​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ បាន​​ឱ្យ​ដឹង​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា​ ឧក្រិដ្ឋកម្ម​សង្រ្គាម ​ដែល​​យោធា​មីយ៉ាន់ម៉ា ​​ប្រព្រឹត្ត​រួម​ទាំង​ការ​ប្រហារ​ជីវិត​ទ្រង់​ទ្រាយ​ធំ​ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ មាន​ការ​កើន​ឡើ​ង​ជា​ខ្លាំង​ដោយ​ «​កាន់​តែ​ញឹក​ញាប់​ និ​ង​គួរ​ឱ្យ​ខ្លាច​»​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌​មាន​ AFP។

​ក្នុង​របាយការណ៍​​ដែល​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ យន្តការ​ស៊ើប​អង្កេត​ឯករាជ្យ​សម្រាប់​មីយ៉ាន់ម៉ា​ (IIMM) ដែល​ជា​អង្គភាព​បង្កើត​ឡើង​ដោយ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហប្រជាជាតិ​ បាន​និយាយ​ថា​ មាន​ «​ភស្តុតាង​ដ៏​រឹ​ង​មាំ​ ដែល​ថា​​យោធា​មីយ៉ាន់ម៉ា​ និង​កង​ជីវពល​សម្ព័ន្ធ​របស់​ខ្លួន​ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​ដែល​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​គ្នា​ចំនួន ​​៣ ​ប្រភេទ​» ដែល​វា​កើន​ឡើង​កាន់​តែ​ញឹក​ញាប់​ ហើយ​កាន់​តែ​​ឃោរឃៅ​។ ​

​របាយការណ៍​ដែល​ប្រមូល​​ទិន្នន័យ​ពី​ចន្លោះ​​ខែ​កក្កដា​ ឆ្នាំ​ ២០២២​ ដល់​ខែ​មិថុនា​ ឆ្នាំ​ ២០២៣​ ​បាន​លើក​ឡើង​ពី​ «​ការ​សម្លាប់​ជន​ស៊ីវិល ​ឬ​អ្នក​ប្រយុទ្ធ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​»​ ក៏​ដូច​ជា​ការ​ធ្វើ​ទារុណ​កម្ម​ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ដ៏​គួរ​ឱ្យ​រន្ធត់​ជា​ដើម​។


​លោក​ Nicholas Koumjian​ប្រធា​ន​ IIMM ​បាន​និយាយ​ថា​​៖ «​រាល់​ការ​បាត់​បង់​អាយុ​ជីវិត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​ជា​សោកនាដកម្ម ​ប៉ុន្តែ​ការ​បំផ្លិច​បំផ្លាញ​ដែល​បង្ក​ឡើង​ដល់​សហគមន៍​ទាំង​មូល​តាម​រយៈ​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស ​និង​ការ​ដុត​ភូមិ​ ពិត​ជា​គួរ​ឱ្យ​តក់​ស្លុត​ខ្លាំង​»​។

លោក​បន្ត​ថា​៖ «​ភ័ស្តុតាង​របស់​យើង​ចង្អុល​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​និង​ឧក្រិ​ដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​ ជាមួយ​នឹង​ការ​វាយ​ប្រហារ​យ៉ាង​ទូលំ​ទូលាយ​ និង​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​ជន​ស៊ីវិល​។​យើង​កំពុង​កសាង​សំណុំ​រឿង ​ដែល​អាចឱ្យ​តុលាការ​ប្រើ​ប្រាស់​ ដើម្បី​ឃុំ​ខ្លួន​ជន​ល្មើស​ម្នាក់​ៗ​»​។


គួរ​​បញ្ជាក់​ថា​ IIMM ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៨ ​ដើម្បី​ប្រមូល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់​ធ្ងរ​បំផុត​ និង​រៀប​ចំ​ឯកសារ​សម្រាប់​ការ​កាត់​ទោស​ព្រហ្ម​ទណ្ឌ​។​ ខណៈ​​មិន​ដែល​ទទួល​បាន​ការ​​​អនុញ្ញាត​ឱ្យ​​ចូល​ទៅ​មីយ៉ាន់ម៉ា​​ដោយ​ផ្ទាល់​ ​​​ក្រុម​នេះបាន​និយាយ​ថា​ ខ្លួន​​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ជាង​ ៧០០ នាក់​ ហើយ​​ប្រមូល​ «​ព័ត៌មាន​ជាង​ ២៧​ លាន​ ទិន្នន័យ​»​ រួម​ទាំង​សម្ដី​របស់​​សាក្សី ​ឯកសារ ​រូប​ថត​ វីដេអូ ​ភស្តុតាង​ធ្វើ​កោសល្យ​វិច្ច័យ ​និង​រូបភាព​ពី​ផ្កាយ​រណប​។​

