​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​កាន់តំណែង​បាន​ ​១​​ អាណត្តិ និង​ប៉ង​ហក់​ចូលប្រឡូក​តំណែង​ប្រ​ធានា​ធិបតី​ជាថ្មី​នៅ​អាណត្តិ​បន្ទាប់​នេះ កាលពី​ថ្ងៃ​អង្គារ បាន​រង​ការ​ចោទ​​ប្រកាន់​ពីបទ​រៀបចំ​ផែនការ​ផ្តួល​​រំលំ​ការបោះឆ្នោត​ឆ្នាំ​ ២០២០ និង​បទ​ចោទ​ផ្សេងទៀត​។ យោង​តាម​ការផ្សាយ​នានា​ដែល​រាយ​​ការណ៍​ពី​ឯកសារ​ច្បាប់​របស់​ក្រុម​ប្រឹក្សា​ស៊ើបអង្កេត​ពិសេស​ស្ដីពី​ការចោទប្រកាន់​លោក ត្រាំ​។

​បើតាម​បណ្ដាញ​ព័ត៌មាន BBC ឯកសារ​កម្រាស់ ៤៥​ ទំព័រ​បាន​បង្ហាញថា លោក ត្រាំ រង​ការ​ចោទ​ប្រកាន់​លើ​បទ​ចោទ​ចំនួន ​៤ ដែល​រួមមាន​ទាំង​ការ​សមគំនិត​ដើម្បី​បន្លំ​សាធារណៈ​អាមេរិក ការ​បំភ្លៃ​សាក្សី និង​ការ​សមគំនិត​ប្រឆាំងនឹង​សិទ្ធិ​ពលរដ្ឋ​។ បទ​ចោទ​ទាំង​​នេះ គ្របដណ្តប់​លើ​ការ​ស៊ើប​អង្កេត​លើ​ព្រឹត្តិការណ៍​វាយប្រហារ​វិមាន​រដ្ឋសភា ​«​កា​ពី​តូ​ល​» ថ្ងៃទី​ ៦ ខែមករា ឆ្នាំ ​២០២១​។

​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​ទាក់ទង​នឹង​ការបោះឆ្នោត​ឆ្នាំ ២០២០ បាន​ផ្តោតលើ​សកម្មភាព​របស់លោក​ត្រាំ​ក្នុង​រយៈពេល​ ២ ​ខែ ចន្លោះ​ពី​ពេលដែល​លោក​ចាញ់ឆ្នោត​រហូតដល់​ហេតុការណ៍​វាយប្រហារ​លើ​វិមាន​កា​ពី​តូ​ល​នៅ​ក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី​។


​មន្ត្រី​ដឹកនាំ​ការស៊ើបអង្កេត​នេះ គឺ​លោក Jack Smith ដែលជា​ទីប្រឹក្សា​ពិសេស​តែង​​តាំង​ដោយ​ក្រសួងយុត្តិធម៌​​អាមេរិក​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា​៖ «​ការ​វាយ​ប្រហារ​លើ​រដ្ឋធានី​នៃ​ប្រទេស​របស់​យើង​ កាលពី​ថ្ងៃទី​ ៦ ខែ​​មករា ឆ្នាំ​ ២០២១ គឺជា​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់មាន​ពីមុនមក លើ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​»​។​

​លោក Smith បានបញ្ចប់​សេចក្តីថ្លែងការណ៍​ខ្លី​របស់លោក ដោយ​សន្យាថា ​នឹង​ស្វែងរក​ «​ការ​កាត់ទោស​ដ៏​ឆាប់រហ័ស​មួយ​» ដោយ​បន្ថែម លោក ត្រាំ​៖ «​ត្រូវតែ​សន្មត​ថា​គ្មាន​ទោស​រហូត​មានការ​បញ្ជាក់ថា​មានទោស​»៕​