​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្ រា​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ដោយ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ​ កាលពី​ថ្ងៃទី​​ ១៩ ខែកញ្ញា​ ឆ្នាំ​ ២០០៦ ពេលដែល​លោក​ចូលរួម​ប្រជុំ​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូយ៉ក​សហរដ្ឋអាមេរិក បាន​វិល​ចូល​ប្រទេស​វិញ​ក្រោយពី​និរទេស​អស់​រយៈពេល​ ១៥ ​ឆ្នាំ ហើយ​ប្រឈម​ជាប់ពន្ធនាគារ​៨​ឆ្នាំ​តាម​អំណាច​សាលក្រម​ចុង​ក្រោយ​នៃ​តុលាការ​កំពូល​។

​លោក ​ថាក់ស៊ីន ​ដែល​នៅ​រក្សា​ឥទ្ធិពល​នយោបាយ​លេច​ត្រដែត​ក្នុង​ឆាកនយោបាយ​ថៃ​អស់​រយៈពេល​ជាង ​២ ទសវត្សរ៍ ចាប់​តាំងពី​លោក​បង្កើត​គណបក្សនយោបាយ​ដោយ​ដំបូង​មួយ​ឈ្នោះ​ថា Thai Rak Thai ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​ថៃ​ស្រឡាញ់​ថៃ​» និង​បានឈ្នះ​ការបោះឆ្នោត​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​ ២០០១​។

​យោងតាម​សារព័ត៌មាន​ ABC ​របស់​អូស្ត្រាលី​ដែល​ចុះ​ផ្សាយ​ពី​ប្រវត្តិ​របស់លោក សារ​​នយោបាយ​សំខាន់​ដែលនាំឱ្យ​គណបក្ស​ថៃ​ស្រឡាញ់​ថៃ​ឈ្នះ​នាពេលនេះ គឺ​ផ្តោតលើ​សេវា​សុខាភិបាល​ដែល​ធូរ​ថ្លៃ និង​ការបន្ធូរបន្ថយ​បំណុល​។


​លោក​បាន​ជាប់ឆ្នោត​ជា​លើក​ទី​២ ​សម្រាប់​អាណត្តិ​បន្ទាប់ ប៉ុន្តែ​ជា​អកុសល​លោក​ត្រូវធ្វើ​រដ្ឋប្រហារ និង​រង​ការ​ចោទ​ប្រកាន់​ពី​ការរំលោភ​អំណាច ហើយ​ត្រូវ​និរទេស​ខ្លួន​ដោយ​បង្ខំ​ទៅកាន់​បរទេស​ចាប់តាំងពី​ឆ្នាំ​ ២០០៨ ដោយ​គ្មាន​ឱកាស​វិល​ចូល​ស្រុក​វិញ​សូម្បី​ម្តង ទោះបី​មានការ​កត់សម្គាល់ថា លោក​បានបង្ហាញ​បំណង​វិល​ចូល​ស្រុក​យ៉ាងហោច​ ២០​ ដង​។​

​ប៉ុន្តែ​ថ្ងៃទី​ ២២ ​សីហា​នេះ ជា​ពេលវេលា​ចុងក្រោយ​ដែល​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ អាច​បំបែក​ភាព​នឹក​ស្រុក​របស់លោក​អស់​រយៈពេល ​១៥​ ឆ្នាំ​ដោយ​ការ​រស់​​នៅ​ប្រទេស ហើយ​ភាគច្រើន​រស់នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ​នៅ​តំបន់​មជ្ឈិមបូព៌ា​។​


