​យោងតាមការចេញផ្សាយ​របស់​រ៉យទ័រ​ មន្ត្រី​ម្នាក់​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) បាន​និយាយថា ប្រទេស​ជប៉ុន ​រំពឹងថា​នឹងមាន​ផលប៉ះពាល់ «យ៉ាងសំខាន់» ពី​ការហាមឃាត់​ការ​នាំចូល​អាហារ​​សមុទ្រ​​ដោយ​ហុងកុង និង​ម៉ា​កាវ ដោយសារតែ​ការគ្រោង​បង្ហូរទឹកចេញ​​​ពី​រោងចក្រ​នុយក្លេអ៊ែរ ហ្វូ​គូ​ស៊ី​ម៉ា ​​(Fukushima) នាពេលខាងមុខ។

ប្រទេស​ជប៉ុន​ នឹង​ចាប់ផ្តើម​បញ្ចេញ​ទឹក ​ដែល​​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​រួច​​ជាង​មួយ​លាន​តោនម៉ែត្រ​គូប​​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ហ្វូ​គូ​ស៊ី​ម៉ា ដែល​​​រង​ការ​ខូចខាត​ដោយសារ​ផ្ទុះ​ស៊ូណាមិ​​ កាល​ពីឆ្នាំ​២០១១​​ ទៅក្នុង​សមុទ្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ ជាង​មួយ​ទសវត្សរ៍​បន្ទាប់ពី​ឧបទ្ទវ​ហេតុ​​បាន​កើត​ឡើង​​និង​ចំពេល​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ប្រទេស​ចិន។

ក្រសួងការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន ដែលជា​ប្រទេស​នាំចូល​អាហារ​សមុទ្រ​ដ៏​ធំ​បំផុត​របស់​ជប៉ុន ​នឹង​ចាត់វិធានការ​ដើម្បី​ការពារ​បរិស្ថាន​សមុទ្រ សុវត្ថិភាព​ចំណីអាហារ និង​សុខភាព​សាធារណៈ​របស់ខ្លួន។ ទីក្រុង​ប៉េកាំង​បាន​ហាមឃាត់​ការនាំ​ចូល​ពី​តំបន់​​មួយ​ចំនួន​​យ៉ាងហោច​ពី​ខេត្ត​ចំនួន​ ១០ ​​របស់​ជប៉ុន ​រួចហើយ។


នៅក្នុង​វិធានការ​ចុងក្រោយ​បំផុត មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នៃ​ទីក្រុង​ហុងកុង និង​មជ្ឈមណ្ឌល​ល្បែងស៊ីសង​នៃ​ទីក្រុង​ម៉ា​កាវ ដែលជា​តំបន់​ពិសេស​របស់​ចិន​ទាំងពីរ​នឹង​ហាមឃាត់​ការនាំ​ចូល​ផលិតផល​ជលផល​ពី​តំបន់​របស់​​ជប៉ុន​ចំនួន​ដូចគ្នា​រួមទាំង​ទីក្រុង​តូ​ក្យូ និង​ហ្វូ​គូ​ស៊ី​ម៉ា ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។

មន្ត្រី​នៅ​ក្រសួង​ MAFF ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ផលប៉ះពាល់​នៃ​ការហាម​ប្រាម​ការ​នាំចូល​​អាហារ​សមុទ្រ​ហុងកុង និង​ម៉ា​កាវ មិនអាច​គណនា​បានភ្លាមៗទេ ប៉ុន្តែ​នឹ​ងមាន «ផល​ប៉ះពាល់ខ្លាំង»។


យោងតាម​ទិន្នន័យ​របស់ MAFF បានឱ្យដឹងថា ប្រទេស​ចិន ដែលជា​អ្នកទិញខ្យងសមុទ្រ (scallop)​ យ៉ាង​ច្រើន​ពី​ប្រទេស​​ជប៉ុន និង​ជា​អ្នកប្រើប្រាស់​ដ៏​ធំ​នៃ​ត្រសក់​សមុទ្រ បាន​នាំចូល​អាហារ​សមុទ្រ​ជប៉ុន​ចំនួន ៨៧,១​ ពាន់​លាន​យ៉េន (ប្រមាណ ៧០០​​ លានដុល្លារ​) ក្នុង​ឆ្នាំ ២០២២​ ឬមួយ​ភាគ​ប្រាំ​នៃ​ការនាំចេញ​អាហារ​សមុទ្រ​សរុប​របស់​ប្រទេស​ជប៉ុន ទៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់ MAFF ។

ទិន្នន័យ​បង្ហាញថា ហុងកុង ដែលជា​ទីផ្សារ​អាហារ​ស​មុ​ទ្រ​ធំជាងគេ​ទី​ពីរ​របស់​ជប៉ុន​ បន្ទាប់​ពី​ចិន​ដីគោក ដែល​​ក្រសួង​បាន​គណនា​ដាច់ដោយឡែក​នោះ បាន​ទិញ​អាហារ​សមុទ្រ​តម្លៃ ៧៥,៥​ ពាន់​លាន​យ៉េន ​ពី​ប្រទេស​ជប៉ុន៕