រដ្ឋមន្ត្រី​ក្រសួងអប់រំ​បារាំង​បាននិយាយ​ថា ៖ «ក្រសួង​នឹង​មិនអនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ស្លៀក​សំលៀកបំពាក់​ប្រភេទអាបាយ៉ាស (Abayas) ដែលជាប្រភេទ​អាវរលុង​វែងៗ​ សម្រាប់​ស្ត្រី​មូស្លីម​ នៅក្នុង​សាលារដ្ឋ​បារាំង ទាំងអស់»។ ច្បាប់នេះ​នឹងត្រូវ​បានដាក់​ចេញ​ឱ្យ​អនុវត្ត​ភ្លាមៗ ពោលគឺ​នៅពេល​ដែលឆ្នាំ​សិក្សាថ្មី​នឹងចាប់​ផ្តើម​នៅថ្ងៃ​ទី៤ ​ខែកញ្ញា ខាងមុខនេះ។​


ប្រទេស​បារាំង​បានធ្វើ​ការហាមប្រាម​យ៉ាងតឹងរ៉ឹង​ចំពោះការ​ពាក់​និមិត្ត​សញ្ញា​សាសនា​ណាមួយ។ ជាក់ស្ដែង ការទទូរ​ក្រមា​លើក្បាល​នៅសាលារដ្ឋ និងនៅបរិវេណ​អគារ​រដ្ឋាភិបាល​ត្រូវបាន​ហាមឃាត់​តាំងពី​ឆ្នាំ២០០៤ មកម៉្លេះ។ នេះ​គឺដោយសារតែ​ពួកគេ​ជឿ​ថា និមិត្ត​សញ្ញា​ទាំងអស់នោះ​ជាការ​ផ្ទុយ​ទៅនឹង​ច្បាប់​អាណាចក្រ។​

រដ្ឋមន្ត្រី​ក្រសួងអប់រំ​បារាំង លោក ហ្កាប្រៀល អាតាល (Gabriel Attal) បានប្រាប់​ទៅកាន់​ទូរទស្សន៍​ប៉ុស្ដិ៍ TF1 របស់ប្រទេស​បារាំងថា «នៅពេល​ដែលអ្នក​ដើរចូល​ទៅក្នុង​ថ្នាក់រៀន អ្នកមិនគួរ​អាចកំណត់​អត្តសញ្ញាណ​ថា​សិស្ស​ម្នាក់ណា កាន់​សាសនា​ណាមួយ ដោយគ្រាន់តែ​មើលរូប​ខាងក្រៅ​របស់​ពួកគេ​នោះទេ»។ លោក​បានបន្ថែម​ថា ៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា សំលៀកបំពាក់ អាបាយ៉ាស​ មិនអាច​ពាក់​នៅសាលា​បានទៀត​ទេ»។​


លោកប្រធានាធិបតី​អា​មេរិក​​ Donald Trump និង​ស្រ្តីទី១ Melania Trump។ រូប​​ថ​ត​ AFP


វិធានការ​ហាមប្រាម​ថ្មីនេះ​បានដាក់​ចេញ​បន្ទាប់ពី​មានការជជែក​ដេញដោល​ជាច្រើនខែ​ជុំវិញការ​ពាក់អាវ​អាបាយ៉ាស​ នៅ​ក្នុងសាលារដ្ឋ​បារាំង។ សម្លៀកបំពាក់​បែបនេះ ត្រូវបាន​ពាក់កាន់តែ​ច្រើននៅក្នុង​សាលារៀន ដែលនាំ​ឱ្យ​មានការបែងចែក​បក្សពួក និងនិន្នាការ​នយោបាយ ដោយ​គណបក្ស​ស្តាំនិយម​បានជំរុញ​ឱ្យមានការ​ហាមឃាត់ ខណៈដែល​គណបក្សឆ្វេងនិយម​បានសម្តែងការ​ព្រួយបារម្ភ​ចំពោះ​សិទ្ធិ​ស្ត្រី និងកុមារី​មូស្លីម»។​


រដ្ឋមន្ត្រី​ក្រសួងអប់រំ​បានសង្កត់ធ្ងន់​ថា ៖ «អាណាចក្រ​និយម​មានន័យ​ថា ​សេរីភាព​ក្នុងការរំដោះ​ខ្លួន​ ចេញ​ពី​សាសនានិយម ​តាមរយៈ​សាលារៀន»។ លោកបានលើក​ហេតុផល​ថា ៖ «សម្លៀកបំពាក់​អាបាយ៉ាស​គឺជា​អត្តសញ្ញាណ​មួយដែល​រំខាន​ដល់គុណ​តម្លៃ​អាណាចក្រនិយម​នៅក្នុង​សាលារៀន»។​