​លោក​ ថាក់ស៊ីន តាមរយៈ​កូន​ស្រី​ពៅ​របស់លោក គឺ​លោកស្រី ភែ​ថង​ថា​ន ស៊ីណាវ៉ាត្រា ដែលជា​អ្នកនយោបាយ​កំពូល​មួយរូប​នៃ​គណបក្ស​ភឿ​ថៃ​ដែល​ត្រៀមខ្លួន​សម្រាប់​ដឹកនាំ​រដ្ឋា​ភិ​បាល​ថៃ​នៅ​អាណត្តិ​បន្ទាប់​នេះ បាន​លាតត្រដាង​ពី​ការវិល​ចូល​ប្រទេស​វិញ​ជា​ញឹកញាប់ ទោះបីជា​ត្រូវ​ប្រឈម​ផ្លូវច្បាប់​ដែល​បាន​ប្តឹង​លោក​កន្លងមក​។

​នៅពេល​ចុះចត​នៅ​អាកាស​យានដ្ឋាន​បាងកក​ដុន​មឿង នៅ​ថ្ងៃទី​ ២២ ខែសីហា ដូច​ការសន្យា​ចុងក្រោយ លោក ថាក់ស៊ីន ត្រូវបាន​ស្វាគមន៍​ដោយ​ក្រុម​អ្នកគាំទ្រ​ពាក់អាវ​ក្រហម​ជាច្រើន​ម៉ឺន​នាក់​មកពី​បណ្តា​ខេត្ត ហើយក៏​រួមមាន​ក្រុមនគរបាល​ព្រហ្មទណ្ឌ​ដែល​ចាំ​លោក​ដើម្បី​ទៅ​ប្រឈម​សាលក្រម​ដែល​នឹងត្រូវ​ប្រកាស​ដោយ​តុលាការ​កំពូល​ផងដែរ​។​

​ក្រោយ​សំចត​នៅ​ព្រលាន​យន្ត​ហោះ​ដុន​មឿង​ជា​ ១​ ម៉ោង ប៉ូលិស​ព្រហ្មទណ្ឌ​បាន​ដឹក​លោក​ថាក់ស៊ីន​ទៅកាន់​តុលាការ​កំពូល​ថៃ ដើម្បី​ស្តាប់​សាលក្រម​ដែល​កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​រយៈ​​ពេល​ ៨ ​ឆ្នាំ ហើយ​បន្ទាប់ពី​ប្រកាស​សាលក្រម​ភ្លាម លោក ថាក់ស៊ីន ត្រូវបាន​នាំខ្លួន​ទៅកាន់​ពន្ធនាគារ​កណ្តាល «Klong Prem» ក្នុង​ទីក្រុង​បាងកក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ការជាប់​ពន្ធនាគារ​រ​បស់​លោក​ថាក់ស៊ីន គ្របដណ្តប់​លើ​ករណី​ចំនួន ​៣ ​ផ្សេងគ្នា គឺ ១) បទ​រំលោភ​អំណាច និង​បទ​ក្លែងបន្លំ ២)​ ការបញ្ជា​ឱ្យ​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ដោយ​ខុសច្បាប់​ឱ្យចេញ​ប្រាក់កម្ចី​បរទេស និង​៣)​ ការកាន់កាប់​ភាគហ៊ុន​ដោយ​ខុសច្បាប់​តាមរយៈ​អ្នក​ដែល​ត្រូវ​តែងតាំង​។​

​យោងតាម ABC លោក ថាក់ស៊ីន មាន​ស្រុកកំណើត​ទីក្រុង Chang Mai ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​ថៃ​។ លោក​ថាក់ស៊ីន កាលពី​ដំបូង​ឡើយ បាន​បម្រើការ​ជា​ប៉ូលិស​អស់​រយៈពេល​ ១៤ ​ឆ្នាំ ហើយ​បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក មុន​ពេលចេញ​រកស៊ី​ដោយ​ខ្លួនឯង​។​

​លោក​ ថាក់ស៊ីន មាន​ប្រពន្ធ​ឈ្មោះ Pojaman na Pombejra បានចាប់ផ្តើម​អាជីវកម្ម​លក់​កុំព្យូទ័រ​តូច​មួយ​នៅ​ឆ្នាំ ១៩៨៣ ​ដោយ​ទទួលបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នាពេលនោះ​៕