អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត្រា (Thaksin Shinawatra) កំពុងរៀបចំឯកសារព្រាងដើម្បីដាក់សំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែថាតើលោកនឹងដាក់សំណើនោះជូនទៅកាន់ព្រះមហាក្សត្រនៅពេលណានោះ គឺជាឆន្ទានុសិទ្ធិរបស់លោកនេះជាការលើកឡើងរបស់មេធាវីលោកកាលពីថ្ងៃពុធ ម្សិលមិញ។
លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសថៃវិញកាលពីសប្តាហ៍មុន បន្ទាប់ពីលោកបានរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំ។ លោកបានធ្វើដំណើរទៅដល់ប្រទេសថៃវិញតាមយន្តហោះឯកជនមួយហើយក៏ត្រូវបានក្រុមប៉ូលិសចាប់ខ្លួន
និងផ្ទេរទៅពន្ធនាគារដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ដែលលោកបានប្រព្រឹត្តតាំងពីលោកនៅកាន់អំណាចជានាយករដ្ឋមន្ត្រី។
ភ្លាមៗបន្ទាប់ពីការធ្វើដំណើររបស់លោក ថាក់ស៊ីន ទៅដល់ប្រទេសថៃលោក ស្រេតថា ថាវីស៊ីន (SretthaThavisin)មកពីគណបក្សភឿថៃដែលគាំទ្រដោយគ្រួសារស៊ីណាវ៉ាត្រា បានទទួលបានការបោះឆ្នោតគាំទ្រពីសភា ក្លាយជានាយករដ្ឋមន្ត្រីថៃទី ៣០ ក្នុងថ្ងៃតែមួយផងដែរ។ ការណ៍នេះបានធ្វើឱ្យសាធារណៈជនមានការសង្ស័យថា លោក ថាក់ស៊ីន ទំនងជាបានធ្វើកិច្ចព្រមព្រៀងសម្ងាត់ណាមួយជាមួយបណ្ដាគណបក្សយោធាអភិរក្សនិយម និងរាជានិយមដែលបានដកលោកចេញពីអំណាចក្នុងឆ្នាំ ២០០៦ និងឆ្នាំ២០១៤។
យ៉ាងណាក៏ដោយ លោក ថាក់ស៊ីន និងគណបក្សភឿថៃបានបដិសេធជុំវិញការចោទសួរអំពីការធ្វើកិច្ចព្រមព្រៀងសម្ងាត់នេះ។ គួរដឹងដែរថា នៅយប់ដំបូងបន្ទាប់ពីលោកទៅដល់ប្រទេសថៃ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសដោយសារតែលោកមានអាការៈឈឺទ្រូង និងមានជំងឺលើសឈាម។ កាលពីថ្ងៃពុធមេធាវីរបស់លោក លោក វីនយ៉ាត ឆាតម៉ុនទ្រី (WinyatChartmontri) បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រថា «អតីតនាយករដ្ឋមន្ត្រីកំពុងរៀបចំសំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ»។
លោក វីនយ៉ាត បានលើកឡើងថា «លោក ថាក់ស៊ីន កំពុងដំណើរការឯកសារដោយខ្លួនឯងហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារនិងពង្រាងសំណើ»។ លោកបានបន្ថែមថា «ក្រុមអ្នកច្បាប់មិនទាន់បានឃើញខ្លឹមសារនៅក្នុងសំណើនេះទេ»។លោក វីនយ៉ាត បានរំលេចថា ការដាក់សំណើនេះជូនទៅកាន់ព្រះមហាក្សត្រនៅពេលណានោះ គឺជាឆន្ទានុសិទ្ធិរបស់លោក ថាក់ស៊ីន ផ្ទាល់។
បើទោះជាបានឃ្លាតឆ្ងាយពីប្រទេសកំណើតអស់រយៈពេល ១៥ ឆ្នាំក៏ដោយក៏លោក ថាក់ស៊ីន នៅតែប្រកាន់យកនយោបាយប្រជានិយមដូចជាការថែទាំសុខភាពជាសកលនិងការឧបត្ថម្ភសាច់ប្រាក់ជាដើម។ ជាការកត់សម្គាល់ គណបក្សដែលស្មោះត្រង់នឹងលោកបានឈ្នះរាល់ការបោះឆ្នោតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ពោលគឺរហូតដល់ឆ្នាំ ២០២៣ តែម្ដង។
ដោយឡែក ក្រុមប្រឆាំង ថាក់ស៊ីន បានដាក់ញត្តិទៅកាន់នាយកដ្ឋានកែតម្រូវ (Corrections Department) ដើម្បីស្នើឱ្យធ្វើការរារាំងរាល់ការប៉ុនប៉ងសុំការលើកលែងទោសរបស់លោក ថាក់ស៊ីន ដោយពួកគេបានលើកហេតុផលថា ករណីពុករលួយមិនគួរទទួលបានការលើកលែងទោសនោះឡើយ។