តាមសេចក្តីរាយការណ៍របស់​ទីភ្នាក់ងារ​​​​ព័ត៌មាន​​រ៉យទ័រ ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ពុធ​បាន​ពង្រីក​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំងនឹង​ប្រទេស​មី​យ៉ាន​ម៉ា ដើម្បី​រួមបញ្ចូល​ក្រុមហ៊ុន​បរទេស ឬ​បុគ្គល​ដែល​ជួយ​រដ្ឋាភិបាលយោធា​រប​ស់​ប្រទេស​នេះ ​ក្នុង​ការទិញ​ឥន្ធនៈ​យន្តហោះ​ ដែល​ខ្លួន​ប្រើ​ដើម្បី​បើក​ការវាយប្រហារ​តាម​អាកាស​ទៅលើ​ប្រជាជន​របស់ខ្លួន។

ក្រសួង​រតនាគារ​​របស់​អាមេរិក ​​ក៏​កំពុង​បន្ថែម​​បញ្ជី​ទណ្ឌកម្ម​របស់ខ្លួន​ផងដែរ ​លើក​ បុគ្គល​​ពីរ​នាក់​គឺ Khin Phyu Win និង Zaw Min Tun ក៏ដូចជា​ក្រុមហ៊ុន​ចំនួន ៣ ​ដែល​ជាប់ទាក់ទង​នឹង​ពួកគេ ដែល​ពាក់ព័ន្ធ​នឹង​លទ្ធកម្ម និង​ចែកចាយ​ប្រេងឥន្ធនៈ​សម្រាប់​ក្រុម​​យោធា ដែល​បាន​ដណ្តើម​អំណាច​ ក្នុង​ខែកុម្ភៈឆ្នាំ២០២១​ ​ដោយ​ការ​ធ្វើ​​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាលស៊ីវិល​​​ដែល​​ជាប់ឆ្នោត​តាមឆន្ទៈ​ប្រជារាស្រ្ត​​។

​ក្រសួង​​រតនាគារ​​អាមេរិក​ បាន​និយាយថា ​ខ្លួន​កំពុង​ចេញ​ការប្តេជ្ញាចិត្ត​ដែល​កំណត់​វិស័យ​ឥន្ធនៈ​យន្តហោះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​ដែល​គ្របដណ្តប់​ដោយ​បទបញ្ជា​ប្រតិបត្តិ​ដែល​ចុះហត្ថលេខា ​ដោយ​ប្រធានាធិបតី ចូ បៃដិន ដែល​រារាំង​ក្រុមហ៊ុន​នៅ​ខាងក្រៅ​ប្រទេស​មី​យ៉ាន់​ម៉ា ​ពី​ការដោះស្រាយ​ជាមួយ​វិស័យ​ការពារ​របស់​ប្រទេស។


លោក Brian Nelson ​អនុរដ្ឋមន្ត្រី​ក្រសួង​​រ​ត​នាគារ​ សម្រាប់​ការ​ស៊ើប​អង្កេត​​អំពើ​ភេរវកម្ម និង​អង្កេត​ហិរញ្ញវត្ថុ បានលើក​ឡើង​ថា៖​«តាមរយៈ​ការពង្រីក​ការប្រើប្រាស់​សិទ្ធិអំណាច​ដាក់ទណ្ឌកម្ម​របស់​យើង​ដើម្បី​កំណត់​វិស័យ​បន្ថែម​ដែល​សំខាន់​ចំពោះ​របប​យោធា យើង​អាចដកហូត​របប​ធន​ធាន​​ដែល​អាចឱ្យរប​​ប​​យោធា​​​គាបសង្កត់​ពលរដ្ឋរ​បស់​ខ្លួន​បាន»៕