មេដឹកនាំ​សំខាន់​ៗ​​​​នៃ​​ប្រទេស​ជាសមាជិក​​​ BRICS ដែលមាន​ប្រទេ​ស​​ ប្រេស៊ីល ​រុស្ស៊ី ​ឥណ្ឌា ​ចិន និង​អាហ្រ្វិក​ខាងត្បូង នឹ​ង​ធ្វើដំណើរ​ទៅកាន់​អាហ្រ្វិក​ខាងត្បូង​​ដែល​​​ធ្វើជាម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៥ ​​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍សេដ្ឋកិច្ច​នេះ​ ចាប់ពីថ្ងៃទី ២២​ ខែ​​ដល់​ថ្ងៃ​ទី ២៤ ខែសីហា​នេះ​។

​វត្តមាន​​របស់​លោក វ៉្លាឌីមៀ ពូទីន ត្រូវ​អាក់​ខាន​​ពី​កិច្ច​ប្រជុំ​កំពូល​មួយនេះ ដោយសារ​​គេចចេញ​ពីភាព​ចម្រូងចម្រាស់​​លើ​ការ​ចាប់​ខ្លន​​​​លោក​ពូទីន​​តាមដីកា​​របស់​​​តុលាការ​ឧក្រដ្ឋកិច្ច​អន្តរជាតិ (ICC) ដែល​ប្រទេសអាហ្រ្វិក​ខាងត្បូង​ជា​​សមាជិក​ហត្ថលេខី​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​​។​


​កិច្ច​ប្រជុំ​កំពូល​ BRICS ​​​ជា​វេទិកា​អន្តរជាតិ​សំខាន់​​មួយ​សម្រាប់លោក​ពូទីន ក្នុង​ការ​ចូលរួម​ ​​ដើម្បី​​​រក្សាមុខ​មាត់​ក្នុង​ឆាកអន្តរជាតិ ខណៈដែល​​​​រុស្ស៊ី​​​បាក់​មុខ​មាត់​យ៉ាង​ខ្លាំង​​លើ​ឆាក​អន្តរជាតិ ចាប់​តាំងពីការឈ្លាន​ពា​ន​អ៊ុយក្រែន​បាន​កើត​ឡើង​​កាល​ពីថ្ងៃទី​២៤​ខែ​កុម្ភៈឆ្នាំ​២០២២។​

លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតី​ចិន​​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ BRICS នៅ​អាហ្វ្រិក​ខាងត្បូង ចាប់​ពីថ្ងៃទី​២១​​ដែលថ្ងៃ​ទី​២៤​​ខែសីហា​នេះ​។ តាមសេចក្តីរាយការ​ណ៍​រប​ស់​ AL JAZEERA ​លោក​ ស៊ី​ ធ្វើដំណើរ​ទៅ​កាន់​​​តំបន់​អាហ្រ្វិក​​​លឿន​យ៉ាង​ដូច្នោះ​គឺ​ដើម្បី​ពង្រីក​​​​នូវ​ការ​សន្ទនា​​ជាមួយ​មេដឹកនាំ​តំបន់​អាហ្វ្រិក​។


ប្រធានាធិបតី​ចិន​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ ២០១៨ ខណៈដែល​លោក​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​នៅ​​អាហ្វ្រិក។

ដំណើរ​ទស្សនកិច្ច​​របស់​លោក​ស៊ី​លើក​នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើក​ទី​ពីរ​របស់លោកនៅ​ឆ្នាំ២០២៣ បន្ទាប់ពី​លោក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ក្នុង​ខែមីនា។

​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​កិច្ច​ប្រជុំ​កំពូល​ BRICS ពីថ្ងៃទី​២២​ដល់ថ្ងៃទី​២៤​។​

តុលា​ការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​​ បាន​ចេញ​ដី​កា​ចាប់​ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន កាល​ពី​ខែ​មីនា​​កន្លងទៅ ​ដោយ​អំពី​​ឧក្រិដ្ឋកម្ម​​​ប្រឆាំង​មនុស្ស​ជាតិ​។ ប្រទេស​អាហ្វ្រិក​ខាងត្បូង​​​​ដែល​ជាហត្ថលេខី​​​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នោះ មានកាតព្វកិច្ច​អនុវត្ត​​​ដីកាចាប់ខ្លួន ដូចនេះ​ទើប​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​រក​គ្រប់វិធី​ដើម្បី​គេច​ពីការ​អនុវត្ត​ដី​កាចាប់ខ្លួន​ដែល​អាច​នាំភាព​ចម្រូងចម្រាស់​​ជាមួយរុស្ស៊ី។

ទីបំផុត​វិមានក្រឹមឡាំង​បានចាត់បញ្ជូន​លោករដ្ឋមន្ត្រីការបរទេស​ សឺហ្គេ​យ ឡាវរ៉ូវ​ ទៅ​ជំនួស​លោក​ វ៉្លឌីមៀ ពូទីន​ សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ។

r

ប្រទេស​សរុប​ចំនួន ៦៩ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​អាហ្វ្រិក​ខាងត្បូង រួមទាំង​រដ្ឋ​អាហ្វ្រិក​ទាំងអស់ ហើយ​ការពង្រីក​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កម្រិត​ខ្ពស់​នៅក្នុង​របៀបវារៈ។ ប្រទេស​ជាច្រើន​រួមមាន អាល់​ហ្សេ​រី អា​រ៉ា​ប៊ី​សា​អូឌីត អា​ហ្ស​ង់​ទីន និង​អេ​ត្យូ​ពី បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​ចូលរួម​ក្រុម​នេះ ជា​ផ្លូវការ ឬ​ក្រៅផ្លូវការ។ នេះ​បើ​តាម AL JAZEERA​៕