អ្នកវិទ្យាសាស្ត្រចិន ទទួលបានជោគជ័យក្នុងការបណ្ដុះក្រលៀនដែលមានផ្ទុកកោសិកាមនុស្សក្នុងអំប្រ៊ីយ៉ុងសត្វជ្រូក ដែលនេះគឺជាជោគជ័យលើកទី១ សម្រាប់ពិភពលោក ដែលត្រូវបានគេរំពឹងថា វាអាចជាដំណោះស្រាយដ៏ល្អសម្រាប់ការបរិច្ចាគសរីរាង្គនាពេលអនាគត។
ប៉ុន្តែយ៉ាងណា គេនៅតែមានការព្រួយបារម្ភអំពីបញ្ហាសីលធម៌ ដែលមនុស្សនឹងធ្វើទៅលើសត្វ ដូចជាករណីដែលសត្វកណ្ដុរត្រូវបានអ្នកជំនាញប្រើដើម្បីពិសោធន៍ជាដើម។
បើទោះជាយ៉ាងនេះក្ដី អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជីវវេជ្ជសាស្ត្រ និងសុខភាពក្វាងចូវ បានបង្ហាញពីជំហរដែលចង់ផ្តោតសំខាន់លើក្រលៀន ព្រោះវាជាសរីរាង្គមួយក្នុងចំណោមសរីរាង្គផ្សេងទៀតដែលអាចផ្លាស់ប្ដូរពីសរីរាង្គមួយទៅមួយទៀតបាន។
អ្នកស្រាវជ្រាវជនជាតិចិន លោក Liangxue Lai បន្ថែមឱ្យដឹងថា៖ «វិធីសាស្ត្ររបស់យើងគឺធ្វើឱ្យប្រសើរឡើងនូវការផ្ទេរកោសិកាមនុស្ស ទៅក្នុងអំប្រ៊ីយ៉ុងជ្រូក ហើយធ្វើឱ្យកោសិកានោះអាចលូតលាស់នៅក្នុងសរីរាង្គរបស់ជ្រូកបាន»។
ក្រឡេកទៅមើលវិធីសាស្ត្រដែលគេប្រើប្រាស់សម្រាប់ការពិសោធន៍នេះគឺ មុននឹងផ្សាំអំប្រ៊ីយ៉ុងនៅក្នុងសរីរាង្គរបស់មេជ្រូក ក្រុមអ្នកវិទ្យាសាស្ត្របានចិញ្ចឹមកោសិកាទាំងនោះនៅក្នុងប្រអប់រួចជាស្រេចហើយ។
នៅក្នុងការពិសោធន៍ជារួម ក្រុមអ្នកវិទ្យាសាស្ត្របានផ្ទេរអំប្រ៊ីយ៉ុងចំនួន ១៨២០ ចាក់ចូលទៅក្នុងសរីរាង្គរបស់មេជ្រូកចំនួន ១៣ ក្បាល។ ក្នុងរយៈពេល ២៥ ទៅ ២៨ ថ្ងៃក្រោយមក មេជ្រូកទាំង ១៣ ក្បាល នោះក៏មានផ្ទៃពោះជាមួយកោសិការបស់មនុស្ស។
ក្នុងចំណោមអំប្រ៊ីយ៉ុងដែលបានចាក់ចូលទៅក្នុងសរីរាង្គជ្រូក អ្នកវិទ្យាសាស្ត្របានរើសយកអំប្រ៊ីយ៉ុងចំនួន ៥ សម្រាប់យកមកវិភាគ ហើយបានរកឃើញថាពួកគេមានតម្រងនោមធម្មតាសម្រាប់ដំណាក់កាលនៃការអភិវឌ្ឍរបស់ពួកគេ ដោយចាប់ផ្តើមលូតលាស់បង្ហួរនោម ហើយដែលនៅទីបំផុតនឹងភ្ជាប់ទៅនឹងប្លោកនោម។ ជាលទ្ធផល អំប្រ៊ីយ៉ុងទាំងនោះផ្ទុកកោសិកាមនុស្សពី ៥០ ទៅ ៦០ ភាគរយ។
ដោយឡែក អ្នកវិទ្យាសាស្ត្រក៏នៅមានការព្រួយបារម្ភ ដោយពួកគេបានរកឃើញកោសិកាប្រសាទ របស់មនុស្សតិចតួចណាស់នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នងរបស់ជ្រូក។
ជាមួយនឹងភាពជោគជ័យដំណាក់កាលទី ១ នេះ អ្នកវិទ្យាសាស្ត្រគ្រោងនឹងបន្តអនុញ្ញាតឱ្យក្រលៀនលូតលាស់ក្នុងរយៈពេលយូរជាងនេះ ដើម្បីបន្តតាមដានពីភាពប្រែប្រួលបន្ថែមទៀត។ ម្យ៉ាងទៀតពួកគេក៏កំពុងស្រាវជ្រាវលើការចិញ្ចឹមសរីរាង្គមនុស្សផ្សេងទៀតនៅក្នុងសរីរាង្គជ្រូក ដូចជាបេះដូង និងលំពែងជាដើម៕