អ្នកនាំពាក្យ​បេសកកម្ម​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុង​ប៉េកាំង​ជំទាស់​នឹង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង ដោយ​លើកឡើងថា វា​នឹង​គ្រាន់តែ​បង្កើន​ការប្រឈមមុខ​ដាក់គ្នា និង​ការប្រឆាំង​តទល់​គ្នា​។ នេះ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ​។

​ការជំទាស់​របស់​ចិន ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក អាល់​បា​នី និង​ជប៉ុន ស្នើ​ឱ្យមាន​កិច្ចប្រជុំ​នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដែល​វា​នឹង​ក្លាយជា​កិច្ចប្រជុំ​សាធារណៈ​ផ្លូវការ​លើកដំបូង​នៃ​ក្រុមប្រឹក្សាសន្តិសុខ​លើ​បញ្ហា​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង រាប់​ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក​។

​អ្នកនាំពាក្យ​បេសកកម្ម​ចិន​បាន​លើកឡើងថា​៖ «​ប្រទេស​ចិន​មើលឃើញថា​គ្មាន​តម្លៃបន្ថែម​សម្រាប់​ក្រុមប្រឹក្សា​ដើម្បី​ឱ្យមាន​កិច្ចប្រជុំ​បែបនេះ​ទេ​»​។


​លោក​បន្ថែមថា តួនាទី​របស់​ក្រុមប្រឹក្សា​នេះ​គឺ​ដើម្បី «​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​» មិនមែន​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ​។​

​អ្នកនាំពាក្យ​ដដែល​បន្តថា​៖ «​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កូរ៉េខាងជើង​គឺ​ស្ថិត​នៅក្រៅ​អំណាច​របស់​ក្រុមប្រឹក្សា​ជាការ​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើ​នយោបាយ ហើយ​គ្រាន់តែ​បម្រើ​ដល់​ការបង្កើន​ការប្រឈមមុខ​ដាក់គ្នា និង​ការប្រឆាំង​តទល់​គ្នា​ប៉ុណ្ណោះ​»​។


​បើតាម​រ៉​យ​ទ័​រ គេ​មិនទាន់​ច្បាស់​ភ្លាមៗ​ទេ ថា​តើ​ចិន​នឹង​អំពាវនាវ​សុំ​ការបោះឆ្នោត​តាម​នីតិវិធី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​រារាំង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​អះអាង​ប្រកបដោយ​ទំនុក​ចិត្ត​ថា ខ្លួន​មាន​សំឡេង​យ៉ាងតិច​ពី​៩​ប្រទេស​ដែល​ត្រូវការ​ដើម្បីឱ្យ​កិច្ចប្រជុំ​ដំណើរការ​ទៅមុខ​។ ការប្រើ​សិទ្ធិ​វេតូ មិនអាច​អនុវត្ត​លើ​បញ្ហា​នីតិវិធី​នេះ​បានទេ​។​

​កន្លងមក​កូរ៉េខាងជើង​បាន​ច្រានចោល​ការចោទប្រកាន់​ពី​ការ​រំលោភសិទ្ធិ​មនុស្ស និង​បន្ទោស​ការដាក់ទណ្ឌកម្ម​ចំពោះ​ស្ថាន​ការណ៍​មនុស្សធម៌​ធ្ងន់ធ្ងរ​។ ចាប់តាំងពី​ឆ្នាំ ២០០៦​ មក កូរ៉េ​ខាងជើង​ស្ថិតនៅក្រោម​ការ​ដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ លើ​កម្មវិធី​មី​ស៊ី​ល​ផ្លោង និង​កម្មវិធី​នុយ​​ក្លេ​អ៊ែរ​ជាដើម​។

​ប្រឈម​ភាព​តានតឹង​កាន់តែខ្លាំង កាលពី​ខែមីនា សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​បាន​ព្យាយាម​លាក់បាំង​អំពើ​ឃោរឃៅ​របស់​កូរ៉េ​ខាង​ជើង​ពី​ពិភពលោក ដោយ​ការ​បិទ​បណ្តាញ​ផ្សាយ​នៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​សមាជិក​ក្រុម​​ប្រឹក្សា​សន្តិសុខ ស្តីពី​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ផ្តាច់ការ​របស់​ក្រុង​ព្យុងយ៉ាង​៕​