ប៉ុន្មានថ្ងៃ​បន្ទាប់ពី​ក្លាយជា​ប្រទេស​ដំបូងគេ​បង្អស់​ ដែលចុះចត​បានដោយ​ជោគជ័យ​នៅក្បែរ​ប៉ូល​ខាងត្បូង ​នៃឋានព្រះចន្ទ​ដែលជាផ្នែកមួយ​ដែលមិនទាន់​មានការ​រុករក ពេលនេះ​ទីភ្នាក់ងារ​អវកាស​របស់​ប្រទេស​ឥណ្ឌា បាននិយាយថា ខ្លួន​នឹងបាញ់​បង្ហោះផ្កាយ​រណប​មួយបន្ថែមទៀត​ដើម្បី​ស្ទង់ ឬសិក្សា​ពី​ព្រះអាទិត្យ។

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (Isro) បានឱ្យដឹង​នៅលើ​កម្មវិធី X ថា ការបាញ់​បង្ហោះ Aditya-L1 ដែលជាយាន​សង្កេតការណ៍​ឥណ្ឌា​ដំបូងគេ​ទៅដាក់​មូលដ្ឋាន​លើ​ទីអវកាស​ គឺធ្វើ​ឡើង​ក្នុងគោលបំណង​សិក្សា​អំពី​ព្រះអាទិត្យ ហើយការបាញ់​បង្ហោះ​យាននេះ​ត្រូវបាន​កំណត់​ពេលរួចរាល់​ហើយគឺ​នៅថ្ងៃ​ទី ២ ខែកញ្ញា។

Aditya ជាភាសា​ហិណ្ឌូ​ដែលមាន​ន័យថា «ព្រះអាទិត្យ» នឹងត្រូវ​បានបាញ់​ចូលទៅ​ក្នុង​គន្លង halo ដែលមាន​ចម្ងាយ​ប្រមាណ ១.៥ លាន​គីឡូម៉ែត្រ​ពី​ផែនដី។ ប្រសិនបើ​ការបាញ់​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យនោះ​វានឹង​បង្ហាញ​ទិដ្ឋភាព​ច្បាស់ៗ​បន្ថែមជា​បន្តបន្ទាប់​ពី​ព្រះអាទិត្យ។


Isro ​បាននិយាយ​ថា៖ «ការបាញ់​នេះ​នឹងផ្តល់​នូវ​អត្ថប្រយោជន៍​កាន់តែច្រើន​ជុំវិញ​ការសង្កេត​មើល​សកម្មភា​ព​ព្រះអាទិត្យ និងឥទ្ធិពល​របស់​វា​ទៅលើ​អាកាសធាតុ​ក្នុងលំហ​តាមពេល​វេលា​ជាក់លាក់»។

យានអវកាស Aditya នឹងផ្ទុក payloads ចំនួន ៧ ដើម្បី​សង្កេត​មើល​ស្រទាប់​ខាងក្រៅ​បំផុត​របស់​ព្រះអាទិត្យ ដែលត្រូវ​បានគេ​ស្គាល់​ថា​ ជាហ្វូតូស្វ៊ែរ និងក្រូម៉ូសូម រួមទាំង​ឧបករណ៍​ចាប់​សញ្ញា​អេឡិច​ត្រូម៉ាញេទិក និងភាគ​ល្អិត។


សូម​ជម្រាប​ថា ប្រទេស​ឥណ្ឌា​ មានកម្មវិធី​អវកាស ​ដែលមាន​តម្លៃ​ទាបបំផុត​មួយ​បើប្រៀបធៀប​នឹងបណ្តាលប្រទេស​ដទៃ ហើយចាប់តាំង​ពីការបញ្ជូន​យានអវកាស​លើកដំបូង ទៅកាន់​គន្លង​ព្រះចន្ទ​ក្នុង​ឆ្នាំ ២០០៨ វិស័យ​អវកាស​ឥណ្ឌា​ផ្តើម​មានសន្ទុះ​ខ្លាំង​ឡើងៗ។

អ្នកជំនាញ​និយាយ​ថា ប្រទេស​ឥណ្ឌា​នឹងអាចរក្សា​ការចំណាយ​ទាប​ទៅលើ​ការរុករក​ទីអវកាស តាមរយៈការចម្លង និងច្នៃ​បច្ចេកវិទ្យា​ដែលមាន​ស្រាប់ ប៉ុន្តែ​គេក៏មិនត្រូវ​ភ្លេច​ដែរ វិស្វករ​ជំនាញ​ខ្ពស់ៗ​ក្នុង​វិស័យ​អវ​កាស​របស់​ឥណ្ឌា៕

លោក James Roberts។