ក្នុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​អ៊ីតាលី ដែល​ហាក់​មិន​ទុក​ចិត្ត​ចំពោះ​ទំនាក់​ទំនង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​ចិន រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi)​នៅ​តែ​កោត​សរសើរ​ចំពោះ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ ២ ​ក្នុង​គម្រោង​គំនិតផ្តួច​ផ្តើម​ផ្លូវសូត្រ។

លោក​ វ៉ាង យី បាននិយាយថា ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​អ៊ីតាលី​ ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ដែល​ដឹកនាំ​ដោយ​ទីក្រុង​ប៉េកាំង ទទួល​បាន​ផ្លែផ្កា ដោយ​ផលិតផល​អ៊ីតាលី​ដែលមាន​គុណភាព​ខ្ពស់​បាន​ចូល​ដល់ «រាប់ពាន់​គ្រួសារ» នៅក្នុង​ប្រទេស​ចិន។

រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន បាន​ប្រាប់​ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​ លោក​ Antonio Tajani ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «មិត្តភាព​រាប់ពាន់​ឆ្នាំ​ដែល​ទទួល​បាន​ពី​វិថី​សូត្រ​បុរាណ​នៅ​បន្ត​កើត​មាន​ត​ទៅ​មុខ​ទៀត »។


ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ដក​ស្រង់​​សម្តី​លោក វ៉ាង យី ដូច​ដែល​បាន​និយាយ​ ថា «ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ទំ​ហំ​ពាណិជ្ជកម្ម​រវាង​ចិន ​និង​អ៊ីតាលី​បាន​កើន​ឡើង​ពី ៥០ ពាន់​លាន​ដុល្លារ​ដល់​ជិត ៨០ ពាន់​លាន​ដុល្លារ ហើយ​ការនាំចេញ​របស់​អ៊ីតាលី​ទៅកាន់​ប្រទេស​ចិន​បាន​កើនឡើង​ប្រហែល៣០ភាគរយ» ។

នៅ​ឆ្នាំ ២០១៩​ ប្រទេស​អ៊ីតាលី​បាន​ក្លាយជា​ប្រទេស​លោក​ខាង​លិច​ដ៏​សំខាន់​ដំបូង​គេ​ដែល​ចូលរួម​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​សកល​ដែល​យក​គំរូ​តាម​គំនិត​នៃ​ផ្លូវ​សូត្រ​ចាស់​ដែល​បាន​ត​ភ្ជាប់​ចក្រភព​ចិន និង​លោក​ខាង​លិច​រាប់​ពាន់​ឆ្នាំ​មុន។


ប៉ុន្តែ​ប្រទេស​អ៊ីតាលី ដែល​ជា​ក្រុម​តែមួយ​គត់​នៃ​មហាអំណាច​ទាំង​ប្រាំពីរ​ហៅ​កាត់​ថា G-7 ដែល​បាន​ចុះ​ហត្ថលេខា​ចាប់​តាំង​ពី​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ផ្តួច​ផ្តើម​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនភីង (Xi Jinping) ​ពេល​លោក​ឡើង​កាន់​អំណាច​កាល​ពីមួយ​ទស​វត្សរ៍​មុន​នោះ​ បាន​សម្តែង​ការសង្ស័យ​លើ​សមាជិកភាព​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ។

ឧបនាយករដ្ឋមន្ត្រីTajani បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មុន​ពេល​ចាកចេញ​ទៅកាន់​ប្រទេស​ចិន​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​មិនមាន​ភាព​ប្រសើរ​ឡើង​ទេ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​រ៉យទ័រ។​

Tajani បាន​និយាយថា «ផ្លូវ​សូត្រ​មិន​បាន​នាំមក​នូវ​លទ្ធផល​ដែល​យើង​រំពឹង​ទុក​នោះទេ។ យើង​នឹង​ត្រូវ​វាយ​តម្លៃ សភា​នឹង​ត្រូវ​សម្រេច​ថា​តើ​គួរ​បន្ត​ការចូលរួម​របស់​យើង​ឬ​អត់»។

ទីក្រុង​រ៉ូម​មាន​ពេល​រហូតដល់​ខែធ្នូ ដើម្បី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ជា​ផ្លូវការ ដែល​ផុត​កំណត់​នៅ​ខែ​មីនា ឆ្នាំ ២០២៤។ បើ​មិន​ដូច្នេះ​ទេ ​សមាជិកភាព​នេះ​នឹងត្រូវ​បន្ត​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត។

ការបាត់បង់​រាល់​ការ​បញ្ចប់​នៃ​ផ្លូវ​សូត្រ​ចាស់​នឹង​ជាការ​អាម៉ាស់​ខាង​ការទូត​សម្រាប់​ប្រទេស​ចិន ដែល​រំពឹងថា​នឹង​កត់​សម្គាល់​សមិទ្ធិផល​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​នៅក្នុង​វេទិកា​អន្តរជាតិ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។

លោក វ៉ាង​ បាន​ប្រាប់ Tajani ថា ប្រទេស​ចិន និង​អ៊ីតាលី ​គួរតែ​ប្រកាន់​ខ្ជាប់​នូវ​វិធី​ត្រឹមត្រូវ​ក្នុងការ​រួម​រស់​ជាមួយគ្នា​តាម​រយៈ​ការគោរព​គ្នា​ទៅវិញ​ទៅ​មក ការបើក​ចំហ និង​កិច្ច​សហ​ប្រតិបត្តិការ។

លោក វ៉ាង​ បាន​សង្កត់​ធ្ងន់​ថា នៅ​ចំពោះមុខ «ស្ថានភាព​ថ្មី និង​ឱកាស​ថ្មី» ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​ការបើក​ចំហរ និង​ឈ្នះ-ឈ្នះ​ជាមួយ​ភាគី​ទាំងពីរ។