​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បាន​និយាយ​​​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​រអិល​បាក់​ដី​នៅ​​អណ្តូង​រ៉ែ​ត្បូង​​ ដែល​គ្មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​ នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​កើន​ដល់​ ៣១ ​នាក់​ហើយ​ ខណៈ​មនុស្ស​ ៨ ​នាក់​ផ្សេង​ទៀត​ នៅ​តែ​បន្ត​បាត់​ខ្លួន​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

បុគ្គលិក​សង្គ្រោះ​ម្នាក់​បាន​ប្រាប់​ AFP ​ដោយ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​​៖ «​យើង​បាន​រក​ឃើញ​សាក​សព​មនុស្ស​៦​នាក់​បន្ថែម​ទៀត​នៅ​ព្រឹក​នេះ​» ​ខណៈ​មនុស្ស​៨​នាក់​ទៀត​ នៅ​តែ​​មិន​ទាន់​រង​ឃើញ​នៅ​ឡើយ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ជីក​កកាយ​ដី​ភក់​ក្រាស់​ៗ​ ដើម្បី​ស្វែង​រក​សាក​សព​ ខណៈ​សាក​សព​មួយ​ចំនួន​​ត្រូវ​បាន​​គេ​រ​​ក​ឃើញ​អណ្តែត​ក្នុង​ទឹក​។​


គួរ​គូស​បញ្ជាក់​ថា​ គំនរ​ដី​ដ៏​ធំ​ដែល​មាន​កំពស់​ប្រហែល​ ១៥០-១៨៩ ម៉ែត្រ​ ដែល​ជា​អាចម៍​ដី​ជីក​យក​ត្បូង​ បានរអិល​​​បាក់​ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​​​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ខាង​ក្រៅ​​ក្រុង ​Hpakant​ នៅ​រដ្ឋ​ភាគ​ខាង​ជើង​ Kachin។ ជា​ធម្មតា​ រដូវ​វស្សា​បាន​បង្ខំ​ឱ្យ​គេ​ផ្អាក​ប្រតិបត្តិការ​រុក​រក​រ៉ែ​ ប៉ុន្តែ​អ្នក​ដែល​ជាប់​​ក្នុង​ដី​ដែល​បាក់​ ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ប្រជាជន​មូលដ្ឋាន​ដែល​​ព្យាយាម​ស្វែង​រក​របស់​មាន​តម្លៃ​នៅ​ក្នុង​ភក់​ដែល​គេ​កាយ​រក​ត្បូង​។

​​កា​រ​ជីក​យក​រ៉ែ​ត្បូង​​នៅ​មីយ៉ាន់ម៉ា​​ ដែល​ជាប្រភព​នៃ​ត្បូង​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ ​ទទួល​បាន​ផល​ចំណេញ​ដោយ​សារ​តម្រូវ​ការ​ខ្ពស់​ពី​ប្រទេស​​ជិត​ខាង​ចិន​ ប៉ុន្តែ​ឧស្សាហកម្ម​ដែល​គ្មាន​ការ​គ្រប់​គ្រង​ត្រូវ​​នេះ​ ​មាន​គ្រោះ​ថ្នាក់​ដែល​សម្លាប់​​កម្មករ​ជា​ញឹក​ញាប់​។ ក្នុង​​ឆ្នាំ​ ២០២០​​ មនុស្ស​ជិត​ ៣០០ នាក់ ​​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​រអិល​បាក់​ដី​ដ៏​ធំ​នៅ​អណ្តូង​រ៉ែ​នៅ​ក្រុង​​​ Hpakant ដូច​គ្នា​៕