ប្រទេស​ហ្វីលីពីន ​ស្វែងរក​ការពង្រឹង​សមត្ថភាពរ​បស់​ខ្លួន​ក្នុងការ​ដោះស្រាយ​ការគំរាមកំហែង ខណៈពេលដែល​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត និង​បន្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ក្នុងពេល​តែមួយ ក្រោម​គោលនយោបាយ​សន្តិសុខ​ជាតិ​រយៈពេល​ប្រាំ​មួយឆ្នាំ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។​

ហ្វីលីពីន​ជា​ដែន​ដី​នៅអាស៊ីអាគ្នេយ៍ បាន​ដាក់​ចេញ​ឯកសារ​គោលនយោបាយ​សន្តិសុខ​ជាតិកម្រាស់​៤៨ទំព័រ ដែល​ប្រធានាធិបតី Ferdinand Marcos Jr បានអនុម័ត​នាពេលថ្មីៗនេះ ដោយ​ឯកសារ​នោះ​បាន​គូសបញ្ជាក់​ពី «ការពង្រឹង​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​ចិន» និង «ការបង្កើន​ការប្រកួតប្រជែង​ក្នុងចំណោម​មហា​អំណាច​ធំៗ​» ដែល​​រួមចំណែក​ដល់ «ទិដ្ឋភាព​​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​តានតឹង»​។

រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​ឯកសារ​ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​​ដោយ​សំដៅ​ទៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់​ថា​​«ការព្រួយបារម្ភ​ចម្បង​ក៏ត្រូវ​បាន​គេ​មើលឃើញ​ផងដែរ​នៅក្នុង​ទំនាក់ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​ដែលមាន​សក្តានុពល​ក្នុងការ​ក្លាយជា​ចំណុច​សំខាន់​នៅក្នុង​តំបន់»។


«ហ្វីលីពីន​ព្រួយបារម្ភ​អំពី​ស្ថិរភាព​សេដ្ឋកិច្ច​របស់ខ្លួន លំហូរ​ជនភៀសខ្លួន​ដែលមាន​សក្តានុពល និង​សុខុមាលភាព​របស់​ប្រជាជន​នៅក្រៅ​ប្រទេស»។

ទីក្រុង​ប៉េកាំង ដែល​​​ប្រកាស​តៃវ៉ាន់​​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង ជា​កម្មសិទ្ធិ​របស់ខ្លួន​នោះ​ បាន​និង​កំពុង​ធ្វើ​សមយុទ្ធ​យោធា នៅក្នុង​ដែនទឹក​នៃ​កោះ​នេះ ដើម្បី​ទាមទារ​អធិបតេយ្យភាព​របស់ខ្លួន។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន​បាន​រិះគន់​សម្ពាធ​បែបនេះ​លើ​តៃវ៉ាន់។


រដ្ឋាភិបាល​​ហ្វីលីពីន​បាន​និយាយ​នៅក្នុង​ឯកសារ​ថា៖​«ជម្លោះ​យោធា​ណាមួយ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នឹង​ជះឥទ្ធិពល​​ដោយ​ជៀស​មិន​រួច​ពី​ហ្វីលីពីន ដោយសារ​ភូមិសាស្ត្រ​ជិត​កោះ​តៃវ៉ាន់​ទៅនឹង​ប្រជុំ​កោះ​ហ្វីលីពីន និង​វត្តមាន​របស់​ប្រជាជន​ហ្វីលីពីន​ជាង ១៥ម៉ឺន​នាក់​នៅ​តៃវ៉ាន់»​។​

ផែនការ​នេះ​​ក៏​បាន​គ្របដណ្តប់​លើ​អាទិភាព​សន្តិសុខ​ស្បៀងអាហារ និង​ថាមពល​របស់​រដ្ឋាភិបាល ហើយ​បានកត់សម្គាល់​ថា​សមុទ្រ​ចិន​ខាងត្បូង «នៅតែ​ជា​ផលប្រយោជន៍​ជាតិ​ចម្បង»។

ហ្វីលីពីន ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​លើ​ផ្នែក​នៃ​សមុទ្រ​បាន​និយាយថា៖ «ភាពខុសគ្នា​នៃ​ការទាមទារ ... វិធីសាស្ដ្រ​របស់​អ្នក​ទាមទារ​ក្នុងការ​អះអាង​ពី​ជំហរ​របស់​ពួកគេ​បន្ត​បង្កបញ្ហា​ប្រឈម​យុទ្ធសាស្ត្រ» ដែល​បង្ក​គ្រោះថ្នាក់​ដល់​បូរណភាព​ទឹកដី និង​សិទ្ធិ​របស់​ប្រជាជន។

ដើម្បី​សម្រេចបាន​នូវ​សន្តិសុខ​ថាមពល រដ្ឋាភិបាល​បាន​និយាយថា ខ្លួន​នឹង​ស្វែងរក​ការអភិវឌ្ឍ​ទុនបំរុង​នៅ​ឯនាយសមុទ្រ រួមទាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ជួយ​កាត់បន្ថយ​ការពឹង​ផ្អែក​លើ​ការនាំ​ចូល។

ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​តានតឹង​ក្រោម​​ប្រធានាធិបតី​ថ្មី លោក Marcos ខណៈ​ហ្វីលីពីន​ងាក​ទៅរក​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​អាមេរិក។

ហ្វីលីពីន​នឹង​ពង្រឹង​សន្ធិសញ្ញា​ការពារ​ទៅវិញទៅមក​ជាមួយ​សហ​រដ្ឋ​អាមេរិក រួមជាមួយ​នឹង​យន្តការ​ដែលមាន​ស្រាប់​ផ្សេងទៀត​ជាមួយ​ដៃគូ​ក្នុង​តំបន់ ដើម្បី «សម្រេចបាន​នូវ​សមត្ថភាព​ការពារ​ដែល​អាច​ទុកចិត្តបាន»៕​