ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​នា​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​ចិន​ បាន​រកឃើញ​ចារកម្ម​ម្នាក់ ហើយ​បាន​ចោទ​ប្រកាន់ថា​ជាទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​របស់​សហរដ្ឋអាមេរិក ហៅកាត់​ថា CIA។ ចិន​បាន​សន្មត​ថា ចារកម្ម​ជា​ជនជាតិ​ចិន​នោះ ជាអ្នក​ដែល​ធ្វើ​ការឱ្យ​ក្រុម​យោធា ហើយ​ត្រូវបាន​ផ្តល់ប្រាក់ និង​អន្តោប្រវេសន៍​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជា​ថ្នូរ​នឹង​ព័ត៌មាន​យោធា​របស់​ចិន។

របាយការណ៍​របស់ CCTV បាន​និយាយថា បុរស​ជនជាតិ​ចិន​ឈ្មោះ Zeng ជា​មនុស្ស​ដែល​គេ​បាន​ចាត់តាំង​មក​នោះ ពី​ដើមឡើយ​បាន​ទៅ​ប្រទេស​អ៊ីតាលី​ដើម្បី​បន្ត​ការសិក្សា ហើយ​ខណៈពេលដែល​រស់​នៅ​ទីនោះ គេ​ក៏បាន​ស្គាល់​ជាមួយ​មន្ត្រី​ស្ថានទូត​អាមេរិក។

របាយការណ៍​ដដែលរ​បស់​រដ្ឋ​ចិន​បានឱ្យដឹង​ទៀតថា Zeng ត្រូវបាន​គេ​រកឃើញថា​បាន​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ចារកម្ម​ជាមួយ​សហរដ្ឋអាមេរិក និង​បានទទួល​ការបណ្តុះបណ្តាល​មុនពេល​ត្រឡប់មក​ប្រទេស​ចិន​វិញ​ដើម្បី​អនុវត្ត​សកម្មភាព​ចារកម្ម។


ពាក់ព័ន្ធ​នឹង​ករណី​ចារកម្ម​នេះ CCTV បាន​និយាយថា ខ្លួន​បាន​ចាត់វិធានការ​បង្ខិតបង្ខំ​លើ​បុរស​រូបនេះ ចំពោះ​ចម្លើយ​សារភាព ប៉ុន្តែ​ជា​លទ្ធផល​រូបគេ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ណាមួយ​បន្ថែមទៀត​ទេ។

យ៉ាងណាមិញ តាមរយៈ​ការរកឃើញ​បែបនេះ ធ្វើឱ្យ​ប្រទេស​ចិន​កាន់តែ​បង្កើន​ការត្រួតពិនិត្យ​របស់ខ្លួន​លើ​អ្វីដែល​ខ្លួន​ចាត់ទុក​ថាជា​សកម្មភាព​ចារកម្ម។


ក្នុងនោះ កាលពីដើម​ខែសីហា ក្រសួង​សន្តិសុខ​រដ្ឋ​ចិន​បាន​និយាយថា ប្រទេសជាតិ​គួរតែ​លើក​ទឹកចិត្ត​ពលរដ្ឋ​របស់ខ្លួន​ឱ្យ​ចូលរួម​ក្នុង​ការងារ​ប្រឆាំង​ចារកម្ម រួមទាំង​ការបង្កើត​បណ្តាញ​សម្រាប់​បុគ្គល​ដើម្បី​រាយការណ៍​ពី​សកម្មភាព​គួរឱ្យ​សង្ស័យ ក៏ដូចជា​ការសរសើរ និង​ផ្តល់រ​ង្វាន់​ដល់​ពួកគេ។

កាលពី​ខែកក្កដា​កន្លងទៅនេះ​ផងដែរ ប្រទេស​ចិន​បាន​ណែនាំ​ច្បាប់​ប្រឆាំង​ចារកម្ម​ដែល​ហាមប្រាម​ការផ្ទេរ​ព័ត៌មាន​ណាមួយ​ដែល​ទាក់ទង​នឹង​សន្តិសុខ និង​ផលប្រយោជន៍​ជាតិ​ដោយ​មិន​កំណត់​លក្ខខណ្ឌ។​

ច្បាប់​ថ្មី​នេះ​បានធ្វើឱ្យ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ ខណៈដែល​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ នៅ​ប្រទេស​ចិន​បាន​និយាយ​កាលពី​ខែឧសភា​ថា លោក​មិន​ប្រាកដថា​ការបើកចំហ​សេដ្ឋកិច្ច​របស់​ចិន​ដើរ​ស្របគ្នា​ទៅនឹង​ច្បាប់​ប្រឆាំង​ចារកម្ម​នោះ​ឬអត់ទេ៕​