អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គា​រ ថា រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ​លោក James Cleverly នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ នៅ​ថ្ងៃទី ៣០​​ ខែ​សីហា ដោយ​ភាគី​ទាំង​ពីរ​ នឹង​ពិភាក្សា​​ផ្លាស់ប្តូរ​លើ​បញ្ហា​ដែលគួរ​ឱ្យ​ព្រួយ​បារម្ភ។

​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ​លោក Wang Wenbin បាននិយាយយ៉ាង​ខ្លាំង​ថា «ភាគី​ទាំងពីរ​នឹងមាន​ការផ្លាស់ប្តូរ​ស៊ី​ជម្រៅ​លើ​បញ្ហា​នៃ​ការព្រួយបារម្ភ» នៅ​ពេល​ត្រូវបាន​សួរ​អំពី​ដំណើរ​ទស្សន​កិច្ច​នៅឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ធ្វើ​ឡើង​ជា​ទៀងទាត់​នោះ។

សារ​ព័ត៌មាន AP ដែល​មាន​មូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក បាន​ដក​ស្រង់សម្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ដូច​ដែល​បាន​និយាយថា៖​«យើង​សង្ឃឹម​ថា​ភាគី​អង់គ្លេស ​នឹង​ធ្វើ​ការ​ជាមួយ​យើង ​ដើម្បី​លើក​កម្ពស់​ស្មារតី​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក ​ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរកាន់​តែ​ស៊ីជម្រៅ បង្កើន​ការ​យល់​ដឹង​គ្នា​ទៅវិញ​ទៅ​មក និង​ជំរុញការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​នៃ​ទំនាក់​ទំនង​ចិន-អង់គ្លេស»​។


លោក​រដ្ឋមន្ត្រី​ Cleverly ត្រូវបាន​គេ​រំពឹងថា ​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ កាល​ពី​ចុង​ខែ​កក្កដា​ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​​នា​ពេល​នោះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ ដោយ​កាល​នោះ ប្រទេស​ចិន ​ប្រឈម​ការ​មើល​ឃើញ​ពីភាព​មិន​ច្បាស់​នៃ​អវត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​លោក Qin Gang៕