នៅ​មុន​មួយថ្ងៃ ​ដែលតុលាការ​ធម្មនុញ្ញថៃ​ សម្រេ​ច​សេចក្តី​លើ​​សំណុំ​រឿង​ប្តឹង ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​ មេដឹកនាំ​គណបក្ស​​ឆ្ពោះទៅមុខ (Move Forward Party) លោក ភិថា ​លឹមចារើនរ៉ាត (Pita Limjaroenrat) តាមបណ្តាញ​សង្គមហ្វេសប៊ុករបស់ខ្លួន បាន​ចោទ​សួរថា​តើ​​រូប​លោក​ជា​ជនរងគ្រោះ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​​នយោបាយ ​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (EC) ដែរឬទេ?

បណ្តាញ​សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​នៅថ្ងៃ​នេះថា លោក​​ភិថា​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ ដោយ​បង្ហាញ​ថា​ លោក​ចង់ដឹងថា តើ​គណៈកម្មាធិការ​ស៊ើបអង្កេត​បានបញ្ចប់​ការស៊ើបអង្កេត​​របស់ខ្លួន​ដែរឬទេ មុនពេល​ដែល​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​ស្នើឱ្យ​តុលាការ​ធម្មនុញ្ញ​ ព្យួរ​គាត់​ពី​ការបំពេញ​មុខងារ​ជា​សមាជិកសភា បើទោះបីជា EC អះអាងថា​ដំណើរការ​ស៊ើបអង្កេត និង​ញត្តិ​​ បញ្ជូន​ទៅតុលាការ​ធម្មនុញ្ញ​គឺជា​បញ្ហា​ដាច់ដោយឡែក។

លោក ភិថា បាន​សំដៅ​ទៅលើ​ករណី​កាន់កាប់​ភាគហ៊ុន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពីមុន ដែល​ពាក់ព័ន្ធ​នឹង​សមាជិកសភា​ប្រហែល៦០​នាក់ ដោយ​និយាយថា តុលាការ​ធម្មនុញ្ញ​មិនបាន​បញ្ជា​​ឱ្យ​ពួកគេ​ណាមួយ​ត្រូវបាន​ព្យួរ​ពី​ការបំពេញ​មុខងារ​រប​ស់​ពួកគេ​ទេ ប៉ុន្តែ​ក្នុងករណីនេះ​​កើត​មាន​ចំពោះ​រូប​លោក​ ។


​លោក ភិថា បាន​សរសេរ​ថា៖​«ខ្ញុំ​ចង់​ស្នើ​ឱ្យ​សង្គម​វិនិច្ឆ័យ​ថា​តើ​ដីកា​បែបនេះ​យុត្តិធម៌​ឬ​អត់?»​

លោក ភិថា​ ជាមេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ​​ ដែលឈ្នះការបោះឆ្នោត​​​​កាល​ពីថ្ងៃ​​១៤​ ខែ​ឧសភា កន្លងមក ប៉ុន្តែ​ការឈ្នះនោះ​មិនបាន​​គ្រប់ចំនួន ​​សម្រាប់បង្កើត​រដ្ឋាភិបាលឡើយ។​​ លោក ភិថា​ ជាអ្នក​នយោបាយ​វ័យក្មេង​​ដាក់ចេញ​នូវ​សារ​នយោបាយ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​បន្ថយ​អំណាច​ព្រះ​រាជវាំង​ជាពិសេស​​​បន្ថយ​ទោស​ទណ្ឌ​ចំពោះ​ការ​និយាយប៉ះពាល់​ព្រះមហាក្សត្រ និង​ម្យ៉ាងទៀត​​​ក៏​បេ្តជ្ញា​កែទម្រង់​យោធា​​ឱ្យ​នៅឆ្ងាយ​ពីអំណាច​រដ្ឋ៕