យានអវកាស​របស់​ប្រទេស​ឥណ្ឌា Chandrayaan-3 ឬ «​យាន​ព្រះ​ចន្ទ​» ជា​ភាសា ​Hindi និង​សំស្ក្រឹត​របស់​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ បាន​ចុះ​ចត​យ៉ាង​ជោគជ័យ នៅលើ​ឋាន​​ព្រះ​ចន្ទ បន្ទាប់ពី​កិច្ចខិតខំ​ប្រឹង​​ប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​លម្ហ​អាកាស​ក្រោយ​បរាជ័យ​យាន​​អវកាស​ ​Chandrayaan-2 ​កាលពី​ឆ្នាំ ​២០១៩​។

​ប្រទេស​ឥណ្ឌា​បាន​មើលឃើញ​បេសកកម្ម​នេះ​ថា មាន​សារៈ​សំខាន់​ចំពោះ​ការរុករក​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ជាការ​ឈរជើង​របស់​ឥណ្ឌា​ក្នុងឋានៈ​ជាម​ហា​អំណាច​លើ​វិស័យ​រុករក​អវកាស​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​យាន​របស់​រុស្ស៊ី​បាន​ធ្លាក់​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​ន ដ្រា ម៉ូ​ឌី (Narendra Modi) ដែល​កំពុង​គ្រវីទង់ជាតិ​​ឥណ្ឌា ខណៈពេល​មើល​ការចុះ​​ចត​នៃ​យានអវកាស​របស់ខ្លួន​ពី​អ្រា​ហ្វិ​ក​ខាងត្បូង​ជា​កន្លែង​ដែល​លោក​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល Brics បាន​និយាយថា​នេះ​គឺជា​សម្រែក​ជ័យជម្នះ​ថ្មី​ដ៏​អស្ចារ្យ​របស់​ប្រទេស​ឥណ្ឌា​។​


​ស្របពេល​ជាមួយគ្នានេះដែរ ក្រុម​អ្នកវិទ្យាសាស្ត្រ និង​មន្ត្រី​នៃ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ទះដៃ​អបអរសាទរ ឱប​គ្នា និង​ស្រែក​ហ៊ោ នៅពេលដែល​យានអវកាស​បាន​ចុះចត​បានសម្រេច ខណៈ​រដ្ឋាភិបាល​ក៏​កំពុង​ស្វះ​ស្វែងរក​វិធាន​ជំរុញ​ការវិនិយោគ​ជុំវិញ​ការបាញ់​បង្ហោះ​លក្ខណៈ​ឯកជន និង​អាជីវកម្ម​ដែល​ទាក់ទង​នឹង​ផ្កាយរណប​។​

​នេះ​គឺជា​ការប៉ុនប៉ង​លើក​ទី​២ ​របស់​ឥណ្ឌា​ក្នុងការ​ចុះចត​យានអវកាស​របស់ខ្លួន​នៅលើ​ឋាន​ព្រះ​ចន្ទ​ហើយ​វា​ក៏​សម្រេចបាន​ជោគជ័យ​ត្រឹម ១ ​សប្តាហ៍​បន្ទាប់ពី​បេសកកម្ម Luna-25 របស់​រុស្ស៊ី​បាន​បរាជ័យ​។​


​បេសកកម្ម​ទី១ ​របស់​ប្រទេស​ឥណ្ឌា​បានធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​អ្វីៗ​ត្រូវ​រង​បរាជ័យ​ក្រោយ​ធ្លាក់​មុនពេល​ចុះចត​។​

​លោកស្រី Carla Filotico ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា SpaceTec Partners បាន​លើកឡើងថា​៖«​ការ​ចុះចត​នៅលើ​ប៉ូល​ខាងត្បូង ​(​នៃ​ឋាន​ព្រះ​ចន្ទ​)​ ពិតជា​អនុញ្ញាតឱ្យ​ឥណ្ឌា​រុករក​ប្រសិនបើ​មានទឹក​កក​ទឹក​នៅលើ​ព្រះ​ចន្ទ ហើយ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការប្រមូល​ទិន្នន័យ និង​វិទ្យាសាស្ត្រ​នៃ​ឋាន​ព្រះ​ចន្ទ​»​។​

​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​នេះ​ដែល​ចូលរួម​អភិវឌ្ឍ​ដោយ​សិង្ហ​បុរី​ កាលពី​ថ្ងៃទី​ ១៤ ខែកក្កដា​​ ដោយបាន​បាញ់​ចេញពី​កំពង់ផែ​អវកាស​ដ៏​សំខាន់​របស់​ប្រទេស​ក្នុង​រដ្ឋ​ Andhra Pradesh ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​ផ្ទាល់​៕