ប៉ូលិស​សិង្ហ​បុរី​បាន​ចាប់ខ្លួន​ជនបរទេស​ចំនួន ​១០​ នាក់​ ពីបទ​លាងលុយកខ្វក់​ និង​បទល្មើស​ក្លែងបន្លំ​ពាក់ព័ន្ធ​ក្នុងករណី​សាច់ប្រាក់​ប្រហែល​ ១​ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី (​ស្មើនឹង ​៧៣៧​ លាន​ដុល្លារ​អាមេរិក​) និង​រឹបអូស​អចលនទ្រព្យ​ជាច្រើន​ឡាន​ទំនើប​ និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​។​

​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​បានឱ្យដឹងថា ​ប៉ូលិស​បានធ្វើការ​វាយឆ្មក់​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ ១០ ​នាក់ ​ក្នុងពេល​ដំណាលគ្នា​នៅ​ទូទាំង​ទីក្រុង ​ដើម្បី​ចាប់ខ្លួន​។​

​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ប្រឆាំងនឹង​ក្រុម​លាងលុយកខ្វក់​នេះ​រួមមាន​អចលនទ្រព្យ​ចំនួន ​៩៤​ យានជំនិះ​ចំនួន ​៥០​ គ្រឿង​ ហើយ​បើតាម​ការប៉ាន់ស្មាន​មានតម្លៃ​សរុប​ជាង ​៨១៥ ​លាន​ដុល្លារ​សិង្ហ​បុរី​។​ ការ​រឹបអូស​ផ្សេងទៀត​រួមមាន​គណនី​ធនាគារ​សាច់ប្រាក់​កាបូប​ប្រណិត​គ្រឿងអលង្ការ​នាឡិកា​ឧបករណ៍​អេឡិចត្រូនិក​ និង​ឯកសារ​មួយចំនួន​ដែលមាន​ព័ត៌មាន​អំពី​ទ្រព្យសម្បត្តិ​និម្មិត​។​


​ប៉ូលិស​សិង្ហ​បុរី​បាន​និយាយថា ​ជនសង្ស័យ​ទាំង​ ១០​ នាក់​មាន​អាយុ​ចន្លោះ​ពី ​៣១​ ដល់​ ៤៤​ ឆ្នាំ​ ពួកគេ​មាន​សញ្ជាតិ​ដូចជា​ចិន ​ទួរគី​ ស៊ី​ប​ វ៉ា​នូ​អា​ទូ និង​កម្ពុជា​។​ ជាមួយគ្នានេះ​មនុស្ស​ចំនួន ​១២​ នាក់​ផ្សេងទៀត​ កំពុង​ជួយ​ក្នុងការ​ស៊ើបអង្កេត​រប​ស់​ប៉ូលិស​ខណៈ ​៨​នាក់​ទៀត​ត្ រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​បូលីស​សិង្ហ​បុរី​ (Singapore Police Force)​ ជនសង្ស័យ​សញ្ជាតិ​ខ្មែរ​មាន​ដល់​ទៅ ៣​រូប​ដែល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។ ជនសង្ស័យ​សញ្ជាតិ​ខ្មែរ​ទាំង ​៣ ​រូប មាន​អាយុ ៣១ ​ឆ្នាំ ៣៣ ​ឆ្នាំ និង ៤១​។​


​ជនសង្ស័យ​សញ្ជាតិ​ខ្មែរ​មួយរូប​ដែលមាន​អាយុ ៣១​ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅក្នុង​ខុន​ដូ​តាម​បណ្តោយ​ផ្លូវ Leonie Hill​។ ​នៅក្នុង​កន្លែង​ស្នាក់​របស់គេ​មាន​លិខិតឆ្លងដែន​បរទេស​ផ្សេងទៀត​ដែល​គេ​ជឿថា​ ចេញ​ដោយ PRC និង​សាធារណរដ្ឋ​ដូ​មី​នី​កែន​។​

​ប៉ូលិស​រឹបអូស​បាន​លុយ​សុទ្ធ​របស់គេ​ជិត ៦០០ ០០០​ ដុល្លារ​សិង្ហ​បុរី​ និង​លុយ​បរទេស​មួយចំនួន​ផ្សេងទៀត​រួមទាំង​គ្រឿងអលង្ការ ២៣​ គ្រឿង​នាឡិកា​ប្រណីត​ ៦​ គ្រឿង ​ឯកសារ​ ១១​ សន្លឹក ឧបករណ៍​អេឡិចត្រូនិក​ ១២​ គ្រឿង និង​រថយន្ត ៣​ គ្រឿង​ដែល​ប៉ាន់ស្មាន​ទៅ​មានតម្លៃ ជាង​ ១២,៦ ​លាន​ដុល្លារ​សិង្ហ​បុរី​។​បន្ថែម​ពីលើ​នេះ​ប៉ូលីស​ក៏បាន​បង្កក​គណនី​ធនាគារ​របស់គេ​ចំនួន ​២ ​ផងដែរ​។​

​ប៉ូលីស​សិង្ហ​បុរី​បាន​បញ្ជាក់ថា ​ក្រុម​បក្សពួក​លាងលុយកខ្វក់​នេះ​បានធ្វើ​សកម្មភាព​តាមរយៈ ក្លែងបន្លំ​ព័ត៌មាន​ដែលជា​សកម្មភាព​ខុសច្បាប់ រួមទាំង​ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​បញ្ជាក់​ប្រភព​លុយ​នៅក្នុង​គណនី​ធនាគារ​សិង្ហ​បុរី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ធនាគារកណ្តាល​សិង្ហ​បុរី​បាន​និយាយថា​ខ្លួន​បាន​ទាក់ទង​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ (FIs) ដើម្បី​ស្វែងរក​មុខសញ្ញា​សក្តានុពល​ដែល​លាង​លុយ​នោះ​។​ការចូលរួម​ត្រួតពិនិត្យ​ជាមួយ FIs កំពុងដំណើរការ​ខណៈ​ដោយ​ធនាគារកណ្តាល​សិង្ហ​បុរី​មិនបាន​បញ្ចេញ​ឈ្មោះ​ស្ថាប័នហិរញ្ញវត្ថុ​នោះទេ​៕