​ក្បួន​រថយន្តយោធា​ប៉ា​គី​ស្ថាន​ដែល​អមដំណើរ​គណៈប្រតិភូ​ចិន​ដែល​ធ្វើដំណើរ​ទៅកាន់​គម្រោង​សាងសង់​មួយកន្លែង ត្រូវបាន​លួច​វាយឆ្មក់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ជិត​កំពង់ផែ​យុទ្ធសាស្ត្រ​ភាគ​និរតី​នៃ​ទីក្រុង​​ Gwadar​។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រុម​យោធា និង​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​កា​រ៉ា​ជី (Karachi) នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ភេរវ​ករ​បាន​ប្រើ​អាវុធ​ធុន​តូច​ និង​គ្រាប់បែកដៃ​ក្នុងអំឡុង​ពេលធ្វើ​សកម្មភាព​ក្នុងនោះ​ភេរ​វករ​ ២​ នាក់​ត្រូវបាន​សម្លាប់ និង​មិនមាន​ការខូចខាត​ណាមួយ​ដល់​បុគ្គលិក​យោធា ឬ​ជន​ស៊ីវិល​ណាមួយ​ទៀតឡើយ​»​។​

​ស្ថានទូត​របស់​ចិន​នៅ​ទីក្រុង Karachi ភាគខាងត្បូង​ប្រទេស​បាន​ថ្កោលទោស​ការវាយប្រហារ​នេះ បើទោះជា​ពលរដ្ឋ​របស់​ខ្លួន​មិនមាន​របួស​ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏ដោយ​។​


​មន្ត្រី​សន្តិសុខ​ប៉ា​គី​ស្ថាន​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា អ្នក​វាយប្រហារ​ ២​ នាក់​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​ ប៉ុន្តែ​គ្មាន​បង្ក​ជា​ស្នាមរបួស​ណាមួយ​ទៅដល់​អ្នក​នៅក្នុង​ក្បួន​នោះទេ​។ ប្រភព​ដដែល​បាន​បន្តទៀតថា​ការ​វាយ​ប្រហារ​បាន​ផ្តោតលើ​អ្នកដំណើរ​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​ពី​អាកាសយានដ្ឋាន​ Gwadar ​ឆ្ពោះទៅ​ការដ្ឋាន​សំណង់​ក្នុង​តំបន់​កំពង់ផែ​នោះ​។​

​ក្រុម​បំបែក​ខ្លួន​នៃ​កងទ័ព​រំដោះ និង​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​និយាយថា​ប៉ា​គី​ស្ថាន​បាន​កេងប្រវ័ញ្ច​ធនធានធម្មជាតិ​របស់​ទីក្រុង​ Gwadar​ ហើយ​បាន​ទាក់ទាញ​វិនិយោគ​ចិន​សម្រាប់​ការគាំទ្រ​ជា​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​


​ក្រុង ​Gwadar​ មាន​ទីតាំងនៅ​ជិត​ច្រក​សមុទ្រ Hormuz ដែលជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​នៅក្នុង​សមុទ្រ​អារ៉ាប់​ហើយ ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ក្រោម​ការគ្រប់គ្រង​របស់​ចិន​៕