ក្រសួង​ការពារ​ជាតិ​ចិន​បាន​និយាយ​ថា​ ​យោធា​ចិន​បាន​ចាប់​ផ្តើម​សម​យុទ្ធ​យោធា​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​កា​ល​ពី​ថ្ងៃ​សៅរ៍​ជាថ្មី​ ដើម្បី​ជា​ការ​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់​​​ទៅ​លើ​អ្វី​ ដែល​ខ្លួន​ហៅ​ថា​ជា​ការ​ឃុប​​ឃិត​គ្នា​រវាង​ «​អ្នក​បំបែក​ខ្លួន​ និង​កង​កម្លាំង​បរទេស​»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

សម​យុទ្ធ​របស់​ចិន​នា​ពេល​នេះ​ ធ្វើ​ឡើង​តែ​​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណេះ​ បន្ទាប់​ពី​អនុ​ប្រធានាធិបតី​​កោះ​តៃវ៉ាន់​ លោក​ William Lai បាន​ជាន់​ដី​សហរដ្ឋ​អាមេរិក​ជា​ដំណើរ​ឈប់​សម្រាក​តាម​ផ្លូវ​ ក្នុង​ដំណើរ​ទស្សនកិច្ច​​ទៅ​ប្រទេ​ស​ប៉ារ៉ាហ្គាយ​ កាល​ពី​សប្ដាហ៍​មុន​។ ចិន​ដែល​ទាម​ទារ​ថា​​កោះ​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ខ្លួន​ មើល​ឃើញ​សកម្មភា​ព​បែប​នេះ​ ថា​ជា​ការ​គាំទ្រ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​ ពី​សហរដ្ឋ​អាមេរិក​។

អ្នក​នាំ​ពាក្យ​​បញ្ជាការ​កង​ទ័ព​​ភាគ​ខាង​កើត​របស់​ប្រទេស​ចិន​ លោក Shi Yi បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ថា ​សមយុទ្ធ​យោធា​​នា​ពេល​នេះ​ នឹង​​រួម​មាន​​ការ​សម្រួល​​នាវា​ និង​យន្តហោះ​ចម្បាំង​ និង​ស​មត្ថភាព​របស់​​ទ័ព​​ ក្នុង​ការវាយ​ប្រហារ​​ដណ្តើម​ការ​​គ្រប់​គ្រង​លំហ​អាកាស ​និង​សមុទ្រ​។​


លោក ​Yi បា​ន​​និយាយ​​​​ទៀត​ថា​ ​យោធា​ចិន​​​​ក៏​​កំពុង​​សាក​ល្បង​​សមត្ថភាព​​ប្រយុទ្ធ​​ជាក់​ស្តែង​​របស់​​កង​កម្លាំង​​ផង​​ដែរ​។​ លោក​​បន្ថែម​ថា​ សម​យុទ្ធ​ដែន​ទឹក​ និង​ដែន​អាកាស​នៅ​ភាគ​ខាង​ជើង​ និង​និរតី​នៃ​កោះ​តៃវ៉ាន់​ គឺ​ជា​ការ​ព្រមាន​ អំពី​ការ​បង្ក​ហេតុ​ពី​កង​កម្លាំង​​គាំទ្រ​​​ឯករាជ្យ​​តៃវ៉ាន់ ​និង​កង​កម្លាំង​បរទេស​។

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ចិន​ CCTV ​បាន​រាយការណ៍​ថា​ ទូក​​​ និង​យន្តហោះ​ចម្បាំងដែល​​ប្រដាប់​ដោយ​មីស៊ីល​ ​​​បាន​ចូល​រួម​នៅ​ក្នុង​ប្រតិបត្តិការ​សមយុទ្ធ​នេះ​ ហើយ​អង្គភាព​​កង​កម្លាំង​ចិន​​ បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​​ធ្វើ​សមយុទ្ធ​«​ក្លែង​វាយ​ប្រហារ​» ធ្វើ​ជុំ​វិញ​កោះ​តៃវ៉ាន់​។​


ជុំ​វិញ​បញ្ហា​នេះ​ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​​​ X (អតីត​ធ្វីតធឺរ​) ​​ថា​ កង​កម្លាំង​របស់​ខ្លួន​បាន​​ឃើញ​យន្តហោះ​ចម្បាំង​​ចិន​ចំនួន​ ៤៥​ គ្រឿង ​និង​នាវា​ចំនួន​ ៩​ គ្រឿង​ នៅ​ជុំ​វិ​ញ​កោះ​រវាង​ម៉ោង​ ៦​ ព្រឹក​ថ្ងៃ​សៅរ៍​ ដល់​ម៉ោង​ ៦​ ព្រឹក​ថ្ងៃ​អាទិត្យ​។​ ក្រសួង​បាន​និយាយ​ទៀត​ថា​ យន្តហោះ​ចម្បាំង​​ចំនួន​ ២៧​ គ្រឿង​ រួម​ទាំង​យន្តហោះ​ចម្បាំង​ធន់​ Su-30,​ J-10 ​និង​ J-11 ​បាន​ឆ្លង​កាត់​​បន្ទាត់​​កណ្តាលនៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ ​និង​​បាន​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្ត​សញ្ញាណ​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​​។ ​

​ក្រសួង​ដដែល​បាន​និយាយ​ថា​ តៃវ៉ាន់​បាន​ដាក់​ពង្រាយ​យន្តហោះ ​និង​កប៉ាល់​ និង​បាន​ធ្វើ​ឱ្យ​សកម្ម​ប្រព័ន្ធ​មីស៊ីល​នៅ​លើ​ដី​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សម​យុទ្ធ​ ហើយ​កំពុង​តាម​ដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់​។​

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន​ ក៏​បាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ផង​ដែរ​ នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ «​ទង្វើ​មិន​សម​ហេតុ​ផល​ និង​បង្ក​ហេតុ​»​ ក្នុង​​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​។​ ​ក្រសួង​​​បាន​​ឱ្យ​ដឹង​ថា​ ​ យោធា​របស់​ខ្លួន​ នឹង​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​​កង​ទ័ព​ចិន​ ដោយ​បន្ថែម​ថា​ កង​កម្លាំង​របស់​ខ្លួន​មាន​ «​សមត្ថភាព​ ការ​ប្តេជ្ញា​ចិត្ត​ និង​ទំនុក​ចិត្ត​ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​»៕​