លោកបាន​រំលេច​ថា លោកនឹង​ដាក់ចេញ​ច្បាប់​នេះឱ្យ​បានជាក់លាក់​សម្រាប់​អនុវត្ត​នៅទូទាំង​ប្រទេស​ទាំងមូល ឱ្យ​បានមុនពេល​សាលា​បើក​បវេសនកាល​ឡើងវិញ​បន្ទាប់ពី​វិស្សមកាល​រដូវក្តៅ។ គួររំឭក​ថា កាលពី​ឆ្នាំ២០១០ ប្រទេស​បារាំងបានចេញ​ច្បាប់​មិនឱ្យ​ពាក់​ស្បៃមុខ​នៅទី​សាធារណៈ ដែលកាលនោះ បានធ្វើ​ឱ្យ​សហគមន៍​មូស្លីម​ចំនួន ៥ លាន​នាក់នៅប្រទេស​បារាំង​មានការខឹង​សម្បារ​យ៉ាងខ្លាំង។​

ជាការកត់​សម្គាល់ ប្រទេស​បារាំង​បានអនុវត្ត​ការហាម​ឃាត់យ៉ាង​តឹងរ៉ឹង​ទៅលើ​សញ្ញា​សាសនា​ណាមួយ​នៅតាម​សាលារៀន រាប់ចាប់​តាំង​ពី​សតវត្សទី១៩ មកក្នុង​នោះក៏មាន​ទាំង​និមិត្ត​សញ្ញា​គ្រីស្ទាន​ដូចជា​ឈើឆ្កាង​ធំៗ​ជាដើម ក្នុងគោលបំណង​ទប់ស្កាត់​ឥទ្ធិពល​និកាយ​កាតូលិក​នៅក្នុង​ប្រព័ន្ធអប់រំ​សាធារណៈ។​

ប៉ុន្មានឆ្នាំ​កន្លងមក​នេះ បារាំង​បានធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ជាច្រើន ដើម្បី​បត់បែន​ទៅតាម​ការផ្លាស់ប្តូរ​ចំនួន​ប្រជាជន​របស់ខ្លួន ដែលឥឡូវ​នេះ បារាំង​បានហាមឃាត់​កន្សែង​រុំក្បាល​របស់​មូស្លីម និងមួក​មួយ​ប្រភេទ​របស់​ជន​ជាតិ​ជ្វីហ្វ (Kippa) ប៉ុន្តែ​សម្លៀក​បំពាក់​អាបាយ៉ាស​នេះ នៅមិនទាន់​ត្រូវបាន​ហាមឃាត់​ទាំងស្រុង​នៅឡើយទេ។​

​នៅប្រទេស​បារាំង ការជជែក​វែកញែក​អំពី​និមិត្ត​សញ្ញា​ឥស្លាម​បានកើនឡើង​គួរឱ្យ​កត់សម្គាល់ ពោល​គឺចាប់តាំង​ពីជនភៀសខ្លួន​ជន​ជាតិ ឆិនឆិន (Chechen) ម្នាក់បាន​កាត់​ក្បាល​គ្រូ​បង្រៀន​ម្នាក់​ឈ្មោះ​ថា​សាមូល ផាទី (Samuel Paty)ដែលគ្រូ​បង្រៀន​ម្នាក់នេះ​បានបង្ហាញ​រូប​សិស្ស​របស់​ព្យាការីម៉ូហាម៉ាដ (Mohammed) ក្បែរ​សាលារៀន​នៅជាយក្រុង​ប៉ារីស​ក្នុង​ឆ្នាំ២០២០។​

នេះគឺជា​ការសម្រេច​ចិត្ត​ដ៏សំខាន់​លើកដំបូង​របស់​លោក អាតាល ដែលមាន​វ័យ​ទើបតែ ៣៤ ឆ្នាំ។ លោក​បានក្លាយជារដ្ឋមន្ត្រី​ក្រសួងអប់រំ​បារាំង​កាលពី​រដូវក្តៅ ក្រោមការតែងតាំង​របស់​ប្រធានាធិបតី​ អេម៉ានូអែល ម៉ាក្រុន(Emmanuel Macron)។ ដោយឡែក ក្រុមប្រឹក្សា​បារាំង​នៃ​ជំនឿ​អ៊ីស្លាម ឬហៅកាត់​ថា CFCM បានលើកឡើង​ថា សម្លៀក​បំពាក់​តែម៉្យាង​មិនអាច​ចាត់ទុក​ថា​ជាសញ្ញា​សាសនា​នោះទេ៕​