​ប្រធានាធិបតីប្រេស៊ីល ​ដែល​ទើប​កាន់តួនាទី​ជាង​កន្លះឆ្នាំ លោក Luiz Inacio Lula da Silva បាន​និយាយ​ដោយ​មាន​ការ​ថ្លឹងថ្លែង​​​ដោយ​មាន​តុល្យភាព​អំណាច​​ជាថ្មី ថា ​​ដី​កាចាប់ខ្លួន​​​លោក​ ពូទីន​ នឹង​ចេញ​ដោយ​​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ប្រេស៊ីល មិន​មែន​ដោយ​រដ្ឋាភិបាល​​របស់​លោកនោះទេ។

ការអត្ថាធិប្បាយ​ជាថ្មី​របស់​លោក Lula da Silv កើត​ឡើង​ត្រឹមតែ​មួយថ្ងៃ​បន្ទាប់​ពី​​​លោក​​និយាយប្រាប់​​អ្នកសារព័ត៌មាន​នៅ​ក្នុង​ប្រទេសឥណ្ឌា ដោយ​មាន​ការ​​ធានា​អះអាង​ថា រដ្ឋាភិបាលរបស់​នឹង​​មិន​​ចាប់​ខ្លួន​​ប្រធានាធិបតី​​រុស្ស៊ី លោក​ វ៉្លាឌីមៀ​ ពូទី​ន ប្រសិន​បើ​ប្រធានាធិបតី​​ប្រទេស​មហា​អំណាច​​ដែល​​សង្ស័យ​​​ប្រព្រឹត្តិឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន នឹង​ត្រូវ​ទៅ​ចូល​រួម​ប្រជុំ​ដោយ​ផ្ទាល់​នៅ​​​​ប្រទេស​ប្រេស៊ី​ល​ ដែល​នឹង​ធ្វើ​ជាប្រធាន​នៃ​កិច្ច​ប្រជុំ​​ក្រុមប្រទេសអភិវឌ្ឍន៍​សេដ្ឋកិច្ច (G-20) នៅ​ឆ្នាំ​ ២០២៤។

​យោង​តាម​​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បញ្ហា​នៃ​ការចាប់ខ្លួន​ប្រធានា ធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងអំឡុងពេល​ទស្សន​កិច្ច​របស់លោក​ទៅកាន់​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ប្រេ​ស៊ី​ល ​ក្នុង​ឆ្នាំ​ ២០២៤ នឹងត្រូវ​ពិចារណា​ដោយ​តុលាការ​របស់​ប្រទេស​នេះ​។


ទីភ្នាក់ងារ​ព័ត៌មាន​​រ៉​យ​ទ័​រ​បា​ន​ដកស្រង់​សម្តី​​ប្រធានាធិបតី​ប្រេស៊ីលថា៖‍ «ប្រសិនបើ​លោកពូ​ទីន​សម្រេចចិត្ត​ចូលរួម [កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំក្រោយ] ការសម្រេចចិត្ត [លើ​ការចាប់ខ្លួន​ដែល​អាច​កើតមាន] គឺ​ស្ថិតនៅក្នុង​អំណាច​របស់​តុលាការ មិនមែន​រដ្ឋាភិបាលរ​បស់​ខ្ញុំ​ទេ»។

កាលពី​ថ្ងៃទី ៩ ​ខែកញ្ញា នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ឥណ្ឌា Firstpost លោក Lula da Silva បាន​និយាយថា ដរាបណា​​លោក​នៅ​កាន់​អំណាច​​ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល «គាត់​[ពូ​ទីន] នឹងមិន​ត្រូវបាន​គេ​ចាប់ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​នោះទេ»​។