កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ថា​ កង​កម្លាំង​យោធា​អាមេរិក​​​ជាង​ ៣​ ០០០ នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សមុទ្រ​ក្រហម ​​តាម​រយៈ​នាវា​​ចម្បាំង​​ ២​ គ្រឿង​ ដើម្បី​ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​ការ​រឹប​អូស​​នាវា​ដឹក​ប្រេង​នានា​ពី​សំណាក់​​​​​អ៊ីរ៉ង់​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

​ការ​ដាក់​ពង្រាយ​ទ័ព​បែប​នេះ​ បន្ថែម​លើ​ការ​បង្កើន​កម្លាំង​យោធា​របស់​​អាមេរិក​នៅ​ក្នុង​ផ្លូវ​ទឹក​ឈូង​សមុទ្រ​ដ៏​តាន​តឹង​ ដែល​សំខាន់​យ៉ាង​ខ្លាំង​​សម្រាប់​ពាណិជ្ជកម្ម​ប្រេង​ពិភព​លោក​។ ការណ៍​នេះ​ ធ្វើ​ឱ្យ​អ៊ីរ៉ង់​ បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ដដែល​ ពី​បទ​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។​

​យោធា​អាមេរិក​បាន​និយាយ​ថា​ អ៊ីរ៉ង់​បាន​រឹប​អូស​ ឬ​ប៉ុន​ប៉ង​គ្រប់​គ្រង​នាវា​ជិត​ ២០​ គ្រឿង​ ​ដែល​​មាន​ទង់​ជាតិ​បរទេស​​ក្នុង​តំបន់​ ក្នុង​រយៈ​ពេល​ ២​ ឆ្នាំ​កន្លង​មក​នេះ​។​ ​​កង​​នាវា​​​ទី​ ៥ ​របស់​​កង​​ទ័ព​​ជើង​​ទឹក​​អាមេរិក​ បាន​ឱ្យ​ដឹង​ថា​ នាវិក ​និង​កង​ម៉ារីន​អាមេរិក​ បាន​ចូល​ទៅ​​ដល់​​សមុទ្រ​ក្រហម​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ឆ្លង​កាត់​ព្រែក​ជីក​ហ្ស៊ុយអេហ្ស​ តាម​រយៈ​នាវា​ចម្បាំង​​ USS Bataan ​និង​ USS Carter Hall ​ដោយ​ផ្តល់​នូវ​ «​ភាព​បត់​បែន​ និង​កង​កម្លាំង​​ដែន​សមុទ្រ​កាន់​តែ​ច្រើន​​ដល់​កង​នាវា​ទី​ ៥​។ ​


​អ្នក​នាំ​ពាក្យ​កង​នាវា​ទី​ ៥ លោក​ Tim Hawkins ​បាន​ប្រាប់​ AFP ថា​ ​ការ​ដាក់​ពង្រាយ​ទ័ព​របស់​អាមេរិក​ គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ ដើម្បី​​ទប់​ស្កាត់​សកម្មភាព​អស្ថិរភាព​ និង​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​តំបន់​ ដែ​ល​បណ្តាល​មក​ពី​ការ​យាយី ​និង​ការ​រឹប​អូស​នាវា​ជំនួញ​​បរទេស​ របស់​អ៊ីរ៉ង់​។ ​

គួរ​គូស​បញ្ជាក់​ថា​ នាវា​ USS Bataan មាន​សមត្ថភាព​ផ្ទុក​យន្តហោះ​ចម្បាំង​ផ្សេង​ៗ​ ខណៈ​​នាវា ​USS Carter Hall ​ដឹក​ជញ្ជូន​ទាហាន​ម៉ារីន​​សម្ភារៈ​ទ័ព និង​អាច​ចូល​ចត​​​នៅ​ច្រាំង​​បាន​។ ​​


ឆ្លើយ​នឹង​ការ​វិវត្តន៍​ចុង​ក្រោយ​របស់​អាមេរិក​នេះ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ លោក​ Nasser Kanani​ បាន​ថ្លែង​​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ច​ន្ទ​ ​ថា​ ការ​ដាក់​ពង្រាយ​របស់​សហរដ្ឋ​អាមេរិក​ គឺ​បម្រើ​ផល​ប្រយោជន៍​​ឱ្យ​តែ​​ទីក្រុង​វ៉ាស៊ីនតោន​តែ​ប៉ុណ្ណោះ​។​

លោក​បន្ត​ថា​៖ «​​​វត្តមាន​យោធា​របស់​រដ្ឋាភិបាល​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​ មិន​ដែល​បង្កើត​សន្តិសុខ​ទេ​។​ ​​ផល​ប្រយោជន៍​​​ក្នុង​តំបន់​​ តែង​តែ​បង្ខំ​​ឱ្យ​ពួក​គេ​​​​បង្ក​អស្ថិរភាព​ និង​អ​សន្តិសុខ​»​។ លោក​បន្ថែម​ទៀត​ថា​៖ «​យើង​​​ជឿ​ជាក់​​យ៉ាង​​ខ្លាំង​​ថា​​ ​ប្រទេស​​នៅ​​ឈូង​​សមុទ្រ​​ពែរ្ស​​ មាន​​សមត្ថភាព​​ធានា​​សន្តិសុខ​​របស់​​ខ្លួន​»​។​

ចំណែក​ឯ​​អ្នក​នាំ​ពាក្យ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ លោក ​Ramazan Sharif វិញ​ បាន​​លើក​ឡើង​ថា​ ​អ៊ីរ៉ង់​បាន​ឈាន​ដល់​កម្រិត​នៃ​កម្លាំង​ និង​អំណាច​ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​ «​ទង្វើ​ដ៏​អាក្រក់​ណា​មួយ​» របស់​អាមេរិក​ ដោយ​ស​ឱ្យ​ឃើញ​តាម​រយៈ​ការ​រឹប​អូស​នាវា​ដឹក​ប្រេង​ជា​ដើម​។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌​មាន​រដ្ឋ​អ៊ីរ៉ង់​​ IRNA ​៕