បន្ទាប់ពីជួបប្រធានាធិបតីរុស្ស៊ីនិយាយពីរឿងរុស្ស៊ី ចង់វិលចូលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិវិញ បានប៉ុន្មានថ្ងៃនៅមុនកិច្ចប្រជុំក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ G-20 ប្រធានាធិបតីតួកគីលោក រីស៊ីប តាយយីប អឺដូហ្គាន (Recep Tayyip Erdogan) នៅក្នុងកិច្ចប្រជុំកំពូលនៃ G-20 នៅប្រទេសឥណ្ឌា កំពុងជំរុញឱ្យមេដឹកនាំក្រុមប្រទេស G-20 មួយចំនួនឆ្លើយតបនឹងការទាមទារមួយចំនួនរបស់រុស្ស៊ី ដើម្បីព្យាយាមស្តារកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិឡើងវិញ។
សារព័ត៌មាន Bloomberg បាននិយាយដោយដកស្រង់សម្តីមន្ត្រីតួកគីដែលបានដឹងរឿងអំពីកិច្ចប្រជុំរបស់មេដឹកនាំនៃក្រុមប្រទេស G-20 ដោយបាននិយាយថា លោក អឺដូហ្គាន កំពុងធ្វើការជំរុញនៅក្នុងកិច្ចប្រជុំបិទទ្វារជាមួយមេដឹកនាំក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូដេលី (New Delhi) នៅចុងសប្តាហ៍នេះ។
យោងតាមការចេញផ្សាយនោះ មន្ត្រីតួកគីដែលស្គាល់ពីការពិភាក្សាក្នុងកិច្ចប្រជុំកំពូលនោះបាននិយាយថា តួកគីកំពុងស្នើសុំឱ្យមេដឹកនាំពិភពលោក «ជួយសម្រួលដល់ការធានារ៉ាប់រងលើការនាំចេញអាហារ និងជីរបស់រុស្ស៊ីដោយធានា Lloyd''s មានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងដើម្បីភ្ជាប់ទីក្រុងម៉ូស្គូទៅនឹងប្រព័ន្ធ SWIFTឡើងវិញសម្រាប់ការទូទាត់ជាអន្តរជាតិ»។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយថា តួកគីកំពុងប្រាប់សមភាគីលោកខាងលិចរបស់ខ្លួនថា មធ្យោបាយស្តារកិច្ចព្រមព្រៀងឡើងវិញគឺបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ដែលរារាំងទីក្រុងម៉ូស្គូពីការនាំចូលឧបករណ៍កសិកម្ម។
កាលពីដើមខែមីនាឆ្នាំ២០២២ គឺប៉ុន្មានសប្តាហ៍ក្រោយរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន សហភាពអឺរ៉ុបបានដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដែលមានបំណងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយ និងគ្មានធនធានហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ដល់សង្គ្រាមនៅអ៊ុយក្រែន៕