​លោក​ ថាក់ស៊ីន​ បានចាប់ផ្តើម​អាជីព​ដំបូង​ជាមន្ត្រី​នគរបាល​​អស់រយៈពេល​ ១៤​ ឆ្នាំ មុន​នឹង​លោក​ក្លាយ​ជា​អ្នកធុរកិច្ច​​ និង​មាន​ស្តុក​ស្តម​ រួច​ចុង​ក្រោយ​ក្លាយ​ជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​​នៅ​ក្នុង​ព្រះរាជាណាចក្រថៃ​ ដែល​អំណាច​ព្រះមហាក្សត្រ​​បាន​ចាក់​ឫស​យ៉ាងជ្រៅ​ក្នុងសង្គម​ថៃ​។​

​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ ABC ​​លោក ស៊ីណាវ៉ាត្រា គឺជា​មហា​សេដ្ឋី​ទូរគមនាគមន៍​ដ៏​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​ក្រោយ​មក​បាន​ក្លាយជា​អ្នកនយោបាយ ដែលមាន​ប្រជាប្រិយភាព​ក្នុងចំណោម​អ្នកក្រ និង​វណ្ណៈ​កម្មករ​ពេល​​លោក​​កាន់អំណាចចាប់​ពីឆ្នាំ​២០០១​ រហូត​ដល់​​ឆ្នាំ​​២០០៦ ។

​លោក ថាក់ស៊ីន ​បាន​កើត​នៅ​ទីក្រុង Chang Mai​ ភាគឧត្តរ​នៃ​ប្រទេស​​​ថៃ​។ លោក​​ថាក់​ស៊ីន​​កាល​ពីដំបូង​ឡើយ​ ​បាន​បម្រើការ​ជា​ប៉ូលីស​អស់​រយៈពេល ១៤​ឆ្នាំ ហើយ​បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក មុន​ពេលចេញ​រកស៊ី​ដោយ​ខ្លួនឯង។


លោក​ថាក់ស៊ីន និង​ប្រពន្ធ​របស់គាត់​ ឈ្មោះ​ Pojaman na Pombejra បាន​ចាប់​ផ្តើម​​អាជីវកម្ម​លក់​កុំព្យូទ័រ​តូច​មួយ​នៅ​ឆ្នាំ ១៩៨៣​ដោយ​ទទួលបាន​​​ប្រាក់​ចំណេញ​​​​ពី​ការរីកចំរើន​នៃ​បច្ចេកវិទ្យា​ជា​បន្តបន្ទាប់​ដែល​កំណត់​រយៈពេល​ពីរ​ទសវត្សរ៍​ខាងមុខ។

នៅ​ទសវត្សរ៍​ឆ្នាំ១៩៩០​ ក្រុមហ៊ុន Shin Corp ​របស់​លោក​ថាក់​ស៊ីន គឺជា​ក្រុមហ៊ុន​ជោគជ័យ​មួយ ដែល​ប្រតិបត្តិការ​សេវាកម្ម​ទូរស័ព្ទ​ចល័ត ទូរទស្សន៍​ខ្សែកាបដែ​ល​តម្រូវ​ឱ្យបង់ប្រាក់ និង​​ប្រព័ន្ធ​ផ្កាយរណប។


លោក ថាក់​ស៊ីន​ បាន​ឈាន​ជើង​ចូលក្នុង​ឆាកនយោបាយ​ក្នុង​ឆ្នាំ ១៩៩៨​ ដោយ​ដំបូង​ឡើយ​បាន​បង្កើត​គណបក្សនយោបាយ​មួយឈ្នោះ​ថា Thai Rak Thai ដែល​មាន​ន័យ​ជា​ភាសាខ្មែរថា «ថៃ​ស្រឡាញ់ថៃ» និង​បានធ្វើ​យុទ្ធនាការ​​​លើ​សារ​នយោបាយ​​ដែល​ផ្តល់​ ​ ​សេវា​សុខាភិបាល​ដែលធូរថ្លៃ​ជាង​គេ និង​ការបន្ធូរបន្ថយ​បំណុល មុនពេល​ទទួលបាន​តំណែង​នៅ​ឆ្នាំ២០០១​។

