សេចក្តីរាយការ​​របស់​សារព័ត៌មាន​របស់​បច្ចឹម​ប្រទេស​បាន​លើក​ឡើងពី​​​កា​រសង្ស័យ​ថា កូរ៉េខាង​ជើង ​​និង​​មហាអំណាច​រុស្ស៊ី​​​មាន​កិច្ច​ព្រម​ព្រៀង​ទាក់​ទង​​អាវុធ​ បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​​​ដ៏​កម្រ​មួយ​​របស់​ប្រមុខ​ក្រសួង​ការពារជាតិរុស្ស៊ី​​ទៅកាន់​​​ទីក្រុង​ព្យុងយ៉ាង ​​ក្នុង​ទិវា​​​បញ្ចប់សង្គ្រាម​កូរ៉េ​កាល​ពី​ពេលថ្មីៗនេះ។

​​​ដោយ​យោង​តាម​ ប្រព័ន្ធ​​តាមដាន​ទិន្នន័យ​ពី FlightRadar24 សារព័ត៌មាន Bloomberg ​បាន​រាយការណ៍នៅមុន​នេះ​ថា ​មាន​ការមើលឃើញ​មិនធម្មតា​នៃ​យន្តហោះ​យោធា​រុស្ស៊ី​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​​ក្នុង​រយៈពេល​ ៣៦ ម៉ោង ក្រោយ​ប៉ុន្មានថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិរុស្ស៊ី​ Sergei Shoigu ដែលបាន​ដើ​រ​ទស្សនា​រោងចក្រ​ផលិ​តអាវុធ​ដ៏​ទូលំទូលាយ​របស់​ប្រទេសកូរ៉េខាង​ជើង​ក្នុងអំឡុង​ពេល​នៃ​​​ការ​ចូលរួម​​ក្នុង​ពិធី​បញ្ចប់សង្គ្រាមកូរ៉េ​​​លើក​ទី​៧០​ កាល​ពី​ថ្ងៃ​ទី​ ២៧ ​ខែកក្កដា​។

វត្តមាន​នៃ​​យន្តហោះ​​យោធារុស្ស៊ី​នៅ​កូរ៉េ​ខាងជើង​នាពេល​នេះ កំពុង​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង លោក ​គីម ជុង​អ៊ុន កំពុង​លក់​អាវុធ​ឱ្យ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ខណៈដែល​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​រដ្ឋ​ដាក់ទណ្ឌកម្ម។


យោង​តាម Bloomberg ការតាមដាន​ទិន្នន័យ​ពី FlightRadar24 បង្ហាញ​ពី​កងទ័ពអាកាស​រុស្ស៊ី Ilyushin IL-62M ហោះហើរ​ត្រង់​ពី​ទីក្រុង​ម៉ូស្គូ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ​នៅ​ថ្ងៃទី ៣១ ​​ខែកក្កដា ហើយ​ត្រលប់​មក​វិញ​​នៅ​ថ្ងៃទី ២​ ខែសីហា។ តាមកាល​បរិច្ឆេទ​នេះ ​គឺ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការបញ្ចប់​ទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការពារជាតិរុស្ស៊ី។

រូបភាព​ពី​ផ្កាយរណប​បានបង្ហាញ​ពី​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្យុងយ៉ាង​រយៈពេល​ប្រហែល៣៦​ម៉ោង។ នេះ​បើ​យោងតាម NK News ដែលជា​ភ្នាក់ងារ​ផ្តល់ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល​ស្តីពី​ប្រទេស​កូរ៉េខាងជើង​​ដែល​តាមដាន​សកម្មភាព​ហោះហើរ​​នៅក្នុង​ប្រទេស​ឯកោ​ផងដែរ។


NK News បាន​និយាយថា ការហោះហើរ​នេះ​គឺជា​យន្តហោះ​ទីមួយ​ប្រភេទ VIP យោធា​រុស្ស៊ី​ទៅកាន់​កូរ៉េខាងជើង​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៩​ នៅ​ពេល​ដែល​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Alexander Fomin បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង។

NK News បាន​និយាយថា ៖«​វា​លេចឡើង​ទាក់ទង​នឹង​ការតាមដាន​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ Shoigu ហើយ​ប្រហែលជា​កិច្ចព្រមព្រៀង​ដែល​បានធ្វើ​ឡើងជា​មួយលោក​ គីម» ដោយ​បន្ថែមថា​អ្នកវិភាគ «បាន​ប៉ាន់​ស្មានថា​អ្នក​ទាំងពីរ​អាចធ្វើ​កិច្ចព្រមព្រៀង​អាវុធ»។

ទាំងកូរ៉េខាងជើង​និង​​រុស្ស៊ី​​មិនត្រូវបានរាយការណ៍​ពីយន្តហោះ​នោះទេ​ ហើយ​ក៏​មិនច្បាស់ថា​មាន​​មន្ត្រី​ណា​ធ្វើដំណើរ​លើ​យន្ត​ហោះនោះ៕