អូស្ត្រាលី​ នឹង​ចំណាយ​ប្រាក់​ចំនួន​ ៨៣៣ លាន​ដុល្លារ​ ដើម្បី​ទិញ​​មីស៊ីល​​ Tomahawk ​​ច្រើន​ជាង​ ២០០ ដើ​​ម ​ពី​សហរដ្ឋ​អាមេរិក ​ក្នុង​គោល​បំណង​​​បង្កើន​សមត្ថភាព​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អូស្រ្តាលី លោក ​Richard Marles​ បាន​និយាយ​ថា​ អូស្ត្រាលី​នឹង​ក្លាយ​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ទាំង​​៣​ ដែល​មាន​មីស៊ីល Tomahawks ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​​និង​អង់​គ្លេស​។​

លោក​​​និយាយ​ក្នុង​​​សេចក្តី​ថ្លែងការណ៍​​ថា​​៖ «​យើង​កំពុង​វិនិយោគ​លើ​​អាវុធ​ ដែល​កង​កម្លាំង​ការពារ​របស់​យើង​ត្រូវ​ការ​ ដើម្បី​ទប់​សត្រូវ​​​ឱ្យ​នៅ​ឆ្ងាយ​ពី​​​ច្រាំង​សមុទ្រ​របស់​យើង​ និង​ធ្វើ​ឱ្យ​ប្រជាជន​អូស្ត្រាលី​មាន​សុវត្ថិភាព​នៅ​ក្នុង​ពិភព​ដ៏​ស្មុគ​ស្មាញ​ និង​មិន​ច្បាស់​លាស់​ ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ»​។


លោក​ Marles ​បានបន្ត​​ថា​ មីស៊ីល​ Tomahawks ដែល​​ផលិត​ដោយ​ក្រុម​ហ៊ុន​ RTX Corp ​នឹង​ត្រូវ​​ដាក់​ពង្រាយ​នៅ​លើ​នាវាចម្បាំង​ថ្នាក់​​ Hobar t​​របស់​កង​ទ័ព​ជើង​ទឹក​អូស្រ្តាលី​។ ​

គួរ​​បញ្ជាក់​ថា​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មីនា​ បាន​អនុម័ត​ការ​លក់​មីស៊ីល​ ​Tomahawks ​ដែល​មាន​សមត្ថភាព​បាញ់​បាន​រយៈ​ចម្ងាយ​​ ១ ៥០០ គីឡូម៉ែត្រ​​ ទៅ​ឱ្យ​អូស្រ្តាលី​ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​ពេល ដែល​កិច្ច​សន្យា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ឬ​កិច្ច​ពិភាក្សា​​ទិញ​លក់​បាន​​បញ្ចប់​នោះ​ទេ​។​


កន្លង​មក​ អូស្ត្រាលី​​បាន​ទទូច​ថា​ ខ្លួន​ត្រូវ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កង​កម្លាំង​ការពារ​របស់​ខ្លួន​ ខណៈ​​ចិន ​កំពុង​​បង្កើន​ការ​ធ្វើ​យោធាកម្ម​​​ដ៏​ធំ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ ​កាល​ពី​ដើម​ឆ្នាំ​នេះ ​អូស្រ្តាលី​ បាន​យល់​ព្រម​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស ​ដើម្បី​បង្កើត​កង​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​។​

លោក​រដ្ឋ​មន្ត្រី​ Marles បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទៀត​ថា​ ក្រៅ​តែ​ពី​មីស៊ីល​ ​Tomahawks ​អូស្ត្រាលី​ ក៏​​​នឹង​ទិញ​​​​មីស៊ីល​​ ប្រឆាំង​វិទ្យុ​សកម្ម​​ទំនើប​​ជាង​ ៦០ ​ដែល​ប្រើ​ដើម្បី​​កម្ទេច​ប្រព័ន្ធ​ការពារ​ ដែន​អាកាស​ បំពាក់​​រ៉ាដា​របស់​សត្រូវ​ ក៏​ដូច​ជា​មីស៊ីល ​​ប្រឆាំង​រថក្រោះ​រយៈ​ចម្ងាយ​ឆ្ងាយ​​ ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ​។

​ការ​ប្រកាស​ទិញ​ Tomahawk ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណេះ​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​អនុម័ត​ការ​លក់​ឱ្យ​អូស្ត្រាលី​នូវ​ប្រព័ន្ធ​បាញ់​​រ៉ុក្កែត​​ HIMARS ​​ក្នុង​តម្លៃ ​៩៧៥ លាន​ដុល្លារ​ អាមេរិក​៕