​ប្រទេស​ឥណ្ឌា និង​សិង្ហ​បុរី​បង្ហាញ​ទំនាក់ទំនង​កាន់តែ​ស៊ី​​ជម្រៅ​បន្ថែមទៀត​លើ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​អវកាស បន្ទាប់​​ពី​ផ្កាយរណប​សិង្ហ​បុរី​ចំនួន​​ ​៧ ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​ដោយ​ប្រទេស​ឥណ្ឌា​ទៅកាន់​គន្លង​វិថី​តាម​បំណង​របស់​ពួកគេ​ចង់បាន​កាលពី​ថ្ងៃ​អាទិត្យ​។ នេះ​បើ​យោង​ពីសារ ព័ត៌មាន​សិង្ហ​បុរី The Straits Times និង​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRI)​។​

​ផ្កាយរណប​ទាំងនោះ​បាន​ហោះ​នៅ​ម៉ោង ​៦​:​៣១​ នាទី​ព្រឹក នៅ​យាន​បាញ់​បង្ហោះ​របស់ អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា ចេញពី​មជ្ឈមណ្ឌល​អវកាស Satish Dhawan នៅ Sriharikota នៅឯ​ឆ្នេរសមុទ្រ Andhra Pradesh ប្រទេស​ឥណ្ឌា​ខាងត្បូង​។​

​ផ្កាយរណប​ដំបូង ដាក់​បាញ់​បង្ហោះ​សម្រាប់​បេសកកម្ម​នេះ​ដែល​ត្រូវបាន​ឧទ្ទិស​ទាំងស្រុង​សម្រាប់​ប្រទេស​សិង្ហ​បុរី​គឺ DS-SAR ដែលជា​ផ្កាយរណប​អង្កេត​ផែនដី​ដែលមាន​ទម្ងន់​ ៣៥២ គីឡូក្រាម​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ភាពជា​ដៃគូ​រវាង​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្រសួងការពារជាតិ​ប្រទេស​សិង្ហ​បុរី និង ST Engineering ដែលជា​ក្រុម​ហ៊​ន​ពហុ​ជាតិ​ឯកទេស​បច្ចេកវិទ្យា​និង​វិស្វកម្ម​អវកាស​។​


​នៅពេល​ដាក់ពង្រាយ និង​ដំណើរការ វា​នឹង​គាំទ្រ​តម្រូវការ​រូបភាព​ផ្កាយរណប​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​សិង្ហ​បុរី​ច្រើន​ទៀត​។ តាម​ការចុះផ្សាយ ផ្កាយរណប​នេះ បំពាក់​ដោយ​ប្រព័ន្ធ​រ៉ា​ដា ដែល​ត្រូវបាន​បង្កើតឡើង​ដោយ ឧស្សាហកម្ម​អវកាស​អ៊ីស្រា​អែល (Israel Aerospace Industries)​ អាច​ផ្តល់​ការ​គ្រប​​ដណ្តប់​គ្រប់​អាកាសធាតុ ក៏ដូចជា​ការ​គ្របដណ្តប់​ពេល​ថ្ងៃ និង​ពេលយប់​។​

​ផ្កាយរណប​ផ្សេង​ ១​ ទៀត គឺ NuLIoN ពី​ក្រុមហ៊ុន NuSpace ដែលជា​ក្រុមហ៊ុន​សិង្ហ​បុរី​ដែល​ផ្តល់​ការតភ្ជាប់​អ៊ី​ន​ធឺ​ណិ​ត​នៅ​ទូទាំង​តំបន់​នៅ​អាស៊ីអាគ្នេយ៍​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​កម្រិត​ទៅកាន់​ទំនាក់ទំនង​គ្មាន​ដែន​កំណត់​៕