តុលាការ​ធម្មនុញ្ញ​​ប្រទេស​ថៃ​​ ដែល​កំពុង​កាន់​​កាប់​រឿង​ក្តី​នយោបាយ​​​​​​​របស់​អ្នក​នយោបាយ​វ័យ​ក្មេង​​​​ ភិថា លឹមចារើនរ៉ាត ​បាន​ពន្យា​ពេល​សម្រេច​ក្តី​​ដែលគ្រោង​ធ្វើ​នៅថ្ងៃ​នេះ ដោយ​អះអាង​ថា ខ្លួន​ត្រូវការ​ពេលបន្ថែម​ទៀត​ដើម្បី​​​ពិនិត្យ​មើល​សំណុំរឿង។ នេះ​បើ​យោង​តាមការ​ចេញផ្សាយ​របស់​​ The Straits Times។ ​

​ការ​ពន្យាពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​រារាំងការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ​បន្ត​ទៅ​ទៀត ​បន្ទាប់ពីការបោះឆ្នោតខែឧសភា ខណៈដែល​កិច្ច​ប្រជុំ​រួម​គ្នា​របស់​សភា​ទាំង ២ ថ្នាក់​ ដែល​​​មាន​សមាជិក​សរុប ​​៧៥០ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​​សម្រាប់​ការ​បោះឆ្នោត​​ផ្តល់សេចក្តីទុកចិត្ត​​ដែល​បេក្ខភាព​នាយករដ្ឋ​មន្ត្រីដែលស្នើឡើង ក៏​នឹង​ត្រូវ​លើក​ពេល​ដោយរង់ចាំសាលក្រមរបស់តុលាការ។

ការពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងតាមសេចក្តីប្រកាសរបស់តុលាការធម្មនុញ្ញដែលបញ្ជាក់ថាខ្លួន​ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិនិត្យមើលញត្តិដែលជំទាស់នឹងការសម្រេចចិត្តរបស់សភាកាលពីថ្ងៃទី ១៩​ ខែកក្កដា ​ក្នុងការបដិសេធបេក្ខភាព​​លោក ភិថា លឹមចារើនរ៉ាត មក​ពី​គណបក្ស​ឆ្ពោះទៅមុខ (MFP)។


តាម​ខ្លឹមសារ​ដែល The Straits Times ដកស្រង់ តុលាការក៏បាននិយាយផងដែរថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងករណីនេះ ព្រោះវាពាក់ព័ន្ធនឹង «បញ្ហាសំខាន់» ទាក់ទងនឹងគោលការណ៍រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវការការពិចារណាដោយប្រុងប្រយ័ត្ន។

តុលាការនឹងពិចារណាសម្រេច​​លើសំណុំរឿង​ក្តី​នេះនៅថ្ងៃទី ១៦ សីហា៕​