លោក​ស្រី​បណ្ឌិត​ Yanghee Lee ​អតីត​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​មីយ៉ាន់ម៉ា​បាន​​និយាយ​ថា​ ​ការ​​លើក​លែង​ទោសមួយ​ចំនួន​ដល់​​​អតី​ត​មេដឹកនាំ​មីយ៉ាន់ម៉ា​ លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ស្វែង​រក​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ លើ​ភាព​​​​​​ស្រប​ច្បាប់​របស់​របប​យោធា​ប៉ុណ្ណោះ​។ ​

លោក​ស្រី​ Lee បាន​ប្រាប់​សារព័ត៌មាន​ CNA កាល​ពី​ថ្ងៃ​អង្គារ​ថា​ ទង្វើ​នេះ​បង្ហាញ​សញ្ញា​ថា​ រដ្ឋាភិបាល​យោធា​ដឹក​នាំ​ដោយ​លោក​ មីន អ៊ុងឡាំង​ ​«​ពិត​ជា​អស់​គំនិត​» ​ទាល់​ច្រក​ហើយ​។ អតីតមន្រ្តី​ UN សម្រាប់​កិច្ច​ការ​មីយ៉ាន់ម៉ា ​ដែល​បម្រើ​​ការ​​ចន្លោះ​ពី​ឆ្នាំ​ ២០១៤​-២០២០​ ដដែល​​ បាន​បន្ត​ថា​​៖ «​ការ​​​បន្ថយ​​​ទោស​ស្ត្រី​អាយុ​ ៧៨​ ឆ្នាំ​ ដែល​​ជាប់​ឃុំ​ឃាំង​ដោយ​បទ​ចោទ​ប្រកាន់​ក្លែង​ក្លាយ​ផ្សេង​ៗ​ មិន​គួរ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ទង្វើ​ ឬ​កាយ​វិកា​រ​ផ្សះ​ផ្សា​​របស់​​​មេ​យោធា​ឃោរ​ឃៅ​នោះ​​ទេ​​»។

លោក​ស្រី​​បាន​និយាយ​ថា​​៖ «​ពួក​គេ​គិត​ថា​ ការ​​បន្ថយ​​ទោស​​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ និង​លោក​ប្រធានាធិបតី​ Win Myint ​​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​»​។ លោក​ស្រី​បន្ត​ថា​៖ «​វា​យក​រឿង​បាំង​មុខ​​ ដើម្បី​​​ឱ្យ​សហគម​ន៍​​អន្តរជាតិ​​អាច​​ទទួល​​ស្គាល់​​ពួក​​គេ​​ថា​ ​ជា​​រដ្ឋាភិបាល​​ស្រប​​ច្បាប់​​របស់​​មីយ៉ាន់ម៉ា​»។​​


អតីត​អ្នក​ជំនាញ​ UN ដដែល​និយាយ​ទៀត​ថា​៖ «​ខ្ញុំ​គិត​ថា ​វា​ដល់​ពេល​ដែល​សហគមន៍​អន្តរជាតិ​ពិត​ជា​ភ្ញាក់​ឡើង​ហើយ​ ហើយ​​​ដឹង​ថា​ ​អ្វី​ដែល​លោក​ មីន​ អ៊ុងឡាំង​​កំពុ​ង​ធ្វើ​ គឺ​​ជា​ល្បិច​កល​រាប់​ទសវត្សរ៍»។ លោក​ស្រី​បន្ត​ថា​៖ «​វា​គ្មាន​ប្រសិទ្ធិភាព​នោះ​ទេ​ ព្រោះ​លោក​នឹងមិ​ន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ឡើយ​»។ ​

​គួរ​គូស​បញ្ជាក់​ថា​ ការ​លើក​ឡើង​របស់​លោកស្រី​ Lee ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​​បន្ទាប់​ពី​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី ​​ទទួល​បាន​ការ​​លើក​​លែង​ទោស​លើ​បទ​ល្មើស​ចំនួន​ ៥​ ក្នុង​ចំណោម​បទ​ល្មើស​ចំនួន​ ១៩​ ដែល​លោក​ស្រី​រង​ការ​កាត់​ទោស​ឱ្យ​ជាប់​​គុក​សរុប​ ៣៣ ឆ្នាំ​។ ការ​លើក​លែង​ទោស​នេះ​ ត្រូវ​បន្ថយ​ការ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​ ៦​ ឆ្នាំ​។​


​​អតីត​​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ លោក​​ Win Myint ​ដែល​ក្រុម​​យោធា​ចាប់​ខ្លួន​ក្នុង​ពេល​តែ​មួយ​ជាមួយ​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ ក្រោយ​រដ្ឋប្រហារ​នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​ ២០២១​ ​​ក៏​ត្រូវ​បាន​លើក​លែង​ទោស​ក្នុង​បទ​​​​ចោទ​ប្រកាន់​មួយ​ចំនួន​​ផង​ដែរ​។

នា​ពេល​នេះ​ របប​យោធា​​​ពិបាក​នឹង​​គ្រប់​គ្រង​​​​ប្រទេស​​​ ខណៈ​​ជម្លោះ​​បន្ត​​ផ្ទុះ​ឡើង​​​នៅ​​ទូទាំង​​ប្រទេស​ ហើយ​​សេដ្ឋកិច្ច​​របស់​មីយ៉ាន់ម៉ា​ ​​​បាន​​ជួប​​ប្រទះ​​នឹង​​ការ​កើន​ឡើង​​នៃ​​អតិផរណា​។​ ​កាល​ពី​ថ្ងៃ​ចន្ទ​ រដ្ឋាភិបាល​​​យោធា​ បាន​​បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន​​រយៈ​ពេល​​ ៦​ ខែ​ទៀត​ ដោយ​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​តាម​ការ​សន្យា​៕