ខណៈ​មានការ​បន្ធូរ​បន្ថយទោស​ដល់​អ្នកនយោបាយ​ឆ្នើម​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​សំណាក់​របប​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ អតីត​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា បាន​និយាយថា ការលើក​លែង​ទោស​មួយចំនួន​ដល់​អតីត​មេ​ដឹក​នាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការស្វែងរក​ការទទួលស្គាល់​ពី​អន្តរជាតិ លើ​ភាព​​ស្របច្បាប់​របស់​របប​យោធា​ប៉ុណ្ណោះ​។

​លោកស្រី​បណ្ឌិត Yanghee Lee បាន​ប្រាប់​សារព័ត៌មាន CNA ក្នុងពេល​ថ្មីៗ​នេះ​ថា ទង្វើ​មេដឹកនាំ​យោធា​បង្ហាញ​សញ្ញា​ថា រដ្ឋាភិបាលយោធា​ដឹកនាំ​ដោយ​លោក មីន អ៊ុង​ឡាំង​៖​ «​ពិតជា​អស់​គំនិត​» ទាល់​​ច្រក​ហើយ​។ អតីតមន្ត្រី UN សម្រាប់​កិច្ចការ​មី​យ៉ាន់​ម៉ា ដែល​បម្រើការ​ចន្លោះ​ពី​ឆ្នាំ ២០១៤-២០២០ ដដែល បាន​បន្តថា​៖ «​ការ​បន្ថយទោស​ស្ត្រី អាយុ ៧៨​ ឆ្នាំ ដែល​ជាប់ឃុំ​ឃាំង​ដោយ​បទ​ចោទ​ប្រកាន់​ក្លែងក្លាយ​ផ្សេងៗ មិនគួរ​ត្រូវបាន​មើលឃើញថា​ជា​ទង្វើ ឬ​កាយវិការ​ផ្សះផ្សា​របស់​មេ​យោធា​ឃោរឃៅ​នោះទេ​»​។

​លោកស្រី​បន្ត​៖ «​ពួកគេ​គិតថា ការ​បន្ថយទោស​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​លោក​ប្រធានាធិបតី Win Myint នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន ហើយ​សំខាន់​ជាងនេះទៅទៀត ធ្វើឱ្យ​ពួកគេ​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​»​។


​លោកស្រី​បន្ថែម​៖ «​វា​ជា​ការយក​រឿង​បាំង​មុខ ដើម្បីឱ្យ​សហគមន៍​អន្តរជាតិ​អាច​ទទួលស្គាល់​ពួកគេ​ថា ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​មី​យ៉ាន់​ម៉ា​»​។​

​អតីត​អ្នកជំនាញ UN ដដែល​និយាយទៀតថា​៖ «​ខ្ញុំ​គិតថា វា​ដល់​ពេលដែល​សហគម​ន៍​អន្តរជាតិ​ត្រូវ​ភ្ញាក់ឡើង​ហើយ និង​ដឹងថា​អ្វីដែល​លោក មីន អ៊ុង​ឡាំង ​កំពុង​ធ្វើ គឺជា​ល្បិចកល​រាប់​ទសវត្សរ៍​»​។ លោកស្រី​បន្តថា​៖ «​វា​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​លោក​នឹងមិន​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ឡើយ​»​។


​ការលើកឡើង​របស់លោក​ស្រី Lee ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​ការលើក​​លែង​ទោស​លើ​បទល្មើស​ចំនួន ​៥ ក្នុងចំណោម​បទល្មើស​ចំនួន​ ១៩ ដែល​លោកស្រី​រង​ការកាត់ទោស​ឱ្យ​ជាប់គុក​សរុប ៣៣ ​ឆ្នាំ​។ ការលើកលែងទោស​នេះ ត្រូវ​បន្ថយ​ការជាប់​ពន្ធនាគារ​រយៈ​ពេល ៦ ​ឆ្នាំ​។​

​នាពេលនេះ របប​យោធា​ពិបាក​នឹង​គ្រប់គ្រង​ប្រទេស ខណៈ​ជម្លោះ​បន្ត​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស ហើយ​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា បាន​ជួបប្រទះ​នឹង​ការ​កើនឡើង​នៃ​អតិផរណា​។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាលយោធាបាន​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​ ៦ ខែ​ទៀត ដោយ​ពន្យារពេល​ការបោះឆ្នោត​តាម​ការសន្យា​៕