អតីត​នាយក​រដ្ឋមន្ត្រី ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ ត្រូវ​បាន​ចាប់​ខ្លួន​ជា​លើក​ទីពីរ​ក្នុង​រយៈពេល​ត្រឹមតែ៤ ខែ​ប៉ុណ្ណោះ។ បើ​តាម​សារព័ត៌មាន Reuterថា ក្រុម​ប៉ូលិស និង​ទាហាន​ប៉ារ៉ា បាន​ចូល​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ​របស់​លោក នៅ​ Lahore ទីក្រុងធំទី​២​របស់​ប៉ាគីស្ថាន កាលពីថ្ងៃ​ទី៥ ខែសីហាកន្លងមក​នេះ។​

ការចាប់​ខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី ប៉ាគីស្ថាន នាពេលនេះ ជា​ឧបសគ្គ​កាន់តែ​ធំ​សម្រាប់​លោក​ក្នុង​ការ​​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​សភាប៉ាគីស្ថាន ដែល​នឹង​រៀបចំ​ឡើង​នៅ​អំឡុង​ខែ​វិច្ឆិកា ចុងឆ្នាំ ២០២៣​ខាងមុខ​​។​

យ៉ាងណាមិញ នៅក្នុង​សារវីដេអូ​ដែល​លោក​ថតទុក នៅ​មុន​ការ​ចាប់​ខ្លួន កាលពីថ្ងៃ​ទី ៥ ខែ​​សីហា ​ លោក អ៊ីមរ៉ាន់ ខាន់ បាន​រិះគន់ការ​សម្រេច​របស់​តុលាការ​ដែល​មាន​លក្ខណៈ​នយោបាយ ប៉ុន្តែ​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​រក្សាភាព​ស្ងប់ស្ងាត់ និង​កុំឱ្យ​មាន​ការ​ប្រែប្រួល​ណាមួយ។​


លោក អ៊ីមរ៉ាន់ ខាន់ ដែលមានអាយុ ៧០ ឆ្នាំ​គឺជា​មេដឹកនាំ​ដ៏​ពេញនិយម​បំផុត​របស់​ប្រទេស​អាស៊ី​ខាងត្បូង។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ ហើយ​ការ​ចាប់​ខ្លួន​មួយ​រយៈខ្លី​កាល​ពី​ខែ​ឧសភា កន្លងទៅ គឺ​ធ្វើឡើងក្រោម​បទ​ចោទ​ប្រកាន់​ពុករលួយ បាន​បង្ក​ឱ្យ​មាន​ចលាចល​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស ចំពេល​ដែលប្រទេស​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច។​

សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​រូបនេះ លោក​បាន​បដិសេធ​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ទាំង​នោះ​ និង​ដោយ​ថា​ ជាការ​ចោទ​ប្រកាន់​របស់​របប​យោធា​ដែល​ជា​របរដ៏មាន​អំណាច តាមរយៈ​ការ​គ្រប់គ្រង​ប្រទេស​ប៉ាគីស្ថាន​​ចាប់​តាំង​ពីឆ្នាំ ១៩៤៧មក។​


គួររំលឹកថា លោក អ៊ីមរ៉ាន់ ខាន់ បានក្លាយ​ជា​អ្នកន​យោបាយ​ប្រឆាំង​ដ៏​សំខាន់ បន្ទាប់ពី​ត្រូវ​បាន​សភា​បោះឆ្នោត​ដកទំនុកចិត្ត ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​តំណែង​នាយក​រដ្ឋមន្រ្តី កាលពី​ខែ​មេសា ឆ្នាំ ២០២២។ ​ ពេល​ជាមួយគ្នា​នោះ​ សាធារណជន​មាន​ការ​ខក​ចិត្តជាខ្លាំង​ចំពោះ​អតិផរណា​ដ៏ខ្ពស់ ឱនភាព​សេដ្ឋកិច្ច និងអំពើ​ពុក​រលួយ​ដែល​លោក​បាន​សន្យា​ថា នឹង​ដោះស្រាយ​នៅ​ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។​

នៅក្រោយការ​បណ្តេញ​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី លោក​អ៊ីមរ៉ាន់ ខាន់ ត្រូវ​ប្រឈម​នឹង​ការស៊ើប​អង្កេត​​ជាង ១៥០ ករណី​របស់​តុលាការ​ប៉ាគីស្ថាន ជាពិសេស​សំណុំរឿងប្រព្រឹត្ត​អំពើពុករលួយ។ បើតាម​ក្រុមអ្នកប្រ​ឆាំង ​លោក​អ៊ីមរ៉ាន់ ខាន់ និង​ភរិយា​បាន​ទទួលសំណូក អំណោយជា​វត្ថុមា​នតម្លៃ​ជាច្រើនលានដុល្លារនៅក្នុង​ពេលធ្វើទស្សនកិច្ច​នៅបរទេស។​

គួរបញ្ជាក់ថា លោក អ៊ីមរ៉ាន់ ខាន់ ត្រូវបានគេស្គាល់ថាជាវីរបុរសកីឡា cricket ដែលបានប្រមូលផ្ដុំ អ្នកគាំទ្រវ័យក្មេងប៉ាគីស្ថាន ដែលសុទ្ធសឹងជាអ្នកជួបប្រទះ អំពើពុករលួយជាសកល កង្វះអគ្គី​សនី​រ៉ាំរ៉ៃ និងវិបត្តិក្នុងវិស័យអប់រំ និងភាពអត់ការងារ​ធ្វើជាដើម ឱ្យចូលមកគាំទ្រគោលនយោបាយបក្ស របស់លោក។​

ពីមួយឆ្នាំទៅមួយឆ្នាំ សន្ទុះនៃការគាំទ្របានកើនឡើងកាន់តែខ្លាំង ដោយសូម្បីតែជនបរទេសដែល​រស់នៅ​ប៉ាគីស្ថាន​សុខចិត្តចាកចេញពីការងាររបស់ពួកគេដើម្បីទៅចូលរួមយុទ្ធនាការបក្សរបស់លោក ទៀតផង។​

កាលពីឆ្នាំ ២០១៨ លោក​បាន​និយាយទៅកាន់អ្នកគាំទ្ររបស់លោកថា​ គោលដៅរបស់លោក​គឺ ​បង្វែរ​ប្រ​ទេស​ប៉ាគីស្ថា​នពី​ប្រទេស​ដែលមាន «ក្រុមតូចមួយនៃអ្នកមាន និងសមុទ្រនៃអ្នកក្រ» ទៅជា «គំរូសម្រាប់ប្រព័ន្ធមនុស្សធម៌ ប្រព័ន្ធយុត្តិធម៌ សម្រាប់ពិភពលោក និងសម្រាប់រដ្ឋឥស្លាមដែលមាន សុខមាលភាព»៕​