​បន្ទាប់ពី​អនុ​ប្រធានាធិបតី​តៃវ៉ាន់​បានបញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​នៅ​តំបន់​អាមេរិក​ឡាទីន​មិន​ដល់​ ១​ ​សប្តាហ៍​ផង សភា​នៃ​ប្រទេស​កណ្ដាល​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​បាន​បោះឆ្នោត​ដក​ភាគី​តៃវ៉ាន់ ដែលជា​អ្នកសង្កេតការណ៍​អចិ​ន្រៃ្ត​យ៍​អស់​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​មកហើយ​នោះ ដោយ​ជំនួស​មកវិញ​នូវ​អ្នក​សង្កេតការណ៍​អចិ​ន្រៃ្ត​យ៍​ចិន​វិញ​ម្តង​។ ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញថា ការ​កើន​​ឡើង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​នៅ​តំបន់​អាមេរិក​ឡាទីន បានធ្វើឱ្យ​វត្តមាន​របស់​តៃវ៉ាន់​នៅក្នុង​តំបន់​នោះ​មិនសូវ​សំខាន់​សម្រាប់​បណ្ដា​ប្រទេស​ទាំងអស់​នៅ​តំបន់​នោះ​ទៀត​ទេ​។​

​សភា​ប្រទេស​ទាំង ​៦ ​ឬ​ហៅ​កាត់​ថា សភា​អាមេរិក​កណ្ដាល បាន​ជួបប្រជុំគ្នា​នៅ​រដ្ឋធានី​ម៉ា​ណា​ហ្គោ​អា (Managua)​ នៃ​ប្រទេស​នី​កា​រ៉ា​ហ្គា ហើយ​ក្នុងអំឡុង​​ពេល​កិច្ចប្រជុំ សមាជិកសភា​ក្នុង​តំបន់​បានស្នើ​ឱ្យ​ដាក់បញ្ចូល​ភាគី​ប្រទេស​ចិន​ដែល​តែងតែ​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន បើទោះបីជា​តៃវ៉ាន់​មាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដាច់ដោយឡែក​ក៏ដោយ​។​

​ក្រសួងការបរទេសរ​បស់​កោះ​តៃវ៉ាន់​បាន​លើកឡើងថា ខ្លួន​បានសម្រេច​ចិត្ត​ដកខ្លួន​ចេញពី​សភា​អាមេរិក​កណ្តាល​ភ្លាមៗ​ក្នុង​គោលបំណង​រក្សា​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ ហើយ​បាន​ថ្កោលទោស​ទង្វើ​នេះ​ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ក្នុងការ​គាបសង្កត់​មិនឱ្យ​តៃវ៉ាន់​អាច​ចូលរួម​ជាមួយ​ឆាក​អន្តរជាតិ​។​


​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ សភា​អាមេរិក​កណ្ដាល​បានលើកឡើង​អំពី​ការ​បណ្តេញ​ភាគី​តៃវ៉ាន់​នៅក្នុង​ឆ្នាំ​ ១៩៧១ របស់​អង្គការសហប្រជាជាតិ ហើយ​ទទួលយក​ប្រទេស​ចិន​វិញ​។ សភា​នេះ​បាន​បន្តថា ដូច្នេះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ប្រទេស​ចិនដីគោក ដែល​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជា​ប្រទេស​ឯករាជ្យ​នោះទេ​។​

​បន្ថែម​លើ​នេះ ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​ក៏បាន​សម្តែង​ការយល់ស្រប​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ភា​អាមេរិក​កណ្ដាល​នេះ​ផងដែរ​។


​ទីក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​អាមេរិក​កណ្តាល ជាពិសេស​សមាជិក​រប​ស់​សភា​អាមេរិក​កណ្ដាល ក្នុងនោះ​រួមមាន នី​កា​រ៉ា​ហ្កា អែល​សាល់​វ៉ា​ឌ័​រ ហុង​ឌូ​រ៉ា​ស ប៉ា​ណា​ម៉ា និង​សាធារណរដ្ឋ​ដូ​មី​និក​។ ប្រទេស​ទាំងអស់នេះ​ក៏បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​សម្រាប់​ប្រទេស​បេ​លី (Belize)​ និង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ​(Paraguay) វិញ​ក៏​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ដដែល​ប៉ុន្តែ​ក្រុមមន្ត្រី​អាមេរិក​បាន​យល់ឃើញថា​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​អាចជា​ប្រទេស​បន្ទាប់​ដែល​នឹង​ផ្លាស់ប្ដូរ​គោលជំហរ​របស់ខ្លួន​ងាក​ចេញពី​តៃវ៉ាន់​៕