​IIMM ដែល​សហការ​​ជាមួយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ បាន​និយាយ​ថា​ ខ្លួន​ «​គ្រោង​នឹង​ពន្លឿន​ការ​ប្រមូល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់​ធ្ងរ​បំផុត​»​។ ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​ក្រុម បាន​និយាយ​ថា​ ​ ​ខ្លួន​​សង្គត់​ធ្ងន់​លើ​ការ​ស្វែង​រក​«​ភស្តុតាង​នៃ​​ទំនាក់​​ទំនង​»​ ដែល​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​​បុគ្គល​ជាក់​លាក់​ ជា​ពិសេស​មន្ត្រី​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា​។

​របាយការណ៍ ​IIMM ​បាន​ពន្យល់​ថា​ មេបញ្ជាការ​យោធា​មាន​កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ​ ដើម្បី​ទប់​ស្កាត់​ និង​ផ្តន្ទាទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​ប្រព្រឹត្ត​ដោយ​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​ពួក​គេ​។​ របាយការណ៍​ថា​​៖ «​ការ​មិន​អើពើ​នឹង​ឧក្រិដ្ឋកម្ម​បែប​នេះ​ម្តង​ហើយ​ម្តង​ទៀត​ អាច​បង្ហាញ​ថា​ អាជ្ញាធរ​ជាន់​ខ្ពស់​មាន​បំណង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាំង​នេះ​»​។

របាយការណ៍​ដដែល​ បាន​​​គូស​បញ្ជាក់​ពី​ភស្តុតាង​នៃ​ការ​ប្រើ​​ទាហាន​កុមារ​​ពី​​«​តួអង្គ​ប្រដាប់​អាវុធ​ផ្សេង​ៗ​គ្នា​»​ ហើយ​បាន​និយាយ​ថា​​មាន​«​ភស្តុតាង​កាន់​តែ​ច្រើន​ឡើង​ៗ​ទាក់​ទង​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ អំពើ​ហិង្សា​ផ្លូវ​ភេទ​ និង​ទម្រង់​នៃ​ការ​ធ្វើ​បាប​យ៉ាង​ធ្ងន់​ធ្ងរ​ផ្សេងៗ​​ទៀត​ នៅ​កន្លែង​ឃុំ​ឃាំង​ជា​ច្រើន​»​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​ភ័ស្តុតាង​បង្ហាញ​ថា​ ឧក្រិដ្ឋកម្ម​បែប​នេះ​​ប្រព្រឹត្ត​​ឡើង​យ៉ាង​​​​ឃោរឃៅ ​និង​គ្រោះ​ថ្នាក់​ខ្ពស់​បំផុត​ដល់​ជន​រ​ងគ្រោះ​ រួម​ទាំង​ការ​រំលោភ​​ដោយ​ប្រើ​វត្ថុ​ផ្សេង​ៗ​​​​ការ​ធ្វើ​ឱ្យ​ជន​អាម៉ាស​ក្នុង​រូបភាព​ផ្សេង​ៗ​ ការ​កាត់​រាងកាយ​ជន​រង​គ្រោះ​ ​ការ​រំលោភ​សេព​សន្ថវៈ​ជា​​ក្រុម​ និង​ដោយ​​ក្មេង​ទំនើង​ និង​ទាសករ​ផ្លូវ​ភេទ​​ជា​ដើម​។

គួរ​រំឭក​ថា​ ​មីយ៉ាន់ម៉ា​ បាន​ធ្លាក់​ទៅ​ក្នុង​ភាព​ចលលចល​នៃ​អំពើ​ហិង្សា​ក្នុង​ប្រទេស​យ៉ាង​ហិង្សា​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ នៅ​ខែ​កុម្ភៈ​ឆ្នាំ​ ២០២១​ ដែល​ចាប់​ពី​ពេល​នេះ​មក​ ក្រុម​យោធា​មីយ៉ាន់ម៉ា​ បាន​ធ្វើ​ការ​បង្រ្កាប​លើ​​សម្លេង​ប្រឆាំង​ និង​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ផ្សេង​ៗ​យ៉ាង​​បង្ហូរ​ឈាម​ ទូទាំង​ប្រទេស​។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កន្លង​មក​ រដ្ឋាភិបាល​យោធា​​បាន​បដិសេធ​ថា​ អំពើ​ឃោរឃៅ​បាន​កើត​ឡើង​ ក្នុង​អំឡុង​ពេល​ដែល​ខ្លួន​ អនុវត្ត​យុទ្ធនាកា​រ​ស្រប​ច្បាប់​ប្រឆាំង​នឹង​«​ភេរវករ​» ពោល​គឺ​ងារ​ដែល​ក្រុម​យោធា​ដាក់​​ឱ្យ​ក្រុម​ប្រឆាំង​នឹង​ខ្លួន​៕