ក្នុងចំណោម​កេរដំណែល​កំណត់​របស់​លោក ​ក្នុងអំឡុងពេល​កាន់អំណាច​គឺជា​ក្បូន​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា «Thaksinomics» និង​​គំនិត​ផ្តួចផ្តើម​ការថែទាំ​សុខ​ភាពជា​សកល​ឆ្នាំ ២០០២។

នេះ​បាន​ពង្រឹង​ការគាំទ្រ​គណបក្ស​របស់លោក​ក្នុងចំណោម​អ្នកបោះឆ្នោត​វណ្ណៈ​កម្មករ​ដែល​បន្ត​រហូត​ដល់​សព្វថ្ងៃនេះ ប៉ុន្តែ​លោកថាក់​ស៊ីន ស៊ីណាវ៉ាត្រា ក៏បាន​ខឹងសម្បារ​ដល់​អ្នកមាន​ដែល​បាន​ចោទ​លោក​ពីបទ​ពុករលួយ បក្ខពួកនិយម និង​ខ្វះការ​គោរព​ចំពោះ​នីតិរដ្ឋ។

​លោក​ថាក់ស៊ីន ​ត្រូវបាន​​បណ្តេញ​ចេញពី​អំណាច​​ដោយ​រដ្ឋ​ប្រហារ​ក្នុងឆ្នំា ២០០៦ ក្រោយ​ការជាប់ឆ្នោត​ជាលើក​ទី២ ដោយ​ដឹកនាំ​ប្រទេស​បាន​មួយរយៈ​ក្នុង​អាណត្តិ​ទី២នោះ។ ​​មុន​កើត​មាន​រដ្ឋប្រហារ​នោះ មាន​ភាព​ចម្រូង​ចម្រាស់​មួយ​ជុំវិញ​ការ​​លក់​​នៃ​ក្រុមហ៊ុន​របស់​លោក​​ទៅឱ្យ​ក្រុមហ៊ុន Temasek របស់​ប្រទេស​សិង្ហ​បុរី​ក្នុងតម្លៃ​ជិត ២ពាន់​លាន​ដុល្លារ។

កិច្ចព្រមព្រៀង​​​ចុងក្រោយ​នោះ​ហើយ ដែល​ជា​​​​ឫសគល់​នៃ​ការចាប់ផ្តើម​ធ្លាក់ចុះ​នូវ​អំណាចរបស់​គាត់​​ក្នុង​ព្រះរាជាណាចក្រថៃ​ ដោយ​ក្រុមប្រឆាំង​ចោទប្រកាន់​រូប​លោក​​ថា​បាន​ប្រើ​អំណាច​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

លោក​ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា បាន​​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុង​​ស្ថានភាព​និរទេស​ខ្លួន​​ដោយ​ខ្លួនឯង​នៅ​បរទេស​ចាប់តាំងពី​ឆ្នាំ ២០០៨ដើម្បី​ជៀសវាង​ការ​កាត់​ទោស​​ពី​បទ​​រំលោភ​​អំណាច។

​ចាប់​តាំង​ពីការ​និរទេស​ខ្លួន​​ តាមការ​កត់សម្គាល់​​នានា​​ដែលចុះ​ផ្សាយ​លើ​​​ពិភពលោក លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា បានបង្ហាញ​បំណង​វិល​ចូលស្រុក​​​យ៉ាងហោច​ណាស់​ជិត​​២០​ដង​ក្នុង​រយៈពេល​១៥ឆ្នាំ​មកនេះ​។ ប៉ុន្តែ​ទីបំផុត​ លោក​នៅតែ​អាច​វិល​ចូលប្រទេសវិញ​ប្រកបដោយ​កិត្តិយសនៅថ្ងៃ​នេះ ខណៈដែល​គណបក្ស​ភឿថៃ​ដែល​មានឥទ្ធិពល​ក្រុមគ្រួសារ​លោក​ថាក់​ស៊ីន​នៅជាមួយផង ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិថ្មី ដែល​ជាប់គាំង​អស់​រយៈពេល​ជាង​៣ខែ​៕