នៅក្នុងខែកក្កដា កន្លងទៅតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី បានកត់ត្រាពីចំនួនអ្នកស្លាប់ និងបានរកឃើញថា អត្រាមរណៈរបស់ប្រជាជនបានកើនឡើងដល់ចំនួន ៧% ដែលចំនួននេះច្រើនលើសពីធម្មតា។
អាត្រាមរណៈដែលមានចំនួន ៧% របស់ប្រជាជនអ៊ីតាលីនាពេលថ្មីៗនេះ ជាផលប៉ះពាល់ដែលបណ្ដាលមកពីការវាយលុកនៃរលកកម្ដៅទៅលើទីក្រុងមួយចំនួនរបស់ប្រទេសនេះ។
នៅក្នុងទិន្នន័យប្រចាំខែចុងក្រោយបំផុតរបស់ខ្លួនក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីតាលី បានកត់សម្គាល់ពីឥទ្ធិពលនៃសីតុណ្ហភាពខ្លាំងលើអត្រាមរណភាពរបស់ប្រទេសក្នុងខែកក្កដា បើប្រៀបធៀបទៅនឹងអត្រាជាមធ្យមដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩។
ទិន្នន័យដដែលនេះក៏បានកត់សម្គាល់ដែរថា សីតុណ្ហភាពបានកើនឡើងលើសពី 40 អង្សារសេ ដែលបណ្តាលឱ្យចំនួនអ្នកស្លាប់មានច្រើនជាងការរំពឹងទុកជាពិសេសប្រជាជនដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើងទៅ។
យ៉ាងណាមិញអត្រាមរណភាពកើនឡើងជាពិសេសនៅក្នុងទីក្រុងភាគខាងត្បូងដូចជា ទីក្រុង Bari, Catania និងReggio Calabria។ ផ្ទុយទៅវិញអត្រាមរណៈនៅក្នុងទីក្រុងនានានៅភាគខាងជើងនៃប្រទេស បែរជាមិនសូវរងឥទ្ធិពលពីរលកកម្តៅពោល គឺទាបជាងការរំពឹងទុកដោយបានធ្លាក់ចុះ ១៤% បើធៀបទៅនឹងអត្រាមរណៈក្នុងឆ្នាំកន្លងទៅ។
គួរបញ្ជាក់ថាប្រទេសអ៊ីតាលី ជាប្រទេសនាំមុខគេនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងចាប់តាំងពីរលកកំដៅបានវាយប្រហារប៉ែកអឺរ៉ុបភាគខាងត្បូង កាលពីខែមុន ជាមួយនឹងសីតុណ្ហភាពដ៏ក្តៅដែលនាំឱ្យមានអគ្គិភ័យជាច្រើន និងជំរុញឱ្យមានការស្លាប់ជាបន្តបន្ទាប់របស់ប្រជាជន។
ជាការរំលឹកផងដែរថា កំណត់ត្រាសម្រាប់សីតុណ្ហភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបត្រូវបានបំបែក កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ នៅពេលដែលសីតុណ្ហភាពបានហក់ឡើងដល់ ៤៨.៨ អង់ស្សាសេ នៅ Floridia ដែលជាទីក្រុងមួយដែលស្ថិតនៅលើកោះឈ្មោះថា Sicilian នៃប្រទេសអ៊ីតាលី។
សម្រាប់ឆ្នាំនេះអ្នកជំនាញដាក់ការទស្សន៍ទាយថា ប្រទេសអ៊ីតាលី អាចនឹងឈានទៅបំបែកកំណត់ត្រាទាក់ទងនឹងសីតុណ្ហភាពនេះសារជាថ្មី ដែលមានន័យថា រលកកម្ដៅនាឆ្នាំនេះទំនងនឹងកាន់តែអាក្រក់ជាងឆ្នាំ ២០២១ ទៅទៀត៕