​នៅ​ថ្ងៃទី ​៨ ខែសីហា ក្រសួង​ការបរទេស​ចិន បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត ឱ្យ​ហ្វីលីពីន​អូស​នាវាចម្បាំង ១ ​គ្រឿង​ ដែល​បាន​លិច​កាលពី​សម័យ​សង្គ្រាម​លោក​លើក​ទី២ និង​ដែលមាន​សភាព​ទ្រុឌទ្រោម​ដោយ​ច្រែះ​ស៊ី​ខ្លាំង​ចេញពី​តំបន់​ជម្លោះ ប៉ុន្តែ​ភាគី​ហ្វីលីពីន​បាន​ជូនដំណឹង​ដល់ទី​ក្រុង​ប៉េកាំង​វិញ​ថា ខ្លួន​នឹងមិន​ចាក​ចេញពី​តំបន់​នោះទេ​។​

​វិវាទ​នៅ​ជុំវិញ​តំបន់ឆ្នេរ ថូ​ម៉ា​សសូល​ទី២ (Second Thomas Shoal)​ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​បាន​កើតមានឡើង​បន្ទាប់ពី​ទីក្រុង​ម៉ានីល​ បាន​ចោទ​ប្រកាន់​ឆ្មាំ​ឆ្នេរ​របស់​ប្រទេស​ចិន​ថា ​បានធ្វើ​សកម្មភាព​ហួស​ព្រំ​​ដែន និង​បាន​វាយលុក​ប្រឆាំង នឹង​នាវា​ហ្វីលីពីន​។​

​ក្រសួងការបរទេស​ចិន​បាន លើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «​ចិន​បាន​ជំរុញ​ជាថ្មី​ម្តងទៀត ឱ្យ​ភាគី​ហ្វីលីពីន​ដក​នាវាចម្បាំង​ចេញពី​តំបន់ឆ្នេរ​ថូ​ម៉ា​សសូល​ទី​២​ ជាបន្ទាន់ ហើយ​ត្រូវដាក់​តំបន់​នេះ​ទៅជា​តំបន់​ដែល​គ្មាន​ការគ្រប់គ្រង និង​កាន់កាប់​ដោយ​ប្រទេស​ណាមួយ​នោះទេ​»​។​


​ក្រសួងការបរទេស​ចិន​ថា ទោះបី​ខ្លួន​បាន​ជជែក​ច្រើនលើកច្រើនសា​លើ​បញ្ហា​នេះ ប៉ុន្តែ​ហ្វីលីពីន​មិនបាន​អើពើ​ចំពោះ​ឆន្ទៈ​ល្អ​របស់​ចិន​ទេ​។

​លោក ចូ​ណា​ថា​ន ម៉ា​ឡា​យ៉ា ​(Jonathan Malaya)​ ដែលជា​ជំនួយការ​អគ្គនាយក​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន តែងតែបាន​លើកឡើង​ម្តង​ហើយ​ម្តង​ទៀតថា ហ្វីលីពីន​នឹងមិន​បោះ​បង់​គោលជំហរ​របស់​ខ្លួន​នៅ​តំបន់ឆ្នេរ​មួយ​នេះ​ទេ​។​


​លោក​បាន​បន្ថែមថា​៖ «​យើង​សូម​ជំ​រុញឱ្យ​ប្រទេស​ចិន​កុំ​ធ្វើឱ្យ​បញ្ហា​កាន់តែ​រីក​ធំ​ទៅៗ ដោយ​ប្រើប្រាស់​កាំភ្លើង​កាណុង​ឬ​ឡា​ស៊ែរ​យោធា ដែល​ទាំងអស់នេះ​បានធ្វើឱ្យ​ហ្វីលីពីន​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​។ ផ្ទុយទៅវិញ ភាគី​ចិន​ត្រូវ​ចូលរួម​ចរចា​ដោយស្មោះ​ត្រង់ និង​ដោះស្រាយ​តាម​មធ្យោបាយ​ការទូត​ជាច្រើន​ផ្សេងៗ​ទៀត​»៕