូនៅ OECD និងជាសាស្ត្រាចារ្យនៃមជ្ឈមណ្ឌលគោលនយោបាយប្រកួតប្រជែងនៅសាកលវិទ្យាល័យ East Anglia។
លោក Ennis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការគិតថ្លៃរបស់ Apple ទៅលើអ្នកបង្កើតកម្មវិធី គឺហួសហេតុហើយអាចធ្វើទៅបានដោយសារតែការផ្តាច់មុខរបស់ខ្លួនលើការចែកចាយកម្មវិធីទៅកាន់ iPhone និង iPads»។
លោកបានបន្តថា ការចោទប្រកាន់នេះ គឺអយុត្តិធម៌និងបំពានតម្លៃទៅលើក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ហើយកត្តានេះក៏ធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតកម្មវិធីនិងអ្នកទិញកម្មវិធីនោះផងដែរ៕