មេ​ដឹកនាំ​ប្រស៊ីល​ដែលនឹង​ធ្វើជាម្ចាស់ផ្ទះ​​​រៀបចំ​កិច្ច​ប្រជុំ​​ក្រុមប្រទេ​ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រីក​​លួតលាស់​ ហៅ​កាត់ថា G-20 នៅ​ឆ្នាំ​២០២៤ បាន​អះអាងថា​ វត្តមាន​​ចូលរួម​ប្រជុំ​របស់​ប្រធានាធិបតី​​រុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន​ នឹង​មិនត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​របស់​លោក​ឡើយ។

​​ដោយ​ប្រឈម​​ការ​ចាប់ខ្លួន​​តាមដីកា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​បាន​ចេញ​កាល​ពីខែមីនា​ឆ្នាំ​នេះដោយ​ការ​ចោទ​ប្រកាន់​លោក​ពាក់​ព័ន្ធជុំ​វិញ​ឧក្រិដ្ឋកម្ម​សង្គ្រាម លោក វ៉្លាឌីមៀរ ពូទីន បាន​រំលង​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ​ជា​ច្រើន​ រួម​ទាំង​​កិច្ច​ប្រជុំ​កំពូល BRICS នៅ​ប្រទេសអាហ្រិ្វក​ខាងត្បូង កិច្ច​ប្រជុំ​កំពូល​​​អាស៊ាន-រុស្ស៊ី​នៅ​ប្រទេសឥណ្ឌូនេស៊ី និង​កិច្ច​ប្រជុំ​កំពូល​​ G-20នៅ​ប្រទេសឥណ្ឌា​​ដែលបិទ​បញ្ចប់​នៅថ្ងៃ​អាទិត្យ​នេះ។

​នៅ​ឯកិច្ច​ប្រជុំ​ G-20​ នៅ​ប្រទេសឥណ្ឌា​ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Luiz Inacio Lula da Silva បាន​​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នឹងមិន​ត្រូវបាន​គេ​​ចាប់​ខ្លួន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ទេ ប្រសិនបើ​គាត់​ចូលរួម​កិច្ចប្រជុំ​​G-20 នៅ​ទីក្រុង​រី​យ៉ូ ដឺ ហ្សា​ណេ​រ៉ូ ក្នុង​ឆ្នាំ២០២៤​។


សម្ភាស​​នៅ​​ខាង​ក្រៅ​កិច្ចប្រជុំ G-20 នៅ​ទីក្រុង​ដេលី​ដោយ​កម្មវិធី​ព័ត៌មាន Firstpost លោក Lula បាន​និយាយថា​លោក​ពូទីន​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ ២០២៤ ដោយ​​បន្ថែមថា​លោក​ផ្ទាល់​មាន​គម្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ BRICS នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដែល​នឹង​កំណត់​ធ្វើ​ឡើង​​នៅ​ប្រទេស​រុស្ស៊ី​មុនពេល​​កិច្ច​ប្រជុំ​​​G-20​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​​ទីក្រុង​រីយ៉ូ។

ប្រធានាធិបតី​ប្រេស៊ីល​បាន​និយាយថា៖«​ខ្ញុំ​ជឿថា​ពូ​ទីន​អាច​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​យ៉ាង​ងាយស្រួល»។ អ្វីដែល​ខ្ញុំ​អាច​និយាយ​ទៅកាន់​អ្នក​បាន​នោះ​គឺថា ប្រសិនបើ​ខ្ញុំ​ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល ហើយ​គាត់​មក​ប្រទេស​ប្រេ​ស៊ី​ល វា​គ្មាន​ផ្លូវ​ដែល​គាត់​នឹងត្រូវ​ចាប់ខ្លួន​នោះទេ»។


តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​លោក ពូ​ទីន កាលពី​ខែមីនា ដោយ​ចោទប្រកាន់​លោក​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្នុងការ​និរទេស​កុមារ​រាប់រយ​នាក់​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់ ប៉ុន្តែ​​ រុស្ស៊ី​បាន​បដិសេធថា កងកម្លាំង​របស់ខ្លួន​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​បាន​បង្ខំ​កុមារ​អ៊ុយ​ក្រែ​ន៕