​ប្រទេស​ជប៉ុន នឹង​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​ដែល​មានបំណង​ទៅ​ឋាន​ព្រះ​ច័ន្ទ​គិត​ត្រឹម​ចុង​សប្តាហ៍​នេះ ពោលគឺ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​យានអវកាស​រុស្ស៊ី​បាន​បរាជ័យ​បុក​ជាមួយ​ផ្ទៃ​ព្រះ​ច័ន្ទ ហើយ​យាន Chandrayaan-3 របស់​ឥណ្ឌា​បាន​ចុះចត​យ៉ាង​ជោគជ័យ​នៅ​ជិត​ប៉ូល​ខាងត្បូង​នៃ​ភព​មួយ​នេះ​។​

​រ៉ុក្កែត H2-A របស់​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) គ្រោង​នឹង​បាញ់​បង្ហោះ​ចេញ ពី​មជ្ឈមណ្ឌល​អវកាស Tanegashima ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដ៏​ឆាប់​ខាងមុខនេះ​។ រ៉ុក្កែត​មួយ​នេះ​មានភ្ជាប់​ផ្កាយរណប​ថតរូប​កម្រិត​ខ្ពស់​មួយ និង​យាន​ចុះចត​ទម្ងន់​ស្រាល ដែល​គេ​រំពឹងថា​វា​នឹង​ចុះ​មកលើ​ព្រះ​ច័ន្ទ​ក្នុង​ខែមករា ឬ​កុម្ភៈ ឆ្នាំ​ ២០២៤​។​

​ការបាញ់​បង្ហោះ​ជាថ្មី​នេះ គឺជា​ការជំរុញ​យ៉ាងខ្លាំង​របស់ JAXA ដើម្បី​ស្វែងរក​ភាពជោគជ័យ​ដូច​ប្រទេសមួយ​ក្តាប់​តូច និង​ចាប់​ផ្តើមកសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ឡើងវិញ​ផងដែរ បន្ទាប់ពី​ការបរាជ័យ និង​ខាតបង់ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។ ជប៉ុន​បាន​បរាជ័យ ការបាញ់​បង្ហោះ​ជាច្រើន​ដង បូក​រួមទាំង​ការប៉ុនប៉ង​បាញ់​បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម និង​ធ្វើការ​កែប្រែ​គ្រាប់​រ៉ុក្កែត​ជំនាន់​ថ្មី​ជា​ច្រើនដង​ផងដែរ​។


​លោក Jiro Kasahara ជា​សាស្ត្រាចារ្យ​នៅ​នាយកដ្ឋាន​វិស្វកម្ម​អវកាស​នៃ​សាកលវិទ្យាល័យ Nagoya បាន​និយាយថា កំហុស​ទាំងនោះ​បានដាក់​សម្ពាធ​បន្ថែម​លើ JAXA ដើម្បី​ខិតខំ​ស្វែងរក​ភាពជោគជ័យ​ជូន​ជាតិ​ឱ្យ​ទាល់តែ​បាន​នៅពេលនេះ​។​

​លោក Jiro Kasahara បាន​បន្តថា ការចុះ​ចត​នៅ​សេ​ឡេ​ស្ទាល​ដែល​កំពុង​ផ្លាស់​ទី​ទាមទារ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ ហើយ​ពិបាក​។ ខណៈពេលដែល​ទីភ្នាក់ងារ​អវកាស​ផ្សេងទៀត​បានជា​សះស្បើយ​ពី​ការបរាជ័យ​ហើយ នោះ JAXA នឹង​កាន់តែ​លំបាក​ទៅទៀត​ដើម្បី​ដើរ​ឱ្យទាន់​គេ ក្នុងករណី​បាញ់​បង្ហោះ​លើក​នេះ​បរាជ័យ​ម្តងទៀត​។​


​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន JAXA រង​សម្ពាធ​ខ្លាំង​គឺ​នៅ​ខែតុលា ឆ្នាំ ២០២២​។ វា​គឺជា​ការបាញ់​បង្ហោះ​លើក​ទី​៦ និង​ជា​បាញ់​បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម​ដំបូង ក្រោម​កិច្ចសន្យា​ដែល​ខ្លួន​ទទួលបាន តែ​អ្វីៗ​មិន​ដូច​ផែនការ ពោលគឺ JAXA រង​បរាជ័យ​៕​