​តុលាការកំពូលថៃ បានកាត់ទោស​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី​​ ដែល​​​អស់​អំណាចដោយ​រដ្ឋ​ប្រហា​រ​កាល​ពីឆ្នាំ​២០០៦ ឱ្យ​ ជាប់​ពន្ធធា​នាគារ​រយៈ​ពេល ៨ ឆ្នាំ បន្ទាប់​ពី​បាន​វិលត្រ​ឡប់​មក​ដល់​ប្រទេស​កំណើតនៅថ្ងៃអង្គារនេះ​ ដោយបញ្ចប់​ការ​​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈពេល​ ១៥ ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍​ដោយទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ​ដែល​ដកស្រង់​សេចក្តីថ្លែងការណ៍របស់តុលាការកំពូលបាន​ឱ្យដឹងថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​បាន​ត្រឡប់​មកពី​និរទេស​ខ្លួនឯង​វិញ​កាល​ពី​ថ្ងៃ​អង្គារ​នឹងជាប់ពន្ធនាគារសរុបចំនួនប្រាំបីឆ្នាំ។

ការជាប់ពន្ធនាគារគ្របដណ្តប់លើករណីចំនួនបីផ្សេងគ្នា គឺ ១ បទរំលោភអំណាច និង​បទក្លែងបន្លំ ២.ការ​បញ្ជា​ឱ្យ​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ដោយ​ខុសច្បាប់​ឱ្យ​ចេញ​ប្រាក់​​កម្ចី​​បរទេស និង​៣. ការកាន់​កាប់​ភាគហ៊ុន​ដោយ​ខុស​ច្បាប់​តាមរយៈអ្នកតែងតាំង។


​បន្ទាប់​ពី​ប្រកាសសាលក្រមភ្លាម លោក ថាក់ស៊ីន ត្រូវ​បាន​នាំ​ខ្លួន​ទៅ​​កាន់ពន្ធនាគារគណ្តាល «Klong Prem» ​​នៅ​​ថ្ងៃ​អង្គារបន្ទាប់​ពី​​លោក​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​​ ដុនមឿង​កាល​ពីម៉ោង​៩ ហើយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​​មុន​សភា​និង​ព្រឹទ្ធសភាថៃ​បោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​ថ្មី​នៅរសៀល​នេះ​៕​